ដោយៈ តាកែវ / តាកែវ: ប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ លោកវេជ្ជ. នុត ស៊ីណាត និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានធ្វើការណែនាំទៅដល់ ក្រុមគ្រូពេទ្យទាំងអស់ ទាំងផ្នែកឯកជន និងរដ្ឋ ត្រូវតែពិនិត្យព្យាបាលអ្នកជំងឺមុន ដោយមិនត្រូវយកលុយជាធំនោះទេ ព្រោះវាមិនត្រឹមត្រូវ ទៅនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។
ថ្លែងនៅចំពោះមុខក្រុមគ្រូពេទ្យទាំងរដ្ឋ និងឯកជនជាង ២០០ នាក់ ដែលបានមកចូលរួម ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈលើកទី៩ ដែលរៀបចំធ្វើឡើង នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ទៀតថាៈ គ្រូពេទ្យគឺជាអ្នកជួយសង្គ្រាះ អាយុជីវិតរបស់អ្នកជំងឺ តែប្រសិនបើ គ្រូពេទ្យនេះ ជាគ្រូពេទ្យដែលគ្មានសីលធម៌វិជ្ជាជីវៈនៅក្នុងខ្លួន អាចនាំឱ្យគ្រោះថ្នាក់ ដល់អាយុ ជីវិតអ្នកជំងឺ ដូច្នោះត្រូវតែគោរពគោលការណ៍ ក្រមសីលធម៌របស់ខ្លួន ឱ្យបានត្រឹមត្រូវ ។
លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងបន្តទៀតថាៈ ការពិនិត្យ និងព្យាបាលអ្នកជំងឺ វាជារឿងដែលក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែអនុវត្តឱ្យបានល្អប្រសើរជាចាំបាច់ ហើយសូមកុំ យកលុយជាធំ មុនការពិនិត្យ និងព្យាបាល ។ ម្យ៉ាងទៀត ការប្រកាន់ខ្ជាប់ ក្រមសីលធម៌ វិជ្ជាជីវៈនេះ របស់ក្រុមគ្រូពេទ្យ បង្ហាញឱ្យឃើញពីភាពថ្លៃថ្នូរ និងទទួលបានការគោរព ពីមជ្ឈដ្ឋានទូទៅ និងអ្នកជំងឺផងដែរ ។
លោក នុត ស៊ីណាត បានបន្ថែមថាៈ ក្រុមគ្រូពេទ្យរបស់យើង ក៏ត្រូវតែពង្រឹងសមត្ថភាព របស់ខ្លួន ឱ្យកាន់តែល្អថែមទៀត លើការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ហើយក្នុងនោះ យើងក្នុងនាមជាគ្រូពេទ្យ ត្រូវប្តូរឥរិយាបទ គោរពជីវិត រាងកាយនិងសេក្តីថ្លៃថ្នូររបស់មនុស្ស ដើម្បីជាគុណប្រយោជន៍របស់អ្នកជំងឺ ពិសេសគឺ ក្រុមគ្រូពេទ្យ ក៏ត្រូវតែផ្លាស់ប្តូរទម្លាប់ នៃការពិិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អ ប្រសើរថែមទៀត ៕/V