ដោយ: តាកែវ / តាកែវ: នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២ នេះ ជនសង្ស័យម្នាក់ ត្រូវបានកំលាំងកងរាជអាវុធហត្ថ ខេត្តតាកែវ ឃាត់ខ្លួននិងកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូង ពីបទល្មើសជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ។ ក្រោយធ្វើការសាកសួរ និងធ្វើនីតិវិធីរួច ត្រៀមបញ្ជូនខ្លួនទៅតុលាការ ជនសង្ស័យ បានត្រឹមស្រក់ទឹកភ្នែក នឹកស្តាយក្រោយជាពន់ពេក ដោយសារតែគ្រឿងញៀន ធ្វើឱ្យគាត់បែកបាក់គ្រួសារ ព្រាត់ពី ប្រពន្ធកូន ដែលទើបតែមានអាយុ ១ខែកន្លះ ក្លាយជាឪពុកមិត្តល្អសម្រាប់កូន សម្តីចុងក្រោយ «ខ្ញុំខុសហើយ សូមកុំធ្វើតាមខ្ញុំ» ។
លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តតាកែវ បានឱ្យដឹងថាៈ កាលពីថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាក់ស្តែង បានឃាត់ខ្លួនជនសង្ស័យ បានចំនួន ១នាក់ ឈ្មោះ ង៉ែត រដ្ឋា (ហៅប៉ង់) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងដកហូតបាន វត្ថុតាង រួមមាន ក្រាមពណ៌សថ្លា ៣ កញ្ចប់ ទម្ងន់ ២៤,៦៣ ក្រាម (ថ្លឹងទាំងសំបក់ថង់), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១គ្រឿង, ទូរស័ព្ទចំនួន ១គ្រឿង, កាំភ្លើងបាញ់គ្រាប់កង់ (ប្រើហ្គាស) ចំនួន ១ដើម, កាំបិតចំនួន ២, និងជំពាមកៅស៊ូ ចំនួន ១។
ក្រោយការឃាត់ខ្លួននោះ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ហើយសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធី៕/V