ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ នៅថ្ងៃសុក្រទី ៨ កក្កដនេះ ឥណ្ឌូណេស៊ីបានជំរុញក្រុមប្រទេស G20 ឱ្យជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនខណៈពួករដ្ឋមន្ត្រីការបរទេសមកពីក្រុមនេះបានជួបគ្នាក្នុងកិច្ចប្រជុំកំពូលមួយ ដែលដាក់ពួកអ្នករិះគន់ខ្លាំងក្លាបំផុតចំពោះការលុកលុយរបស់រុស្ស៊ីនៅក្នុងបន្ទប់តែមួយជាមួយអ្នកការទូតកំពូលរបស់ទីក្រុងមូស្គូ។
ការប្រជុំនៅកោះបាលីរបស់ឥណ្ឌូនេស៊ីត្រូវបានគ្របដណ្ដប់ដោយសង្រ្គាមនិងឥទ្ធិពលរបស់វាទៅលើសេដ្ឋកិច្ចពិភពលោកដោយពួកមន្ត្រីកំពូលមកពីបណ្តាប្រទេសលោកខាងលិចនិងប្រទេសជប៉ុនបានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះនឹងមិនមែន “ជាការប្រជុំដូចសព្វមួយដងទៀតទេ”។
សម្រែក “តើពេលណាអ្នកនឹងបញ្ឈប់សង្រ្គាម” និង “ហេតុអ្វីបានជាអ្នកមិនបញ្ឈប់សង្រ្គាម” គឺស្តាប់ឮពេញត្រចៀក នៅពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវចាប់ដៃជាមួយសមភាគីឥណ្ឌូនេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) នៅពេលចាប់ផ្តើមកិច្ចប្រជុំ។
ដោយគូសបញ្ជាក់ភាពតានតឹងនៅមុនកិច្ចប្រជុំនេះ លោកស្រីរ៉េតណូបាននិយាយថា មុននេះសមភាគី G7បានជូនដំណឹងដល់លោកស្រីថា ពួកគេមិនអាចចូលរួមអាហារពេលល្ងាចនៅថ្ងៃព្រហស្បតិ៍ ទី៧ កក្កដាបានទេ ព្រោះមានវត្តមានរបស់លោកឡាវរ៉ូវ។
លោកស្រីបាននិយាយកាលពីថ្ងៃសុក្រនៅឯការបើកកិច្ចប្រជុំថា “វាជាទំនួលខុសត្រូវរបស់យើងក្នុងការបញ្ចប់សង្រ្គាមឱ្យបានឆាប់ ហើយដោះស្រាយការខ្វែងគំនិតគ្នារបស់យើងនៅតុចរចាមិនមែននៅសមរភូមិទេ”។
ដោយលើកឡើងអំពីភាពចម្រុះសាសនារបស់ឥណ្ឌូណេស៊ីជាឧទាហរណ៍នៃរបៀបដែលជំនឿខុសគ្នាអាចរួមរស់ជាមួយគ្នាដោយសុខដុមរមនា លោកស្រីរ៉េតណូបានជំរុញឱ្យ G20 “ស្វែងរកផ្លូវឆ្ពោះទៅមុខ” ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជុំវិញពិភពលោក។ លោកស្រីបាននិយាយថា ផលប៉ះពាល់នៃសង្គ្រាម រួមទាំងការឡើងថ្លៃថាមពលនិងអាហារ នឹងប៉ះពាល់ដល់ប្រទេសដែលមានប្រាក់ចំណូលទាបខ្លាំងបំផុត។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសឥណ្ឌូណេស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាមិនរំពឹងមានសេចក្តីថ្លែងការណ៍ណាមួយពីកិច្ចប្រជុំថ្ងៃសុក្រនោះទេ៕
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ចាប់ដៃជាមួយសមភាគីឥណ្ឌូនេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី នៅពេលចាប់ផ្តើមកិច្ចប្រជុំនៅថ្ងៃសុក្រនេះ