ដោយៈ តាកែវ / តាកែវ: នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២ នេះ កងកំលាំងរាជអាវុធហត្ថ ខេត្តតាកែវ បានបង្ហាញមុខសញ្ញា ជាជនសង្ស័យ កាប់ប្លន់ម៉ូតូ និងឆក់ យ៉ាងកក្រើក នៅក្នុងខេត្តតាកែវ រយៈពេល ៣ ខែកន្លងមកនេះ ចំនួន ៦នាក់ ក្នុងចំណោមបក្ខពួក ១១នាក់ ដែលបានរត់គេចខ្លួន ដល់មហាជនបានឃើញមុខពិត របស់ជនសង្ស័យ ដែលមានវ័យទើបតែ ១៧ឆ្នាំ និង ១៨ឆ្នាំតែប៉ុណ្ណោះ ។
បើតាមការបញ្ជាក់ពីលោក វរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តតាកែវ បានឱ្យដឹងថាៈ ជនសង្ស័យទាំង ៦នាក់នេះ គឺជាមុខសញ្ញាបង្កើតបទល្មើស ជាច្រើនករណី ក្នុងនោះមានកាប់ប្លន់ ធាក់ផ្តួលប្លន់យកម៉ូតូ និងធ្វើសកម្មភាពឆក់កាបូប យ៉ាងកក្រើក នៅក្នុងទឹកដី នៃខេត្តតាកែវ រយៈពេលជាង ៣ខែមកនេះ ។
លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ បានបន្តថាៈ ការឈានទៅដល់ការឃាត់ ខ្លួនជនសង្ស័យនេះបាន គឺដំបូងកំលាំងយើង បានចុះទៅបង្ក្រាបករណីគ្រឿងញៀនទេ តែនៅពេលឃាត់ខ្លួនជនសង្ស័យ ក៏ឆែកឆេរកឃើញស្លាកលេខម៉ូតូថ្មីមួយ ទើបកំលាំងជំនាញ ធ្វើការស្រាវជ្រាវ និងសាកសួរជនសង្ស័យ ថាជាស្លាកលេខម៉ូតូ កែប 1B-4438 នោះ ជាស្លាកលេខម៉ូតូរបស់អ្នកណាគេ ក្រោយពេលសួរនាំ និងអង្កេតយ៉ាងលម្អិត ទើបជនសង្ស័យ ព្រមសារភាពថា ជាស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ដែលបានមកពីការធ្វើសកម្មភាព ធាក់ប្លន់យកម៉ូតូ នៅផ្លូវបំបែក ពេជ្រសារ ស្រុកគីរីវង់ ខេត្តតាកែវ កាលពីយប់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២២ និងមានករណីកាប់ប្លន់ម៉ូតូ ជាច្រើនករណីទៀត នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលក្រុមជនសង្ស័យ បានធ្វើសកម្មភាពបានសម្រេច កន្លងមក ។
ជនសង្ស័យទាំង ៦នាក់ រួមមានៈ ទី១ ឈ្មោះ វឿន រក្សា អាយុ ១៧ឆ្នាំ រស់នៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ, ទី២ ឈ្មោះ ចែម លីហេង អាយុ ១៧ឆ្នាំ រស់នៅភូមិបាក់កូដ ឃុំលាយបូរណ៍ ស្រុកត្រាំកក់, ទី៣ ឈ្មោះ ម៉ែន វីរៈ អាយុ ១៧ឆ្នាំ រស់នៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ, ទី៤ ឈ្មោះ តូច រតនា អាយុ ១៨ ឆ្នាំ រស់នៅភូមិបិនម៉ៅ សង្កាត់រកាក្រៅ, ទី៥ ឈ្មោះ មឿន ជីវ័ន្ត អាយុ១៨ឆ្នាំ រស់នៅភូមិសូរច័ន្ទ សង្កាត់រកាក្រៅ និង ៦. ឈ្មោះ អ៊ុង សំនាង អាយុ ១៨ឆ្នាំ រស់នៅភូមិប៊ិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ។ ជនសង្ស័យទាំង ៦ នាក់ ជាក្រុមក្មេងប្រុសស្ទាវ ខាងលើ មានមុខរបរ មិនពិតប្រាកដ ដូចគ្នា ហើយត្រូវបានកំលាំងកងរាជអាវុធហត្ថ ខេត្តតាកែវ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ហើយ នៅព្រឹកមិញនេះ។
ដោយឡែក ចំពោះជនសង្ស័យដែលជាបក្ខពួក ចំនួន ៥នាក់ផ្សេងទៀត កំពុងរត់គេចខ្លួននោះ សមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួន ជាបន្តទៀត ដើម្បីនាំខ្លួន យកមកផ្ដន្ទាទោស តាមច្បាប់៕/V