ដោយៈ ​សុផល​/​ភ្នំពេញ​៖ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​នា​ថ្ងៃទី​៨ ​ខែកក្កដា​ ឆ្នាំ​២០២២​ បានធ្វើ​សិក្ខាសាលា​ផ្ទៃក្នុង​មួយ​ប្រមូល​ធាតុ​ចូល​នៃ​ផែនទី​ចង្អុល​ផ្លូវ​ សម្រាប់​រៀបចំ​ស្ថានីយ ​សាក​យានយន្ត​អគ្គិសនី​ នៅ​កម្ពុជា​។

​សិក្ខាសាលា​នេះ ​រៀបចំឡើង​ដោយ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមសហការ​ដោយ​អង្គការ ​UNDP ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ធាតុ​ចូល​ សំដៅ​ធ្វើឱ្យ​ប្រសើរ​ឡើង ដល់​ផែនទី​បង្ហាញផ្លូវ​ រៀបចំ​ស្ថានីយ​បញ្ចូល​ឋាមពល​ យានយន្ត​អគ្គិសនី​ដែលជា​ផ្នែក​មួយ​សំខាន់ ​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់ ​យានយន្ត​អគ្គិសនី ​នៅ​កម្ពុជា ​ឱ្យ​កាន់តែ​ទូលំទូលាយ​។

​លោក ឈួន វ៉ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ក្រសួងសាធារណការ និង​ដឹកជញ្ជូន​ ​បាន​ជំរុញ​លើកទឹក ចិត្ត​ឱ្យ​សិក្ខាកាមទាំងអស់​ ផ្តល់​មតិយោបល់ ក៏ដូចជា​ ធាតុ​ចូល​ឱ្យបាន​ផុសផុល ដើម្បីឱ្យ​ផែនទី​ចង្អុល​ផ្លូវ​របស់​យើង ​កាន់​តែមាន​ភាពប្រសើរឡើង​ និង​កាន់​តែមាន​សារៈសំខាន់​ សម្រាប់​ការប្រើប្រាស់ ​នៅ​ថ្ងៃ​អនាគត តាម​គំនិតផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់ និង​ចក្ខុវិស័យ​វែងឆ្ងាយ ​របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន​។​

​លោក​អគ្គនាយក​ បាន​ជំរុញ​លើកទឹកចិត្ត​ ឱ្យ​សិក្ខាកាម​ទាំងអស់ ​ចូលរួម​ផ្តល់​មតិយោបល់​ ក៏ដូចជា​ធាតុ​ចូល​ឱ្យបាន​ផុសផុល​ដើម្បីឱ្យ​ការសិក្សា​ផែនទី​បង្ហាញផ្លូវ​ ស្ថានីយ​បញ្ចូល​ឋាមពល​យានយន្ត​អគ្គិសនី ​មាន​ភាព​ស៊ីជម្ រៅ​និង​ផ្អែក​តាម​បទពិសោធន៍​ដែល​បាន​ជួបប្រទះ​ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ ​ក្នុង​ការជំរុញឱ្យ​ផែនទី​បង្ហាញផ្លូវ​នេះ ​មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ​លើ​ការកំណត់​ទីតាំង​ស្ថានីយ​សាក​យានយន្ត​អគ្គិសនី​ ឱ្យស្រប​តាម​តម្រូវការ ​ក្នុងពេល​បច្ចុប្បន្ន ​និង​ថ្ងៃ​អនាគត​ និង​សំដៅ​ធ្វើយ៉ាងណា ​ឱ្យសម្រេចបាន​ តាម​គោលដៅ​ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ​សម្ដេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ដែល​បានប្រគល់​ភារកិច្ច​នេះ ​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អ្នកដឹកនាំ និង​សម្របសម្រួល​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​អគ្គនាយក ​បាន​ថ្លែងអំណរគុណ​ យ៉ាង​ជ្រាលជ្រៅ​ ដល់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍ សហប្រជាជាតិ​​ ឬ​ហៅ​កាត់​ថា ​យូ​អិន​ឌី​ភី ​(UNDP)​ ដែល​បាន​ជួយ​គាំទ្រ​ លើ​ការសិក្សា​ផែនទី​បង្ហាញផ្លូវ​ស្ថានីយ​បញ្ចូល​ឋាមពល​យានយន្ត​អគ្គិសនី​នេះ ​និង​បាន​ថ្លែងអំណរគុណ​ផងដែរ ​ចំពោះ​សិក្ខាកាម​ទាំងអស់ ​ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ចូលរួម ​និង​ផ្តល់យោបល់ ​ទៅលើ​ផែនទី​បង្ហាញផ្លូវ ​ស្ថានីយ​បញ្ចូល​ឋាមពល​យានយន្ត​អគ្គិសនី ​នៅក្នុង​សិក្ខាសាលា​នា​ថ្ងៃនេះ​។​

​សូមជម្រាបថា បច្ចុប្បន្ន​ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​ឧបករណ៍​បញ្ចូល​ឋាមពល ​យានយន្ត​អគ្គិសនី សរុប​ចំនួន​ប្រាំ​គ្រឿង ក្នុងនោះ​បួន​គ្រឿង ជា​ជំនួយ​របស់​យូ​អិន​ឌី​ភី និង​មួយគ្រឿង​ទៀត ​ជា​របស់​ក្រុមហ៊ុន ប្រេងឥន្ធនៈ​ឈេ​ហ្វ​រ៉ុ​ន​(Chevron) ហើយ​តាម​ផែនការ ក្រុមហ៊ុន​នឹង​តម្លើង​ឧបករណ៍​នេះ​ ឱ្យបាន ​៣០០​ គ្រឿង ក្នុង​រយៈពេល​ បី​ឆ្នាំ​បន្ទាប់​។

​បន្ថែម​ពីលើ​នេះ ដៃគូ​ឯកជន (China Chamberof Commerce)​ ក៏បាន​សន្យា​គាំទ្រ​ការប្រើប្រាស់​យានយន្ត អគ្គិសនី​នៅ​កម្ពុជា ដោយ​ជា​ជំហាន​ដំបូង ​ផ្តល់​ស្ថានីយ​បញ្ចូល​ឋាមពល​យានយន្ត​អគ្គិសនី ​ចំនួន​១០ គ្រឿង​។ ក្រៅពីនេះ ក្រសួង​​ ក៏បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ធំៗ ​ចំនួន​ ៥​ផងដែរ ​រួមមាន​៖ ក្រុមហ៊ុន​សូ​គី​មិច ក្រុមហ៊ុន​តូ​តា​ល់ ក្រុមហ៊ុន​កម្ពុជា​តេ​លា ក្រុមហ៊ុន​កាល់​តិច និង​ក្រុមហ៊ុន​ភី​ធី​ធី​ ដើម្បី​ពិភាក្សា ​ស្តីពី​ការដំឡើង ឧបករណ៍​បញ្ចូល​ឋាមពល ​យានយន្ត​អគ្គិសនី​ នៅតាម​ទីតាំង​នៃ​បណ្តា​ស្ថានីយប្រេងឥន្ធនៈ​ទាំងនេះ​ផងដែរ​៕​សរន /V