​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២​នេះ មន្ទីរ​ព័ត៌មាន ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ អង្គការ​ក្រុមការងារ ដើម្បី​ដោះស្រាយ​ទំនាស់ (ACT) បានរៀបចំ​សិក្ខាសាលា ស្ដីពី​ការអនុវត្ត​វិ​ជ្ជ​ជីវៈ និង​សេរីភាព​សារព័ត៌មាន ក្នុង​ក្របខ័ណ្ឌ​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​សិក្ខាសាលា​នេះ ធ្វើ​ឡេ​ី​ង នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត ក្រោម​អធិបតីភាព​លោក ម៉ម ឈឿ​ម ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តកំពង់ឆ្នាំង និង​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត រួមជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត បាន​ចូលរួម ផងដែរ​។​

​លោក ម៉ម ឈឿ​ម បាន​ថ្លែង​ក្នុងឱកាស​បើក​ពិធី​នេះ​ថាៈ សិក្ខាសាលា​នេះ មាន​គោលបំណង មិន​ត្រឹម​ដើម្បី​ពង្រឹង​នូវ​សមត្ថភាព ការអនុវត្ត​ការងារ ប្រព័ន្ធ​ផ្សព្វផ្សាយ​វិស័យ​ព័ត៌មាន ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ផ្តល់ឱកាស ដល់​មន្ត្រី​ផ្សព្វផ្សាយ នៃ​មន្ទីរ​ព័ត៌មាន អ្នកសារព័ត៌មាន បាន​យល់ដឹង​បន្ថែម​មួយកម្រិត​ទៀត ពី​វិជ្ជាជីវៈ​.​ក្រមសីលធម៌ និង​សេរីភាព​សារព័ត៌មាន និង​ទទួលបាន​នូវ​បទពិសោធន៍ និង​បាន​ពិភាក្សាគ្នា ពី​បញ្ហា​ប្រឈម​នានា ក្នុងពេលដែល​ចុះ បំពេញការងារ របស់​អ្នកសារព័ត៌មាន ដើម្បី​រួមគ្នា​ស្វែ​ករក​ដំណោះស្រាយ ពិសេស​បន្ត​ចូលរួម អនុវត្ត​ការ​ផ្តល់ព័ត៌មាន​បែប​សន្តិភាព​អហិង្សា ក្នុង​ស្មារតី​ធ្វើឱ្យ​សង្គមជាតិ កាន់តែ​ទទួលបាន ការអភិវឌ្ឍ មានការ​គោរព​ច្បាប់​របប​សារព័ត៌មាន ក្រមសីលធម៌ និង​វិជ្ជាជីវៈ ផងដែរ​។

​លោក ម៉ម ឈឿ​ម បាន​បន្តទៀតថាៈ សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ នឹង​ឆ្លើយតប យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់ នូវ​កំណែទម្រង់​ស៊ីជម្រៅ ដែល​រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ និង​សូម​អរគុណ​ចំពោះ​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន មន្ត្រី​ផ្សព្វផ្សាយ​នៃ​មន្ទីរ​ព័ត៌មាន អ្នកសារព័ត៌មាន និង​ការចែករំលែក​នូវ​ចំណេះដឹង បទពិសោធន៍ និង​មតិយោបល់​ល្អៗ និង​លើកឡើង​នូវ បញ្ហា​ប្រឈម​នានា ពេល​បំពេញការងារ មក​ពិភាក្សា និង​រួមគ្នា​រក​ដំណោះស្រាយ​សមស្រប ដោយ​ផ្តោតលើ​ការលើកកម្ពស់​វិស័យ​ព័ត៌មាន អនុវត្ត​ខ្លឹមសារ​សារព័ត៌មាន សន្តិភាព និង​អហិង្សា នេះ​គឺជា​ការទទួលខុសត្រូវ​ខ្ពស់ និង​បង្ហាញឱ្យឃើញ ពី​ការអភិវឌ្ឍ​វិស័យ​ព័ត៌មាន នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ប្រធាន​មន្ទីរ ក៍បាន​មានប្រសាសន៍​ណែនាំ ដល់​មន្ត្រី​ផ្សព្វផ្សាយ​នៃ​មន្ទីរ​ព័ត៌មាន អ្នកសារព័ត៌មាន​ទាំងអស់ ខិតខំ​អនុវត្ត​នូវ​អ្វី ដែលមាន​សារៈសំខាន់ ទទួលបាន​ពី​កិច្ចពិភាក្សា ក្នុង​សិក្ខាសាលា​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ អនុវត្តបាន​តាម​វិជ្ជាជីវៈ ក្រមសីលធម៌​សារព័ត៌មាន ក្នុង​ក្របខ័ណ្ឌ​ច្បាប់ របប​សារព័ត៌​មាននៃ​កម្ពុជា ពិសេស​ការ ដាក់បញ្ចូល “​សារ​សន្តិភាព អហិង្សា​” ចូលក្នុង​អត្ថបទ​ព័ត៌មាន​របស់ខ្លួន ដើម្បី​សង្គម​មួយ មាន​សន្តិសុខ ស្ថេរភាព​សង្គម គ្មាន​អំពើហិង្សា ដើម្បី​ជា​កំលាំង​ជំរុញ​ដ៏​សំខាន់ ក្នុង​ការកសាង​វប្បធម៌​សន្តិភាព គ្រប់​ទីកន្លែង​ក្នុង​សង្គមជាតិ យ៉ាងពិត​ប្រាកដ​៕/V