ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅ​ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២២ បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​វិធានការ​សេវា​ទូរ​សព្ទ​ចល័ត សេវា​អ៊ីនធឺណិត និង​វិធានការ​ដោះស្រាយ​ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ននេះ​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​បាន​បញ្ជាក់ថា​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០២០ មក ក្រសួង​ប្រៃសណីយ៍ បានដាក់​ចេញ​នូវ​យន្តការ​កែទម្រង់​ស៊ីជម្រៅ​ផ្ទៃក្នុង​នៅ​គ្រប់​អង្គភាព​ចំណុះ និង​នៅ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​.)​។ ក្នុងការ​កែទម្រង់​នោះ មានការ​រៀបចំ​ពង្រឹង​សមត្ថភាព​មន្ត្រីរាជការ ការពង្រឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទៃក្នុង ការពង្រឹង​ប្រសិទ្ធភាព​និង​តម្លាភាព​លើ​ការប្រមូល​ចំណូល​និង​ទារបំណុល ការអភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​បន្ថែម​ពីលើ​នេះ​ក្រសួង​ប្រៃសណីយ៍ បានចាត់ទុក​ការការពារ​ផលប្រយោជន៍​និង​សិទ្ធិ​របស់​អ្នកប្រើប្រាស់ និង​ការពង្រឹង​គុណភាព​សេវា​ទូរគមនាគមន៍ ជា​ការងារ​អាទិភាព​បំផុត ដើម្បី​ធានាថា អ្នកប្រើប្រាស់​ទទួលបាន​សេវា​ប្រកបដោយ​គុណភាព​និង​តម្លៃ​សមរម្យ​។​
​ក្រសួង​បាន​បន្ត​ឱ្យដឹងថា បើទោះបីជា​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​ទទួលបាន​ជោគជ័យ​លើ​ផ្នែក​ជាច្រើន​ក្នុង​វិស័យ​ទូរគមនាគមន៍​ក៏ដោយ ក៏ប៉ុន្តែ​កិច្ចការ​មួយចំនួន​នៅ​មិនទាន់​កែលំអ​ឱ្យបាន​ល្អប្រសើរ​នៅឡើយ ដូចជា បញ្ហា​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត​និង​សេវា​អ៊ីនធឺណិត​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​ប្រៃសណីយ៍​បាន​សិក្សា ស្រាវជ្រាវ និង​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដោយ​កំណត់​មូលហេតុ​មួយចំនួន ដែល​បណ្តាលឱ្យ​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត​និង​សេវា​អ៊ីនធឺណិត​រអាក់រអួល ឬ​ដំណើរ​ការមិន​បានល្អ ឬ​គ្មាន​សេវា​៖
(​សូម​មើល​សេចក្តីជូនដំណឹង​ខាងក្រោម​)​