ដោយ: សុវណ្ណកុម្ភៈ / ភ្នំពេញ: ក្នុងខណៈពេលដែលនៅសល់ ៣០០ ថ្ងៃទៀត ព្រឹត្តិការណ៍នឹងមកដល់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០ (CAMSOC) បានជម្រាបជូន ពីផែនការការងារ ដែលនឹងត្រូវពន្លឿនបន្ថែម ក្នុងរយៈពេលជាង ១០ខែ ចំពោះមុខបន្តទៀតដោយធ្វើយ៉ាងណា ឲ្យគ្រប់មុខងារ នៃការដឹកនាំគ្រប់គ្រង ព្រឹត្តិការណ៍ទាំងអស់ ត្រូវសម្រេចនៅក្នុងឆមាសទី២ នេះ។
ឆ្នាំ២០២២ នេះ គឺហៅថាឆ្នាំ ” Games Operation Time ” បានន័យថា ជាពេលវេលារៀបចំហ្គេមហើយ ព្រោះមកដល់ឥឡូវ យើងនៅសល់ ១០ ខែទៀតទេ ដែលយើងនៅមានពេល សេសសល់ក្នុងការធ្វើនេះ។ ហេតុនេះ មកដល់ពេលនេះ យើងឃើញថា អ្វីដែលជាផែនការ អ្វីដែលជាគម្រោង អ្វីដែលជាយុទ្ធសាស្ត្រ និងនីតិវិធី និងយន្ដការនៃការធ្វើការងារ គឺមានអស់ហើយ។ អ្វីដែលនៅសល់ គឺយើងគ្រាន់តែជំរុញ ការអនុវត្តសកម្មភាព ធ្វើការអុនវត្តឲ្យមាន ភាពជឿនលឿនទៅមុខ ហើយនិងដោះស្រាយ បញ្ហាបណ្ដើរៗ ។
នាពេលនេះ លោកបណ្ឌិត ថោងខុន លោកខ្វាយខ្វល់ហើយនិងយកចិត្តទុកដាក់ខ្ពស់ ណាស់ ហើយលោកមានសុភវិនិច្ឆ័យ ច្បាស់លាស់ ហើយនិងមានការចង្អុលបង្ហាញ អំពីបទពិសោធន៍ ក្នុងការគ្រប់គ្រងដឹកនាំ ព្រឹត្តិការណ៍នេះ ល្អប្រសើរណាស់។
អ្វីដែលលោកពន្លឿនការដឹកនាំនេះ គឺយើងត្រូវធ្វើយ៉ាងណា ឲ្យមុខងារខ្លះ គឺត្រូវធ្វើប្រតិភូកម្ម បានន័យថា ផ្ទេរមុខងារជំនាញមួយចំនួន ទៅឲ្យដៃគូឯកជន ដើម្បីសម្រាលបន្ទុក និងគេធ្វើតាមជំនាញវិជ្ជាជីវៈរបស់គេ ដូចជាពិធីបើក-បិទ ត្រូវមានភាគីជួយជំនួយពីក្រោយ, ការរៀបចំប្រព័ន្ធគ្រប់គ្រង ត្រូវមានការគ្រប់គ្រង ដោយច្បាស់លាស់។ គ្រប់ការដឹកនាំទាំងអស់ ត្រូវគ្រប់គ្រង ជាប្រព័ន្ធ(system)គ្រាន់តែការដឹកជញ្ជូន ក៏មានប្រព័ន្ធគ្រប់គ្រង។ ចលនាមនុស្សចូល មនុស្សចេញ ផ្នែកណា ក៏មានក្នុងប្រព័ន្ធគ្រប់គ្រងទាំងអស់។
ដូច្នេះការដឹកនាំកម្លាំងបញ្ជាប្រតិបត្តិការ ចេញពីប្រព័ន្ធហ្នឹង គេហៅ ” Game Management System ” គឺការគ្រប់គ្រង ដោយបច្ចេកវិទ្យា។ ការគ្រប់គ្រងដោយ បច្ចេកវិទ្យានេះ ធ្វើឲ្យយើងឆាប់ទទួលបានព័ត៌មានដើម្បីគ្រប់គ្រង មានសុវត្ថិភាព មានប្រសិទ្ធភាពខ្ពស់ ហើយធ្វើឲ្យសន្តិសុខ សណ្ដាប់ធ្នាប់ យកទៅរៀបចំផែនការសុវត្ថិភាព និងសន្តិសុខ សណ្ដាប់ធ្នាប់បានល្អ។
លោកបានជម្រាបបន្ថែមថាៈ គិតមកទល់ពេលនេះ មិនទាន់មានឧបសគ្គដែលរាំងស្ទះ ដល់ដំណើរនៃការរៀបចំ ព្រឹត្តិការណ៍នោះទេ។ ដូច្នេះអ្វីៗ អាចនឹងត្រូវរួចរាល់ នៅបំណាច់ឆ្នាំ
២០២២ ជាពិសេសការរៀបចំទីលានប្រកួតការតុបតែងកែលម្អ និងការបំពាក់ឧបករណ៍ សម្ភារៈកីឡា ដែលត្រូវតាមស្ដង់ដារ នៃបច្ចេកទេសកីឡាអន្តរជាតិ។
ពេលនេះ កម្ពុជា ក៏ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ានប៉ារ៉ាហ្គេម នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ ក៏នឹងមានការចុះវាយតម្លៃ លើហេដ្ឋារចនាសម្ព័ន្ធទីលាន ដែលលោករំពឹងថា នឹងទទួលបានយោបល់ល្អៗ ពីអ្នកជំនាញរបស់ប្រទេសនីមួយៗ ផងដែរ។
លោកបានមានប្រសាសន៍ៈ ” នៅសប្ដាហ៍ក្រោយ គឺថ្ងៃទី១១, ១២, ១៣ កក្កដា នឹងមាន ក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងក្រុមប្រឹក្សាកីឡាអាស៊ានប៉ារ៉ាហ្គេម គាត់មកធ្វើការវាយតម្លៃ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ទីលានរបស់យើង ទៅលើទិដ្ឋភាពនៃការរៀបចំខ្លួនរបស់យើង។ នៅពេលនោះហើយ ដែលយើងនឹងទទួលបាននូវដំបូន្មានបន្ថែមទៀត ពីក្រុមជំនាញរបស់ ប្រទេសនីមួយៗ ដែលមកចូលរួមប្រជុំ និងមកចូលរួមសង្គេតការណ៍ និងវាយតម្លៃ ហើយជំរុញឲ្យយើង ជាម្ចាស់ផ្ទះរៀបចំឲ្យបានត្រឹមត្រូវ ទទួលបាននូវស្ដង់ដារមួយ ដែលអន្តរជាតិគេទទួលយកបាន។
អ្វីដែលជាកង្វល់ លោកបានមានប្រសាសន៍បន្តថាៈ ការកសាងសមត្ថភាព កីឡាករ- កីឡាការិនី ឲ្យដល់ការប្រកួតប្រជែងកម្រិតខ្ពស់ ខណៈនេះ គណៈកម្មាធិការជាតិ CAMSOC និងអគ្គនាយកដ្ឋានកីឡា កំពុងធ្វើការលើផ្នែកបច្ចេកទេស។ ជាក់ស្ដែង នៅខែក្រោយនេះ កីឡាករ-កីឡាការិនី ១៦១នាក់ នឹងចេញទៅហ្វឹកហាត់ នៅសាធារណរដ្ឋ ប្រជាមានិតចិន តាមគម្រោងជំនួយឥតសំណង។ ក្រៅពីនេះ ក៏មានការអញ្ជើញគ្រូបង្វឹកថ្មីៗ តាមប្រភេទកីឡាមួយចំនួន មកពីបរទេស និងជាពិសេស ការចេញទៅចូលរួមការប្រកួត អន្តរជាតិ៕/V