ដោយៈ សុផានីតា / កោះកុង: លោកមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ នឹងបន្តប្រឹងប្រែង អភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ចំនន៤វិស័យ ដែលនៅសេសសល់ កាលពីអាណត្តិទី៤ ឱ្យកាន់តែល្អប្រសើរ ឆ្លើយតបតាមសេចក្តីត្រូវការ ចង់បានរបស់ប្រជាពលរដ្ឋ។
លោក រៀម រុំ មេឃុំព្រែកខ្សាច់ ដែលជាប់ឆ្នោតអាណត្តិទី៥ ដោយការបោះឆ្នោត បានលើកឡើង ក្នុងពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំ កាលពីថ្ងៃទី៧ ខែកក្កដា ថាៈ បច្ចុប្បន្ន បញ្ហាកង្វះភ្លើងអគ្គិសនី មណ្ឌលសុខភាព ប្រព័ន្ធទឹកស្អាតប្រើប្រាស់ និងអគារសិក្សាកម្រិតអនុវិទ្យាល័យ។
បើតាមលោក រៀម រុំ មេឃុំព្រែកខ្សាច់ ដែលបានជាប់ឆ្នោត ២ អាណត្តិនេះ បានអះអាងថាៈ នឹងខិតខំធ្វើយ៉ាងណា សម្របសម្រួលគៀងគរថវិកា សម្ភារៈផ្សេងៗ ឬលើសំណើទៅកាន់ រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងរដ្ឋបាលខេត្តកោះកុង ដើម្បីដោះស្រាយ បានទាន់ពេលវេលា ខណៈផែនការអភិវឌ្ឍន៍នេះ ជាតម្រូវការចង់បាន របស់ពលរដ្ឋ ជាយូរឆ្នាំមកហើយ។កន្លងទៅ មូលដ្ឋានឃុំព្រែកខ្សាច់ បានពុះពារជម្នះរាល់បញ្ហាប្រឈមនានា លើដំណើរការ អភិវឌ្ឍន៍ តាមជំហាននីមួយៗ នៃគម្រោងមូលនិធិឃុំ និងការឧបត្តម្ភពី អ្នកឧកញ៉ា លី យ៉ុងផាត់ ទើបសមិទ្ធផលជាច្រើន បានផុសជារូបរាងបន្តបន្ទាប់ បម្រើជាប្រយោជន៍ជូនពលរដ្ឋ មិនថាតែផ្លូវគមនាគមន៍ធ្វើដំណើរ ផ្លូវបេតុង សេវាទូរស័ព្ទ ភ្លើងអគ្គិសនី អគាររដ្ឋបាលឃុំ សាលាបឋមសិក្សា និងវត្តអារាមជាដើម។
ដោយឡែក លោក ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង បានថ្លែងដែរថាៈ បញ្ហាមានសុខភាព ទឹកស្អាត និងភ្លើងអគ្គិសនី លោកនឹងសុំគោលការណ៍បន្ថែម ពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដោយធ្វើយ៉ាងណា ជួយសម្របសម្រួល ឱ្យមានជាមណ្ឌលសុខភាព ទឹក និងភ្លើងអគ្គិសនី តភ្ជាប់ចូលដល់ លំនៅដ្ឋានពលរដ្ឋ។
លោកអភិបាលរងខេត្តកោះកុង ជំរុញដល់ស្នៀនឃុំ និងរដ្ឋបាលឃុំព្រែកខ្សាច់ ចាំបាច់រួមសហការគ្នា ផ្តល់សេវាសាធារណៈជូនពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័សទាន់ពេលវេលា ស្របតាមបទដ្ឋានគតិយុត្តនានា ហើយបង្កើនសហការ ជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ទាញប្រយោជន៍ដល់ ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ ករណីពុំអាចដោះស្រាយបាន ត្រូវសុំគោលការណ៍ មកកាន់លោកអភិបាលស្រុកគិរីសាគរ ភ្លាមៗ កុំទុកបញ្ហាចោទគ្នា ត្រូវរួមគ្នាដោះស្រាយ។
ទាក់ទិននឹងបញ្ហាជំងឺកូវីដ លោក ឃឹម ច័ន្ទឌី ក៏លើកចិត្ត ដល់អាជ្ញាធរឃុំ បង្កើនការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ទៅទទួលថ្នាំវ៉ាក់សាំង ឱ្យបានគ្រប់ចំនួនដូស តាមការអំពាវនាវរបស់ រដ្ឋបាលខេត្ត និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យ មានភាពសុាំក្នុងសហគមន៍ និងការពារការរីករាលដាលជំងឺនេះ ឡើងវិញជាថ្មី៕/V