​ប្រែ​សម្រួលៈ​បំណង​(ST)៖ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អាបេ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សុក្រ ក្រោយ​រង​ការបាញ់ប្រហារ​ក្នុងអំឡុងពេល​លោក​ថ្លែង​សុន្ទរកថា​ឃោសនា​បោះឆ្នោត​នៅ​​តំបន់​ណា​រ៉ានៅ​ជប៉ុន​ខាងលិច​។​

​ការស្លាប់​របស់​លោក​ត្រូវ​បាន​បញ្ជាក់​ដោយ​មន្ត្រី​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​(LDP)​របស់​លោក​ទៅ​កាន់​សារព័ត៌មាន​ក្នុងស្រុក នៅ​ប្រហែល​ប្រាំមួយ​ម៉ោង​ក្រោយ​ការវាយប្រហារ​នៅ​ម៉ោង​១១​កន្លះ​ព្រឹក​​និង​កើតឡើង​ក្រោយ​ក្រុម​វេជ្ជបណ្ឌិត​ខ្នះខ្នែង​សង្គ្រោះ​ជីវិត​របស់​លោក​។​

​មុននេះ នាយករដ្ឋមន្ត្រី ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា បាន​និយាយថា លោក​អាបេ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ណាស់​។​​«​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ គឺសូមអោយ​អោយ​គាត់​មានជីវិត​។​ខ្ញុំ​បន់ស្រន់​ចេញពី​ជំរៅ​បេះដូង​របស់ខ្ញុំ​​សូមអោយ​ជីវិត​របស់​គាត់​ត្រូវបាន​សង្គ្រោះ​»​។​

​មុននេះ សារព័ត៌មាន​ក្យូ​ដូ​និង​ទូរទស្សន៍​NHK​បាន​រាយការណ៍​ថា លោក​អាបេ​ទំនងជា​គាំងបេះដូង​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​វា​ជា​ពាក្យ​ដែល​នៅ​ជប៉ុន​គេ​ប្រើ​មុន​ការប្រកាស​មរណភាព​ផ្លូវការ​៕

អាគី អាបេ​(​កណ្តាល​)​ភរិយា​របស់​ស៊ីន​ហ្សូ អាបេ បាន​ខិតខំ​ធ្វើដំណើរ​តាម​រថភ្លើង​មក​កាន់​ក្រុង​ណា​រ៉ា និង​ទៅ​មន្ទីរពេទ្យ​ដើម្បី​មើល​ស្វាមី​