ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រទេសប្រជុំកោះនៅមហាសមុទ្រឥណ្ឌាដាច់ស្រយាលគឺម៉ាល់ឌីវនឹងសាងសង់ទីក្រុងបណ្តែតទឹកដំបូងបង្អស់របស់ពិភពលោក ដែលយកគំរូតាមរូបរាងខួរក្បាលរបស់មនុស្សនៅតំបន់ថ្មប៉ប្រះទឹកមួយ។
ស្ថិតនៅចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រពីប្រទេសឥណ្ឌា ប្រទេសទាបបំផុតរបស់ពិភពលោកមួយនេះសង្ឃឹមថានឹងរកឃើញដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះការពិតនៃការកើនឡើងកម្រិតទឹកសមុទ្រ។
ដោយមានជំនួយតិចតួចពីប្រទេសហូឡង់ដែលកំពុងតស៊ូនឹងកម្រិតទឹកសមុទ្រដែរនោះ ទីក្រុងអណ្តែតទឹកម៉ាល់ឌីវបានទទួលភ្លើងខៀវដើម្បីសាងសង់លំនៅដ្ឋានចម្រុះពណ៌ចំនួន ៥.០០០ ខ្នងដែលចងភ្ជាប់ជាមួយគ្នានិងបោះយុថ្កាទៅបាតបឹងទឹកប្រៃទំហំ ៥០០ អារ (២០២ ហិកតា)។
ភ្ញៀវទេសចរទៅកាន់ទីក្រុងបណ្តែតទឹកថ្មីនេះនឹងត្រូវជិះទូករយៈពេលដប់នាទីពីរដ្ឋធានីម៉ាល់ (Malé) និងអាកាសយានដ្ឋានអន្តរជាតិ ជាកន្លែងដែលពួកគេនឹងស្វែងរកសណ្ឋាគារ ផ្ទះសម្បែង ហាង និងភោជនីយដ្ឋាន។
ទីក្រុងនេះនឹងមិនមានរថយន្តទេ ប៉ុន្តែមនុស្សនឹងធ្វើដំណើរតាមផ្លូវខ្សាច់សដោយថ្មើរជើង កង់ ឬកង់អគ្គិសនី និងម៉ូតូ ឬពួកគេអាចឡើងជិះលើទូកនិងជិះនាវាតាមព្រែកជីក។
ព្រែកជីកនឹងក្លាយជាសរសៃឈាមហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ភស្តុភារនិងច្រកចូលទីក្រុងសម្រាប់ទូកនិងនាវា។
ទីក្រុងបណ្តែតទឹកនេះនឹងចាប់ផ្តើមសាងសង់នៅខែមករាឆ្នាំ២០២៣ ហើយគ្រោងសង់រួចរាល់ក្នុងរយៈពេលប្រាំឆ្នាំ៕
ទីក្រុងបណ្តែតទឹករបស់ម៉ាល់ឌីវទទួលបានភ្លើងខៀវដើម្បីសាងសង់ហើយ