ដោយ​៖​ដេប៉ូ​/​ខេត្តពោធិ៍សាត់​៖​ ដំណាំ​កសិកម្ម​ច្រើន​មុខ​ក្នុងនេះ​រាប់ទាំង​បន្លែ ដើមឈើ​ហូប​ផ្លែ​កំពុង​ត្រូវបាន​អ្នកភូមិ​រស់នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ទំព័រ​នាំគ្នា​ដាំ ដែលជា​មុខរបរ​បង្គោល​សម្រាប់​ចិញ្ចឹម​គ្រួសារ​ដែល​ក្នុង​ពេលនេះ​មានគ្រួសារ​ខ្លះ​បង្ហាញ​ពី​ភាព​ធូរធា​ដោយសារ​ដំណាំ​កសិកម្ម​នេះ​ទៀតផង​។​

​គួរបញ្ជាក់​ថា​ភ្នំ​ទំព័រ​ជា​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ​មួយ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ភូមិ​ទំព័រ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​នៅក្នុង​សហគមន៍​មួយ​នេះ មាន​ផ្ទៃដី​សរុប​ប្រមាណ​ជា​៤៦០ ហិច​តា មាន​សណ្ឋាន​ដី​ខ្ពស់​ទាប មាន​ស្ទឹង​មួយ​ជា​ប្រភពទឹក​សម្រាប់​ផ្គត់ផ្គង់​ដល់​ការប្រកប​របរ​កសិក​ម្ម របស់​អ្នកស្រុក​។​ប្រជា​សហគមន៍​នៅ​តំបន់​ព្រៃភ្នំ​មួយកន្លែង​នេះ​បច្ចុប្បន្ន​បាន​វិវឌ្ឍន៍​ខ្លួន​យ៉ាង​លឿន​ជាមួយ​ដំណាំ​កសិកម្ម ដែលជា​មុខរបរ​បង្គោល​មួយ​សម្រាប់​លើកស្ទួយ​ជីវភាព​គ្រួសារ​។

​លោក ទេស ថន ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ទំព័រ​បានឱ្យដឹងថា បច្ចុប្បន្ន​ប្រជា​សហគមន៍​មាន​ចំនួន​១១៦​គ្រួសារ និង​មាន​ប្រជាជន​សរុប​៤៤៤​នាក់​។​ក្នុងចំណោម​នេះ​ពួកគាត់​បាន​ប្រកបមុខរបរ​ដំណាំ​កសិកម្ម​ស្ទើរ​ទាំងអស់ ដោយបាន​ដាំ​ដំណាំ​ច្រើន​មុខ​ដូចជា​៖​ដំឡូង ស្ពៃក្តោប ពោត ល្ហុង ចេក ទុរេន ជាដើម​។ ក្រៅពីនេះ​ពួកគាត់​រក​អនុផល​ព្រៃឈើ​ដូចជា រក​ផ្សិត ទឹកឃ្មុំ និង​ដកហូត​ក្រវាញ​មួយចំនួន​សម្រាប់ធ្វើ​ម្ហូប​និង​មួយផ្នែក​ទៀត​បានរៀបចំ​ស្តារ​ដាំ​រុក្ខជាតិ​ក្រវាញ ដើម្បី​យកទៅ​ដាំ​ដុះ​ក្នុង​សហគមន៍​បន្ថែមទៀត​និង​ក៏ដូចជា​លក់​ទៅកាន់​តំបន់​ផ្សេងទៀត ។​

​លោក​បានឱ្យដឹង​ដែរ​ថា​សម្រាប់​ដំណាំ​កសិកម្ម​របស់​ពួកគាត់​មិន​ត្រឹមតែ​អាច​លក់​ក្នុងស្រុក​ភូមិ​ទេ​ប៉ុន្តែ នៅ​អាច​បញ្ចូនទៅ​លក់​នៅ​ទី​រួម​ខេត្តពោធិ៍សាត់ និង​ពិសេស​អាច​នាំ​ចេញទៅ​បណ្តា​ខេត្ត​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​ថែមទៀត​។​

​លោក ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ទំព័រ​បាន​ប្រាប់​ផង​ថា​”​សម្រាប់​ជម្រើស​ថ្មី​នៃ​ការដាំដុះ និង​លក់​ផលិតផល​បន្លែបង្កា ធ្វើឱ្យ​ជីវភាព​របស់​ប្រជា​សហគមន៍​ល្អប្រសើរ​ឡើង​។​ពលរដ្ឋ​មួយចំនួន​ដែល​ធ្លាប់តែ​ចូល​ព្រៃ​កាប់​ព្រៃឈើ និង​បរបាញ់​សត្វ​បាន​ផ្លាស់ប្តូរ​មក​ប្រក​បរបរ​បែប​កសិកម្ម និង មួយចំនួន​បានទទួល​ផល​ពី​ការធ្វើ​ម្ហូបអាហារ​លក់​ជូន​ដល់​ភ្ញៀវទេសចរ​”​។​

​ដោយឡែក លោក កែវ ពក កសិករ​អ្នក​ដាំ​ដំណាំ​ច្រើន​មុខ​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ទំព័រ​ដូចជា ស្ពែ​ក្តោប ល្ហុង ពោត​និង​ដំណាំ​កសិកម្ម​មួយចំនួនទៀត បានឱ្យដឹងថា បន្ទាប់​ជ្រើសរើស​ការដាំ​ដំណាំ​កសិកម្ម​បានធ្វើឱ្យ​ជីវភាព​របស់​គ្រួសារ​គាត់​ធូរធា​។​ពេលនេះ​គាត់​បាន​ពង្រីក​ការដាំ​ដំណាំ​បន្ថែមទៀត​ដើម្បី​លក់​លើ​ទីផ្សារ​ក៏ដូចជា​លក់​ជូន​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​។​

​ប្រជា​សហគមន៍​ដែល​ប្រកាន់ខ្ជាប់​មុខរបរ​កសិកម្ម​ជាង​១០​ឆ្នាំ​មកនេះ​បានឱ្យដឹង​ដែរ​ថា នៅពេលនេះ​ដំណាំ​កសិកម្ម​ដែល​ផលិត​បាន​ផល​ហើយក៏​ងាយ​រក​ទីផ្សារ ហើយ​រយៈពេល​២​ឆ្នាំ​មកនេះ​ទីផ្សារ​ក៏​ល្អ​ដែរ​ធ្វើឱ្យ​គាត់​អាច​រកចំណូលបាន​ល្អប្រសើ​រ និង​អាច​ពង្រីក​ទីតាំង​ដាំំ​ដំណាំ​ជា​បន្តបន្ទាប់​ដែរ​។​

​ដោយឡែក​លោក ជា នី​ម ដែល​បាន​ដាំ​ដើម ទុរេន​ជាង ១០០​ដើម​ក្នុង​សហគមន៍​នេះ​បានឱ្យដឹងថា ក្នុង​រយៈ ៣-៤​ឆ្នាំ​មកនេះ​គាត់​លក់​ផ្លែ​ទុរេន​បា​នា​ចំណូល​ក្នុង​មួយឆ្នាំៗ​ប្រមាណ​ជាង ១​ម៉ឺន​ដុល្លារ​។​

​បុរស​ដែលជា អតីត​គ្រូពេទ្យ​រូបនេះ​បានឱ្យដឹងថា របរ​កសិកម្ម​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ទំព័រ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ទទួលផល​ល្អ ហើយ​ទីផ្សារ​ទៀតសោត​ក៏​ងាយ​លក់​ចេញ​ដែរ​។​ដោយសារ​កត្តា​ទាំងនេះហើយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ងាក​មក​ធ្វើ​ដំណាំ​កសិកម្ម​កាន់តែ​ច្រើនឡើង​។​
គួរបញ្ជាក់​ថា​សហគម​ន៍​តំបន់ការពារធម្មជាតិ​ភូមិ​ទំព័រ​ប្រជា​សហគមន៍​ក្រៅពី​ប្រកាន់​មុខរបរ​កសិកម្ម​ហើយ​នៅមាន​ជម្រើស​បម្រើ​លើ​សេវា​ទេសចរ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ថែមទៀត​។​ជាមួយគ្នា​នៅ​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ​មួយកន្លែង​នេះ​មាន​សត្វព្រៃ​ជាច្រើន​កំពុង​រស់នៅ ក្នុងនេះ​មានដូចជា ស្វា ឈ្លូស ទន្សោង ដំរី​និង​សត្វ​ស្លាប​ជាច្រើន​ទៀត​ដែល​ពុំមាន​អ្នក​រំខាន​វា​ឡើយ​។

​សូម​រំលឹក​ដែរ​ថា​ក្រសួងបរិស្ថាន​និង​ដៃគូ​កំពុង​អនុវត្ត​គម្រោង និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា ដើម្បី​ធ្វើយ៉ាងណា​ចូលរួម​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍ និង​ពិសេស​ការលើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន​៕​