​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្នុងអំឡុងពេល​ជួបប្រជុំ​ផ្ទាល់​មួយ​រវាង​នាយសេនាធិការ​កងទ័ព​ចំរុះ​នៃ​ប្រទេស​ទាំង​ពីរ ចិន​បាន​ទាមទារ​អោយ​អាម៉េរិក​«​បញ្ឈប់​ការ​សមគំនិត​យោធា​ជាមួយ​តៃវ៉ាន់​»​។​

​ឧត្តមសេនីយ៍ លី ហ្សួ​ឆឹង​( Li Zuocheng)​បាន​ប្រាប់​ទៅ​សម​ភាគី​អាម៉េរិក ឧត្តមសេនីយ៍ ម៉ាក មី​ល​លី​( Mark Milley)​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​គ្មាន​ពេល​ស្រុះស្រួល​»​ទេ​លើ​បញ្ហា​ដែល​ប៉ះ​ពាល់​«​ផល​​ប្រយោជន៍​ស្នូល​»​របស់​ចិន ​រួមមាន​កោះ​តៃវ៉ាន់ ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​អះអាងថា​ជា​ទឹកដី​របស់​ខ្លួនហើយដែល​នឹង​ត្រូវ​ប្រើ​កម្លាំង​ចាប់​យក​ក្នុងករណី​ចាំបាច់​។​

​លោក​លី​បាន​និយាយថា «​ចិន​ទាមទារ​អោយ​អាម៉េរិក​…​ឈប់​ទាញ​បញ្ច្រាស​ប្រវត្តិសាស្ត្រ ឈប់​សមគំនិត​យោធា​រវាង​អាម៉េរិក​-​តៃវ៉ាន់ និង​ជៀសវាង​ធ្វើ​អោយ​ប៉ះពាល់​ទំនាក់ទំនង​ចិន​-​អាម៉េរិក​ព្រមទាំង​ស្ថិរ​​ភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​»​។​

​លោក​បាន​បន្ថែមថា យោធា​ចិន​នឹង​«​ការពារ​អធិបតេយ្យ​ជាតិ​និង​បូរណភាព​ទឹកដី​យ៉ាង​ដាច់ខាត​។​បើ​មាន​នរណា​ម្នាក់​បង្ករឿង គេ​នឹង​ជួប​ការ​វាយបក​យ៉ាង​ខ្លាំងក្លា​ពី​ប្រជាជន​ចិន​»​។​

​ភាសា​ដូច្នេះ​ជា​ទម្លាប់​ទៅហើយ​សំរាប់​មន្ត្រី​ចិន​ទៅកាន់​អាម៉េរិក ហើយ​លោក​លី​ត្រូវបាន​ក្រសួង​ការពារ​ជាតិចិន​ស្រង់​សម្តី​ដែលថា ចិន​សង្ឃឹម «​ពង្រឹង​ការចរចា​បន្ថែម ដោះស្រាយ​ហានិភ័យ​និង​ជំរុញ​កិច្ច​​សហប្រតិបត្តិការ ជាជាង​បង្ក​ការប្រឈមមុខគ្នា បង្កបង្កើត​ឧបទ្ទវហេតុ​និង​កាន់តែ​ដាច់​ឆ្ងាយ​ពីគ្នា​»​។​

​ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ការប្រើ​សម្តី​ខ្លាំងៗ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក វ៉េ ហ្វេ​ង​( Wei Fenghe)​នៅ​សន្និសីទ​សន្តិសុខ​មួយ​កាលពី​ខែ​មុន ដែល​ក៏​មាន​ការចូលរួម​ពី​សម​ភាគី​អាម៉េរិក​ផង​ដែរ​។​

​លោក​វ៉េ បាន​ចោទប្រកាន់​អាម៉េរិក​ថា​ព្យាយាម​«​ចាប់ជំរិត​»​ការគាំទ្រ​របស់​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​ប្រែក្លាយ​ពួកគេ​អោយ​ប្រឆាំង​ចិន និង​ថា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ស្វះស្វែង​​ជំរុញ​ផលប្រយោជន៍​របស់​ខ្លួន​«​ក្រោមលេស​ពហុភាគី​និយម​»​។​

​ក្នុងជំនួប​ដដែល​នៅ​សិង្ហ​បុរី លោក​មី​ល​លី បាន​និយាយថា ចិន​បង្ក​អោយមាន​អស្ថិរភាព​ដោយសារតែ​ការអះអាងអធិបតេយ្យភាព​របស់​ខ្លួន​លើ​តៃវ៉ាន់​និង​ធ្វើសកម្ម​យោធា​កាន់តែ​កើនឡើង​នៅក្នុង​តំបន់​នេះ​។​

​កាលពី​ខែ​ឧសភា រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​បាន​ហៅ​ចិន​ថា​ជា​«​ការ​ប្រឈម​យូរអង្វែង​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ​»​សំរាប់​សហរដ្ឋ​អាម៉េរិក​ដែល​សន្យា​ការពារ​តៃវ៉ាន់​ពី​ការវាយប្រហារ​របស់​​ចិន​។​

​ក្រៅពី​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាងត្បូង រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​ក៏​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ពាណិជ្ជកម្ម សិទ្ធិមនុស្ស​និង​គោលនយោបាយ​របស់​ចិន​នៅ​ទី​បេតិ៍ ព្រម​ទាំង​ចំពោះ​ក្រុម​ជនជាតិ​​ភាគតិច​អ៊ីស្លាម​នៅ​តំបន់​ស៊ីន​ជាំ​ង​៕

​ឧត្តមសេនីយ៍ លី ហ្សួ​ឆឹង នៃ​កងទ័ព​រំដោះប្រជាជន និយាយ​ក្នុងជំនួប​ជាមួយ​នាយសេនាធិកា​រក​ង​ទ័ព​អាម៉េរិក ឧត្តមសេនីយ៍​ម៉ាក មី​ល​លី នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​១៦​សីហា ឆ្នាំ​២០១៦

​ឧត្តមសេនីយ៍​ម៉ាក មី​ល​លី