ដោយៈ បាយ័ន / សៀមរាបៈ សារមន្ទីរ​ព្រះ​នរោត្តម សីហនុ អង្គរ កំពុង​ដាក់តាំង​ពិព័រណ៍ ពុទ្ធបដិមា​បុរាណ ដែល​កសាងឡើង អំពី​ឈើ​ចំនួន​៦ និង​ព្រះ​ពុទ្ធបាទ ធ្វើ​ពី​ថ្មភក់​ចំនួន​១ ដើម្បី​បង្ហាញ​សាធារណជន ឱ្យ​ស្វែងយល់​ពី​វត្ថុ​សិល្បៈ​ខ្មែរ ដ៏​សម្បូរបែប បន្ទាប់ពី​ក្រុម​អ្នកជំនាញ បាន​ជួសជុល​វត្ថុ​បុរាណ​ទាំងនោះ ឱ្យមាន​លក្ខណៈ​ល្អ​ស្អាត ឡើងវិញ​រួចមក​។​

​ពុទ្ធបដិមា​បុរាណ ដែល​កសាងឡើង អំពី​ឈើ ចំនួន​៦ និង​ព្រះ​ពុទ្ធបាទ ធ្វើ​ពី​ថ្មភក់ ចំនួន​១​នោះ គឺ​ក្រុម​អ្នក​អភិរក្ស បាន​យក​ចេញពី​រួត​ព្រះ​ពាន់ នៃ​ប្រាសាទអង្គរវត្ត ទៅ​រក្សាទុក ហើយ​ជួសជុល ព្រមទាំង​ថែរក្សា នៅ​កន្លែង​អភិរក្ស​អង្គរ ជា​យូរ​មកហើយ​។ នេះ​បើតាម​ការបញ្ជា​ក់ដោយ អាជ្ញាធរ​ជាតិ​អប្សរា ។​

​នាយក​ស្តីទី នៃ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ លោក ប៉ែន ចំ​រ៉ុង បានឱ្យដឹងថាៈ កាលដើមឡើយ ពុទ្ធបដិមា​ចំនួន ៦​អង្គ និង​ព្រះ​ពុទ្ធបាទ ធ្វើ​ពី​ថ្មភក់ ចំនួន ១​នេះ ត្រូវបាន​រក្សាទុក និង​ជួសជុល ដោយ​ក្រុម​អភិរក្ស​អង្គរ​។ ក្រោយមក រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី ភឿង ស​កុ​ណា បាន​ទៅ​ទស្សនា​នៅ​អភិរក្ស​អង្គរ ឃើញថា ពុទ្ធបដិមា​ទាំង​៦ និង​ព្រះ​ពុទ្ធបាទ​នេះ បាន​ជួសជុល​រួចរាល់​ហើយ​។ លោកស្រី ក៏បាន​ណែនាំ​ឱ្យ​យក​វត្ថុ​ទាំងនេះ ទៅ​ដាក់តាំង បង្ហាញ ដល់​សាធារណជន បាន​ទស្សនា និង​សិក្សា​ស្វែងយល់​ពី​វត្ថុ​សិល្បៈ​ខ្មែរ ពិសេស ពុទ្ធបដិមា​សម័យ​ក្រោយ​អង្គរ​។​

​លោក ប៉ែន ចំ​រ៉ុង បាន​មានប្រសាសន៍​ទៀតថាៈ ដោយមាន​ការយល់ស្រប ទៅតាម​អនុសាសន៍ របស់លោក​ស្រី រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សារមន្ទីរ​នរោត្តម សីហនុ អង្គរ ក៏បាន​សហការ​ជាមួយ​អភិរក្ស​អង្គរ ធ្វើការ​រៀបចំ​តាំងពិព័រណ៍ ពុទ្ធបដិមា​ចំនួន ៦​អង្គ និង​ព្រះ​ពុទ្ធបាទ ធ្វើ​ពី​ថ្មភក់​ចំនួន​១​នេះ ចាប់​តាំងតែ​ពី​អំឡុង​ខែឧសភា ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ ទទួលបាន​បដិមា ពី​អភិរក្ស​អង្គរ មក​ធ្វើ​ការតាំង​ពិ​ពរណ៍ នៅ​សារមន្ទីរ​។​

​បុគ្គលិក​បច្ចេកទេស និង​ជា​មគ្គុទ្ទេសក៍ នៅក្នុង​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ លោក គុន ផល្លី បានឱ្យដឹងថាៈ ពុទ្ធបដិមា​ចំនួន ៦​នេះ ធ្វើឡើង​ពី​ឈើ​គគីរ ក្នុង​ទម្រង់​កាយវិការ អភ័យ​មុ​ទ្រៈ មាន​លាប​ម្រ័ក្សណ៍ និង​បិទមាស នៅ​ព្រះហស្ត មាន​ដាំ​ត្បូង​រាង​មូល ដូច​កងចក្រ ប្រ​ស្រី​ភ្នែក និង​ថ្ងាស មាន​ដាំ​សំបក​គ្រុំ ធ្វើជា​គ្រឿង​លម្អ​ជាដើម​។​

​ពុទ្ធបដិមា​ទាំងអស់នេះ បាន​កសាង នៅ​សម័យ​ក្រោយ​អង្គរ ចន្លោះ​ពី​សតវត្សរ៍​ទី ១៤ ដល់ទី ១៨ នៃ​គ​.​ស ហើយ​ពុទ្ធបដិមា ភាគច្រើន មាន​លក្ខណៈ​ស្រដៀង ទៅនឹង​រចនាបទ​បាយ័ន​។ ដោយឡែក ព្រះ​ពុទ្ធបាទ​ចំនួន​១ ជា​ព្រះ​ពុទ្ធបាទ​ខាងស្តាំ មាន​កម្ពស់ ១៣ សង់ទីម៉ែត្រ បណ្តោយ ២១០ សង់ទីម៉ែត្រ ទទឹង ១១៥ សង់ទីម៉ែត្រ នៅ​ចំ​កណ្តាល​ពុទ្ធបាទ មាន​កងចក្រ និង​ឆ្លាក់​ចម្លាក់​ផ្សេងៗ ចំនួន​១០៨ ដែល​គេ​យល់ថា ជា​សិរី​មង្គល និង​មាន​លាប​ម្រ័ក្សណ៍ ព្រមទាំង​ទឹប​ទឹកមាស​ដែរ​។ តាមរយៈ​រូបថត​ឯកសារ​ចាស់ៗ នៅ​ឆ្នាំ​១៩០៦ គេ​ឃើញ​មាន បដិមា​ទាំងនេះ នៅ​លាយឡំ​ជាមួយ​បដិមា​ផ្សេងៗ​ទៀត រួមទាំង ព្រះ​ពុទ្ធបាទ នៅ​រួត​ព្រះ​ពាន់ នៃ​ប្រាសាទអង្គរវត្ត ហើយក៏​មិនទាន់មាន​ឯកសារ​បញ្ជាក់​កាលបរិច្ឆេទ យកចេញ​ពី​រួត​ព្រះ​ពាន់ មក​រក្សាទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ តាំងពី​ពេលណា​នៅឡើយ​។​

​លោក គុន ផល្លី បានបញ្ជាក់​ថាៈ សា​រម​នី្ទ​រ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ជា​សារមន្ទីរ​បុរាណវិទ្យា និង​ព្រះពុទ្ធសាសនា​ដំបូង​គេ នៅក្នុង​ខេត្តសៀមរាប ជា​បណ្តុំ​ចំណេះដឹង ផ្នែក​ប្រវត្តិសាស្ត្រ ប្រវត្តិ​សិល្បៈ និង​បម្រែបម្រួល នៃ​សាសនា​ខ្មែរ នា​អតីតកាល​។

​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ លើកទឹកចិត្ត និង​បើកទូលាយ ដល់​សាធារណជន ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និង​សិស្សានុសិស្ស អញ្ជើញ​មក​ទស្សនា និង​សិក្សា​ឈ្វេងយល់ ពី​ការតាំងពិព័រណ៍​នេះ ឱ្យបាន​កុះករ​៕/V​