ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានជំរុញរដ្ឋបាលឃុំកំពង់ស្វាយ ក្រុមប្រឹក្សាឃុំ មេភូមិ ដោះស្រាយការលំបាក បញ្ហាប្រឈមនានា និងកសាង ហេដ្ឋារចនាសម្ព័ន្ឋ ឱ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋ ។
លោកអភិបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជំរុញដូច្នេះ នៅពេលលោក អញ្ជើញជា អធិបតីភាព ក្នុងពិធីការប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំកំពង់ស្វាយ នៅរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំកំពង់ស្វាយ។
ក្រោយពីលោក ជួន ថុល មេឃុំកំពង់ស្វាយ បានឡើងប្ដេជ្ញាចិត្តរួចមក លោក អ៊ុន បុត្ត បានមានប្រសាសន៍ ដោយសង្កេតឃើញថា លោក លោកស្រី ដែលទើបបាន ជាប់ឆ្នោតថ្មី ដែលបានជាប់ឆ្នោតឡើងវិញ ជាសមាជិកក្រុមប្រឹក្សាឃុំកំពង់ស្វាយ ពិតជាមាន ការរីករាយ ប្រកបដោមោទនភាព។ លោក លោកស្រី ក្នុងអាណត្តិទី៥នេះ និងកំពុងសម្រេច ឆន្ទៈ ក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបម្រើ ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ក្នុងឃុំរបស់ខ្លួន។ ដូច្នេះ សូមមេត្តាយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវ តាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា របស់ រាជរដ្ឋាភិបាល ចំពោះមុខមួយចំនួន នៅក្នុងមូលដ្ឋាន។ ពិតជាមានឆន្ទៈរួមទាំងការធានាបាន នូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នា នៅក្នុងការបំពេញការងារ ដោយសង្កេតឃើញថា ក្រុមប្រឹក្សាឃុំ ប្រកបដោយភាពសប្បាយរីករាយ ដឹកនាំការងារផ្ទៃក្នុង របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ តាមរយៈការប្រគល់ត្រា បញ្ជីសម្ភារៈ ប្រាក់កាស និងឯកសារនានា ជូនដល់សាមីខ្លួន ដើម្បីធ្វើការងារបន្តទៀត ក្នុងអាណត្តិទី៥ ឆ្នាំ២០២២៕/V