ដោយៈ ប.ខុន/ភ្នំពេញៈ ឥទ្ធិពលសម្ពាធទាបមួយនៅក្នុងសមុទ្រចិនខាងត្បូង ដែលបានដើរមកដល់កៀកនឹងឆ្នេរម្តុំខេត្តដាណាងប្រទេសវៀតណាមមុននឹងដើរស្របតាមឆ្នេរឡើងទៅខាងជើងចាប់ ជាប់ជាមួយនឹងប្រព័ន្ធសម្ពាធទាបរំកឹលចុះមកពីភាគខាងត្បូងប្រទេសចិននឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជាចាប់ ពីថ្ងៃទី៩ដល់ថ្ងៃទី១២ខែកក្កដា ឯនៅតំបន់អាងទន្លេមេគង្គលើក៏មានភ្លៀងធ្លាករាយប៉ាយច្រើនដែរ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០២២ថា សម្ពាធទាបមួយកើតមាននៅក្នុងសមុទ្រខាងត្បូងដែលបានដើរមកកៀកនឹងឆ្នេរម្តុំខេត្តដាងប្រទេសវៀតណាមមុននឹងដើរតាមឆ្នេរទៅលើ(ជើង)ជាប់ជាមួយនឹងប្រព័ន្ធសម្ពាធទាប ដែលរំកឹលចុះមកពីភាគខាងត្បូងប្រទេសចិន បង្កឱ្យមាន ភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងបរិមាណពីមធ្យមទៅបង្គួរនៅអំឡុងពីថ្ងៃទី៩ដល់ថ្ងៃទី១២ខែកក្កដា។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបាននិយាយឱ្យដឹងទៀតថាភ្លៀងចាប់ផ្តើមនៅព្រលប់ថ្ងៃនេះ៨ខែកក្កដាដោយរុញពីតំបន់ទំនាបភាគខាងកើតមកភ្នំពេញ តំបន់ខ្ពង់រាប ភាគឦសាន និង តំបន់អាងទន្លេមេគង្គលើក៏មានភ្លៀងធ្លាក់ច្រើនដែរ ចាប់ពីថ្ងៃទី៩ដល់១៣ខែកក្កដា។របាយទឹកភ្លៀងដែលបានធ្លាក់រយៈពេល២៤ម៉ោងនៅលើរាជធានី ខេត្តគិតត្រឹមព្រឹកថ្ងៃទី៨ខែកក្កដា នៅរាជធានីភ្នំពេញមានកម្រិតពីតិចដល់១៣មីលីម៉ែត្រ, ខេត្តកំពង់ឆ្នាំងមានកម្រិតពីតិចដល់២៨មីលីម៉ែត្រ,ខេត្តកំពង់ធំមានកម្រិតពីតិចដល់៤៤មីលីម៉ែត្រ,ខេត្តពោធិសាត់មានកម្រិតពីតិចដល់១៧មីលីម៉ែត្រ,ខេត្តកោះកុងមានកម្រិតពីតិចដល់៥០មីលីម៉ែត្រ,ខេត្តរតនគិរីមានកម្រិតពីតិចដល់៩៦មីលីម៉ែត្រ,ខេត្តស្ទឹងត្រែងមានកម្រិតពីតិចដល់៣៩មីលីម៉ែត្រ,ខេត្តព្រៃវែងមានកម្រិតពីតិចដល់៧២មីលីម៉ែត្រ,ខេត្តមណ្ឌលគីរីមានកម្រិតពីតិចដល់៨៥មីលីម៉ែត្រ,ខេត្តព្រះសីហនុមានកម្រិតពីតិចដល់១៦មីលីម៉ែត្រ,ខេត្តឧត្តរមានជ័យមានកម្រិតពីតិចដល់៣៦មីលីម៉ែត្រ,ខេត្តត្បូងឃ្មុំមានភ្លៀងកម្រិតពីតិចដល់៨៧មីលីម៉ែត្រ,ខេត្តក្រចេះមានភ្លៀងកម្រិតពីតិចដល់៦៤មីលីម៉ែត្រនិងខេត្តកំពង់ចាមមានភ្លៀងកម្រិតពីតិចដល់៧០មីលីម៉ែត្រ។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២២បានជូនដំណឹងស្តីពីការព្យាករស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១២ខែកក្កដាថាព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលកើតឡើងអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវនិងវៀតណាម ជាមួយនិងឥទ្ធិពលនៃខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ហើយក៏អាចមានកន្លែងខ្លះភ្លៀងធ្លាក់ច្រើនដែរ។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា ស្ថានភាពបែបខាងលើធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ណភាពអតិបរមា មានពី៣៣ទៅ៣៥អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះក៏អាចមានកន្លែងខ្លះភ្លៀងធ្លាក់ច្រើនដោយអន្លើ។សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣២ទៅ៣៤អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះក៏អាចមានកន្លែងខ្លះភ្លៀងធ្លាក់ច្រើន។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៥អង្សាសេ សីតុណ្ណភាពអតិបរមា មានពី៣៣ទៅ៣៥អង្សាសេ។អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រមានកំពស់ខ្ពស់ៗ៕