ដោយ​៖ សុវណ្ណ​កុម្ភៈ​/ ភ្នំពេញ​៖ នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ ក្រុម​ប្រតិភូ​កីឡា​ប៉េតង់​កម្ពុជា បានធ្វើ​ដំណើរ កាលពី​វេលា​ម៉ោង ១២​និង​៤០​នាទី រំលងអធ្រាត្រ ថ្ងៃ​សុក្រ ទី​៨ ខែកក្កដា ឆ្នាំ​២០២២ នេះ ទៅកាន់​សហរដ្ឋអាមេរិក ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត កីឡា​ពិភពលោក (The World Games 2022 Birmingham, USA) ឆ្នាំ​២០២២ ។​

​ប្រតិភូ​កីឡា​ប៉េតង់​កម្ពុជា មាន​ចំនួន ៥​នាក់​គឺ កីឡាការិនី អ៊ុក ស្រីមុំ និង​កីឡាការិនី អ៊ុន ស្រី​យ៉ា ដឹកនាំ​ដោយ​កញ្ញា គិ​ន សំណាង អគ្គលេខាធិការ​ង សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា លោក ហៀន ថាវរ​: មន្ត្រី​សហព័ន្ធ និង​លោក ចាន់ វិចិត្រ មន្ត្រី​ព័ត៌មាន​។​

​កញ្ញា គិ​ន សំណាង បាន​គូសបញ្ជាក់ថាៈ ការប្រកួត​កីឡា​ពិភពលោក​នេះ មាន​ប្រភេទ​កីឡា ច្រើន​ចម្រុះ ប៉ុន្តែ​កម្ពុជា​បាន​បញ្ជូន​ផ្នែក​ប៉េតង់ ចូលរួម​ដោយមាន​កីឡាការិនី ២​នាក់​គឺ កីឡាការិនី អ៊ុក ស្រីមុំ និង​កីឡាការិនី អ៊ុន ស្រី​យ៉ា ដោយ​ត្រូវ​ប្រកួត​លើ ២ វិញ្ញាសា គឺ​វិញ្ញាសា ២​នាក់​ទល់​២​នាក់ និង​វិញ្ញាសា​វាយយក​ពិន្ទុ​។​

​កញ្ញា អគ្គលេខាធិការរង​រូបនេះ បាន​បន្តថាៈ ប៉េតង់​កម្ពុជា សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល ល្អ ដោយសារ​សហព័ន្ធ មាន​ផែនការ​ច្បាស់លាស់ ក្នុងការ​សម្រិតសម្រាំង កីឡាការិនី ដែលមាន​បទពិសោធន៍ និង​បច្ចេកទេស​ខ្ពស់ ដោយ​ធ្លាប់​ឆ្លងកាត់ ការប្រកួត​កម្រិត​អន្តរជាតិ ញឹកញាប់ ព្រមទាំង​ជា​ម្ចាស់​មេដាយមាស កម្រិត​អន្តរជាតិ​ទៀតផង​។​

​កីឡាការិនី អ៊ុន ស្រី​យ៉ា បាន​បញ្ជាក់ថា ការ​ចេញទៅ​លើក​នេះ គឺ​ខ្លួន​បាន​ត្រៀមលក្ខណៈ បានល្អ ដោយបាន​ហ្វឹកហាត់ និង​សម​ផ្នែក​ប​ច្ចេ​ទេស ជាមួយ​កីឡាការិនី អ៊ុក ស្រីមុំ ក្នុងការ​សហការ​ប្រកួត​ជា​ក្រុម នៅ​សហរដ្ឋអាមេរិក​នេះ​។ កីឡាការិនី អ៊ុន ស្រី​យ៉ា បាន​បន្តថាៈ កីឡាករ កីឡាការិនី របស់​ប្រទេស​ជា​ឧបសគ្គ សម្រាប់​ប៉េតង់​កម្ពុជា មាន​ច​ម្លោះ​ពី ៨ ទៅ ១០ ប្រទេស ដូចជា ប្រទេស​ថៃ​, បារាំង​, ដា​ណា​ម៉ាក ជាដើម ដែល​តែងតែ​ប្រកួត​យ៉ាង​ស្វិតស្វាញ ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា លើ​ឆាក​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍​ធំៗ ដូចជា​ការប្រកួត កីឡា​ស៊ី​ហ្គេម កម្រិត​អាស៊ី និង​ជើងឯក​ពិភពលោក​។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ពិភពលោក ឆ្នាំ​២០២២ ធ្វើ​នៅ Birmingham នៃ​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ៕/V​