ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្ស៊ីបានចេញការគំរាមជាច្រើនដងអំពីថ្ងៃអវសានចំពោះលោកខាងលិច ចំពេលមានភាពតានតឹងកាន់តែខ្លាំងជុំវិញការលុកលុយរបស់លោក វ្ល៉ាឌីមៀ ពូទីន លើអ៊ុយក្រែន។
កាលពីខែមុន វិមានក្រឹមឡាំងបានព្រមានថា អឺរ៉ុបនឹងរលាយបាត់រូបរាងក្នុងពេលផ្ទុះវិបត្តិនុយក្លេអ៊ែរដែលជាការវាយប្រហារពាក្យសម្តីធ្ងន់បំផុតដើម្បីឆ្លើយតបទៅនឹងសម្ពន្ធមិត្តលោកខាងលិចដែលសន្យាបំពាក់អាវុធបន្ថែមទៀតដល់ទីក្រុងគៀវ។
ឥឡូវ ការស្រាវជ្រាវថ្មីបានបង្ហាញថា ប្រសិនបើសង្គ្រាមនុយក្លេអ៊ែររវាងរុស្ស៊ីនិងអាម៉េរិកផ្ទុះឡើងមែននោះ វាទំនងបង្កឱ្យមាន “យុគទឹកកកតូចមួយ” ដែលអូសបន្លាយពេលរាប់ពាន់ឆ្នាំ។
ដុំភ្លើងនុយក្លេអ៊ែរនឹងបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាសខាងលើដែលនឹងបាំងពន្លឺព្រះអាទិត្យ ហើយនាំឱ្យដំណាំខូចខាតអស់ជុំវិញពិភពលោក។នៅក្នុងខែដំបូងបន្ទាប់ពីការបំផ្ទុះនុយក្លេអ៊ែរ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកនឹងធ្លាក់ចុះមកនៅត្រឹមប្រហែល ១៣ អង្សាហ្វារិនហៃ (-១០ អង្សាសេ)។
នោះគឺត្រជាក់ជាងអំឡុងយុគសម័យទឹកកកចុងក្រោយបំផុតទៅទៀត ដែលមានរយៈពេលជាង ១០០.០០០ ឆ្នាំ ដែលបន្ថយសីតុណ្ហភាពពិភពលោកមកនៅត្រឹមប្រហាក់ប្រហែល ១០ អង្សាហ្វារិនហៃ និង បានសម្លាប់ពពួកសត្វដំរីដុះរោមវែងៗ មុនពេលយុគសម័យទឹកកកបានបញ្ចប់កាលពី ១១.៧០០ ឆ្នាំមុន។
ការសិក្សានេះគឺផ្អែកលើការប៉ាន់ស្មានលើកុំព្យូទ័រតាមតំបន់និងកុំព្យូទ័រខ្នាតធំជាច្រើន។
អ្នកដឹកនាំការនិពន្ធ លោកបណ្ឌិត ឆឺរីល ហារីសុន (Cheryl Harrison) មកពីសាកលវិទ្យាល័យរដ្ឋល្វីសៀណា (Louisiana State)បាននិយាយថា”វាមិនសំខាន់ថាតើអ្នកណាបាញ់នុយក្លេអ៊ែរដាក់អ្នកណាមុននោះទេ”។
“វាអាចជាឥណ្ឌានិងប៉ាគីស្ថាន ឬណាតូនិងរុស្ស៊ី។ នៅពេលណាដែលផ្សែងត្រូវបានបញ្ចេញទៅក្នុងបរិយាកាសខាងលើ វានឹងរាលដាលពាសពេញពិភពលោក ហើយប៉ះពាល់ដល់មនុស្សគ្រប់គ្នា”។
ទោះយ៉ាងណា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបាននាំមកនូវការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ ហើយការសិក្សានេះគឺជាការសិក្សាលើកដំបូងដែលផ្តល់នូវរូបភាពច្បាស់លាស់នៃផលប៉ះពាល់បរិស្ថាន ប្រសិនបើលោកពូទីនសម្រេចចិត្តចុចប៊ូតុងនុយក្លេអ៊ែរ។
ប្រទេសចំនួនប្រាំបួន រួមទាំងចក្រភពអង់គ្លេស បច្ចុប្បន្នកាន់កាប់អាវុធនុយក្លេអ៊ែរជាង ១៣.០០០ គ្រាប់ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (Stockholm) ។
ការវិភាគបានបង្ហាញថា សីតុណ្ហភាពក្នុងមហាសមុទ្រនឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយមិនត្រឡប់ទៅរកស្ថានភាពមុនសង្គ្រាមវិញទេ សូម្បីបន្ទាប់ពីផ្សែងបានស្ងប់ក៏ដោយ។
នៅពេលដែលភពផែនដីកាន់តែត្រជាក់ ទឹកកកសមុទ្រនឹងរីកទំហំជិត ១៦ លានគីឡូម៉ែត្រការ៉េនិងមានជម្រៅ ១,៨ ម៉ែត្រ ដែលនឹងរារាំងកំពង់ផែសំខាន់ៗជាច្រើន រួមទាំងកំពង់ផែទីក្រុងប៉េកាំង ទីក្រុងកូប៉ិនហាក និង ទីក្រុងសេនភីតធឺស្បឺក។
បន្ទាប់មកវានឹងរីករាលដាលទៅកាន់តំបន់ឆ្នេរដែលមានអាកាសធាតុធម្មតានិងរារាំងការដឹកជញ្ជូនឆ្លងកាត់អឌ្ឍគោលខាងជើងខណៈការដឹកអាហារនិងការផ្គត់ផ្គង់ទៅកាន់ទីក្រុងមួយចំនួនដូចជាទីក្រុងសៀងហៃ កន្លែងដែលកប៉ាល់មិនបានត្រៀមខ្លួនប្រឈមមុខនឹងទឹកកកសមុទ្រ នឹងមានការលំបាកខ្លាំងជាមិនខាន។
ការថយចុះភ្លាមៗនៃពន្លឺនិងសីតុណ្ហភាពទឹកសមុទ្រ ជាពិសេសពីតំបន់អាក់ទិករហូតដល់អាត្លង់ទិកខាងជើងនិងប៉ាស៊ីហ្វិកខាងជើង នឹងសម្លាប់សារាយ ដែលជាមូលដ្ឋានបណ្តាញអាហាររបស់សត្វសមុទ្រ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការនេសាទនិងការចិញ្ចឹមសត្វសមុទ្របែបវារីវប្បកម្មនឹងត្រូវបញ្ឈប់ ដោយសារតែ “គ្រោះទុរ្ភិក្សនៅក្នុងមហាសមុទ្រ”។
គំរូមួយបានធ្វើត្រាប់សហរដ្ឋអាម៉េរិកនិងរុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរទម្ងន់ ១០០ គីឡូតោនចំនួន ៤.៤០០ គ្រាប់ដើម្បីទម្លាក់លើទីក្រុងនិងតំបន់ឧស្សាហកម្មនានា។
ក្នុងករណីនេះ ដុំភ្លើងនឹងបញ្ចេញផ្សែង ១៥០ តេរ៉ាក្រាម ឬច្រើនជាង ៣៣០ ពាន់លានផោននៃផ្សែងនិងកាបូនខ្មៅ ដែលបាំងពន្លឺព្រះអាទិត្យចូលទៅក្នុងបរិយាកាសខាងលើ។
គំរូមួយទៀតបានបង្ហាញថា ឥណ្ឌានិងប៉ាគីស្ថានបំផ្ទុះអាវុធនុយក្លេអ៊ែរទម្ងន់ ១០០ គីឡូតោនចំនួន ៥០០ គ្រាប់ ដែលនាំឱ្យមានផ្សែងនិងផេះពី ៥ ទៅ ៤៧ តេរ៉ាក្រាម ឬ ១១ ពាន់លានផោនទៅ ១០៣ ពាន់លានផោន។
សាស្ត្រាចារ្យ អាឡាំង រ៉ូបុក (Alan Robock) នៃសាកលវិទ្យាល័យរ៉ាត់ហ្គើ (Rutgers) បាននិយាយថា “សង្គ្រាមនុយក្លេអ៊ែរនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់មនុស្សគ្រប់គ្នា”។
“មេដឹកនាំពិភពលោកបានប្រើប្រាស់ការសិក្សារបស់យើងពីមុនជាកម្លាំងរុញច្រានដើម្បីបញ្ចប់ការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និងកាលពីប្រាំឆ្នាំមុនដើម្បីអនុម័តសន្ធិសញ្ញាមួយនៅអង្គការសហប្រជាជាតិដើម្បីហាមឃាត់អាវុធនុយក្លេអ៊ែរ”។
លោកបានបន្ថែមថា “យើងសង្ឃឹមថាការសិក្សាថ្មីនេះនឹងជំរុញប្រទេសផ្សេងទៀតឱ្យអនុម័តសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ”៕
បើផ្ទុះអាវុធនុយក្លេអ៊ែរ ពិភពលោកនឹងជួបយុគ្គសម័យទឹកកករយៈពេលរាប់ពាន់ឆ្នាំ