ដោយ:បញ្ញាសាស្រ្ត/កំពង់ធំ:មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានថ្លែងថាការទទួលបានសេវាហិរញ្ញវត្ថុរបស់សហគ្រិនស្រ្តី ប្រៀបបានដូចជាការទទួល​ឱសថដ៏សក្តិសិទ្ធដើម្បីលើកកម្ពស់សហគ្រិនភាពជាស្រ្តីក្នុងការបំប៉នអាជីវកម្ម និងធ្វើឲ្យ​អាជីវកម្ម​​​ឲ្យកាន់តែរីក ចម្រើនបន្ថែមទៀត។


នេះជាការលើកឡើងរបស់លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ដែលបានថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ហិរញ្ញវត្ថុ​​ឌីជីថលសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ និងសហគ្រិនភាពរបស់សហគ្រិនស្ត្រី”ដែលប្រារព្វធ្វើនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នាសណ្ឋាគារ កំពង់ធំរូយ៉ាល់ខេត្តកំពង់ធំដើម្បីផ្តល់ចំណេះដឹងដល់សហគ្រិនស្រ្តីពាក់ព័ន្ធនឹងការប្រើប្រាស់មធ្យោបាយ និង​ផេ្លតហ្វម​ឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងសហគ្រិនភាពរបស់​សហគ្រិន។

លោក រ័ត្ន សុវណ្ណនរៈបានបញ្ជាក់ឲ្យដឹងដែរថាការបើកវគ្គបណ្តុះបណ្តាលនេះវាគឺជាការចាប់ផ្តើមអនុវត្តគម្រោង​ “ការជំរុញ​សហគ្រិន​ភាព​របស់ស្ត្រី (Catalyzing Women’s Entrepreneurship)” ដែលគាំទ្រដោយ​អង្គការ UNESCAP ដើម្បីលើកកម្ពស់​ការយល់ដឹង​ពីលទ្ធភាព​ទទួលបាននិងប្រើប្រាស់សេវា​ហិរញ្ញវត្ថុផ្លូវការរបស់សហគ្រិនស្ត្រី។

លោកបន្តទៀតថាកន្លងមកនេះការទទួលបាន​សេវាហិរញ្ញវត្ថុ​​គឺជាឧបសគ្គមួយរបស់សហគ្រិនជាស្រ្តី ដោយសារការខ្វះទ្រព្យធានា ​របាយការណ៍​ហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការបំពេញលក្ខខណ្ឌ​នៃ​ការទទួល​ឥណទាន ជាដើម។ជាមួយនេះ ដែរចាប់ពីមានវិបត្តិកូវីដ-១៩ គឺបានជះឥទ្ធិពលយ៉ាងខ្លាំង​មក​លើសេដ្ឋកិច្ច ហើយក៏បានប៉ះពាល់ដល់ដំណើរការអាជីវកម្ម ដូចជា ការធ្លាក់ចុះនូវ​ប្រាក់ចំណូល ការកកស្ទះនូវខ្សែចង្វាក់ផលិតកម្ម និងលទ្ធភាពនៃ​ការបំពេញ​កាតព្វ
កិច្ចតាមកិច្ចសន្យា​ឥណទាន​ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ខណៈសហគ្រិនទាំងនេះត្រូវការ​ប្រភពទុនបន្ថែម​ដើម្បី​បន្ត ​និងពង្រឹងដំណើរការអាជីវកម្ម។

លោកបានសង្កត់ធ្ងន់ថា ដើម្បីឲ្យការប្រើប្រាស់ហិរញ្ញវត្ថុ​ដែល​ទទួលបាន ល្អត្រឹមត្រូវនោះគឺទាមទារឲ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និងភាពវៃឆ្លាតស្របតាមទំហំនៃតម្រូវការ។ដូចនេះ តាមរយ:វគ្គបណ្តុះបណ្តាល​​នេះ ​នឹង​បង្កើន​ការ​ យល់​ដឹងជាច្រើនពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ​ឌីជីថលសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុនិងសហគ្រិនភាពរបស់សហគ្រិនស្ត្រី ក៏ដូចជាបញ្ហាប្រឈម និងលក្ខខណ្ឌដើម្បី​ទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋាន សមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួង​កិច្ចការ​នារីបានលើកឡើងថា÷វគ្គនេះគឺជាកិច្ចការសំខាន់មួយក្នុងកិច្ចសហការរបស់ធនាគារជាតិនិងក្រសួងកិច្ចការនារីដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩/២០២៥ ហើយនេះក៏ជាក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវុធីស្ដារនិងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១/២០២៣
ហើយកិច្ចការនេះក៏បានបង្ហាញអំពីការគាំទ្រដល់ការលើកម្ពស់និងការអភិវឌ្ឍសហគ្រិនស្ត្រីនិងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាក៏ជាការចូលរួមគាំទ្រដល់ស្ត្រីឲ្យធ្វើប្រពន្ធ័អេកូឡូស៊ីសហគ្រិនកម្ពុជាកាន់តែបានគិតគូសមភាពយេនឌ័រប្រកបដោយបរិយាបន្ន។

នៅក្នុងឱកាសនោះលោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាមានបំណង បង្កើតសមាគមសហគ្រិនស្រ្តីកម្ពុជាឲ្យបានគ្រប់ខេត្តដើម្បីឲ្យងាយស្រួលជួយដល់សហគ្រិនជាស្រ្តីដែលភាគច្រើនជាអាជីវកម្មខ្នាតតូច។ជាមួយនេះក៏បានស្នើឲ្យមានការជួយផ្ដល់ឥណទានមានកាប្រាក់ទាបនិងជួយស្វែងរកទីផ្សារនិងការជួយបណ្ដុះបណ្ដាលចំណេះដឹងផ្នែកបច្ចេកវិទ្យាថ្មីៗសម្រាប់ឲ្យស្ត្រីបានបង្ហាញនូវផលិតផលដែលផលិតបានទីកាន់ទីផ្សារផងដែរ។

សូមរំលឹកថាកន្លងមកធនាគារជាតិនៃកម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ក្នុងការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនទូទៅថូច ជាតាមរយៈ ការដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា​ចំណេះដឹង​ទូទៅ និងការបណ្តុះបណ្តាលគ្រូបង្គោល​​​ជាស្រ្តីនៅតាមសាលារៀន និងសហគមន៍ជាដើមទៀតផង៕សរន