ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តេតស៊ូយ៉ា យ៉ាម៉ាហ្កាមី(Tetsuya Yamagami)ក្រោយអតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ បានដួលសន្លប់ដោយត្រូវគ្រាប់កាំភ្លើងក្នុងពេលថ្លែងសុន្ទរកថាមួយកាលពីព្រឹកថ្ងៃសុក្រទី៨កក្កដា នៅជប៉ុនខាងលិច។
ជនសង្ស័យត្រូវចាប់ផ្តួលក្រោយការបាញ់ប្រហារ
លោកអាបេ អាយុ៦៧ឆ្នាំ ទំនងជាចេញឈាមក្រោយត្រូវគ្រាប់កាំភ្លើងនៅទីក្រុងណារ៉ា(Nara)ក្បែរទីក្រងក្យូតូ(Kyoto) នេះបើតាមអ្នកយកព័ត៌មានម្នាក់នៅទូរទស្សន៍ជប៉ុន។នាយកដ្ឋានអគ្គិភ័យក្រុងណារ៉ាបាននិយាយថា លោកអាបេរងរបួសនៅកស្តាំនិងឆ្អឹងដងកាំបិតឆ្វេង។
ជនសង្ស័យជាអ្នកក្រុងណារ៉ា ។រូបភាពក្នុងបណ្តាញសង្គមបានបង្ហាញបុរសម្នាក់ត្រូវចាប់ផ្តួលក្រោយការបាញ់ប្រហារនៅក្បែរស្ថានីយយ៉ាម៉ាតុសាយដាយជី(Yamatosaidaiji)និងអាវុធធ្លាក់ទៅនឹងដី។
ទូរទស្សន៍NHKបាននិយាយថា យ៉ាម៉ាហ្កាមី អាយុ៤១ឆ្នាំ បានប្រាប់ប៉ូលិសថា ខ្លួនមិនសប្បាយចិត្តនឹងលោកអាបេ និងមានបំណងសម្លាប់លោក។ជននេះឥឡូវត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។
សារព័ត៌មានក្នុងស្រុកបាននិយាយថា តេតស៊ូយ៉ា យ៉ាម៉ាហ្កាមី ជាអតីតសមាជិកកងកម្លាំងស្វ័យការពារសមុទ្រ ឬកងទ័ពជើងទឹកជប៉ុន និងបានចាកចេញពីកងកម្លាំងនេះនៅឆ្នាំ២០០៥ក្រោយបំរើការនៅទីនោះអស់បីឆ្នាំ។
មន្ត្រីក្រុងណារ៉ាបានអោយដឹងថា លោកអាបេ បានគាំងបេះដូង ហើយត្រូវបានបញ្ជូនតាមឡានពេទ្យទៅកាន់ឧទ្ធម្ភាគចក្រវេជ្ជសាស្ត្រសង្គ្រោះមួយដើម្បីដឹកទៅកាន់មន្ទីរពេទ្យសកលវិទ្យាល័យវេជ្ជសាស្ត្រណារ៉ា។លោកសន្លប់ និងហាក់មិនបង្ហាញមានជីវិតទេ។
អតីតនាយករដ្ឋមន្ត្រីអាបេ បានស្ថិតនៅក្រុងណារ៉ាដើម្បីធ្វើយុទ្ធនាការឃោសនាមុនការបោះឆ្នោតសភាជាន់ខ្ពស់នៅថ្ងៃអាទិត្យខាងមុខ នៅពេលលោកត្រូវបានបាញ់ប្រហារ។គណបក្សកាន់អំណាច ប្រជាធិបតេយ្យសេរី(LDP)បាននិងកំពុងបញ្ជូនមន្ត្រីចុះទៅគ្រប់ច្រកល្អកនៃប្រទេសដើម្បីឃោសនាសំរាប់បេក្ខជនរបស់ខ្លួន។
ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រី ហ្វ៊ុយមីអុ គីស៊ីដា បាននិយាយថា លោកអាបេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក្រុមវេជ្ជបណ្ឌិតកំពុងព្យាយាមសង្គ្រោះជីវិតរបស់លោក។ ដោយអះអាងថាលោកព្យាយាមទប់ទឹកភ្នែក លោកគីស៊ីដាបាននិយាយថា«ខ្ញុំបន់ស្រន់អស់ពីចិត្តសូមអោយអាបេរួចផុតពីគ្រោះថ្នាក់នេះ។ខ្ញុំសូមថ្កោលទោសការវាយប្រហារដ៏ព្រៃផ្សៃនេះ និងមិនអាចអត់ឳនអោយអំពើបែបនេះបានឡើយ»៕
អតីតនាយករដ្ឋមន្ត្រីអាបេ បានស្ថិតនៅក្រុងណារ៉ាដើម្បីធ្វើយុទ្ធនាការមួយមុនការបោះឆ្នោតសភាជាន់ខ្ពស់នៅថ្ងៃអាទិត្យខាងមុខ នៅពេលលោកត្រូវបានបាញ់ប្រហារ