ដោយៈមុនីរ័ត្ន/ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជានៅរសៀលថ្ងៃទី៨ខែកក្កដាឆ្នាំ២០២២នេះបាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​សមានចិត្ត​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម គី​ស៊ី​ដា ហ្វឹ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន និង​ជូន​ចំពោះ​ក្រុមគ្រួសារ​សព​រប​ស់ឯក​ឧ​ត្ត​ម អា​បេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ក៏ដូចជា​ប្រជាជន​ជប៉ុន ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។​

សម្តេចតេជោ ហ៊ុន សែន និង លោក អាបេ ស៊ីនហ្សូ (រូបថតឯកសារ)

​យោងតាម​សារ​រំលែក​ទុក្ខ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើជូន​ឯកឧត្តម គី​ស៊ី​ដា ហ្វឹ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ មាន​ខ្លឹមសារ​ដូចតទៅៈ “​ខ្ញុំ​មាន​អារម្មណ៍​រន្ធត់ចិត្ត​យ៉ាងខ្លាំង និង​សោកសៅ​ជា​ពន់ពេក ដែល​ទទួលបាន​ព័ត៌មាន​អំពី​មរណភាព​របស់​ឯកឧត្តម អា​បេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដោយសារ​ការធ្វើឃាត​ទាំង​កណ្តាល​ថ្ងៃ​”​។​

​នៅក្នុង​សារ​រំលែក​ទុក្ខ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្តថា “​តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្ដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​សមានចិត្ត​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម និង​តាមរយៈ​ឯកឧត្តម ជូន​ចំពោះ​ក្រុមគ្រួសារ​សព ក៏ដូចជា​ប្រជាជន​ជប៉ុន ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។ សមានចិត្ត និង​ការ​បួងសួង របស់​យើងខ្ញុំ​ស្ថិតនៅ​ជាមួយ​ឯកឧត្តម​និង​ប្រជាជន​ជប៉ុន នៅក្នុង​កាលៈទេសៈ​ដ៏​សោកសង្រេង​នេះ​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ឯកឧត្តម អា​បេ ស៊ីន​ហ្សូ ជា​រដ្ឋបុរស​ជប៉ុន​លេចធ្លោ​មួយរូប ដែល​ត្រូវបានគេទទួលស្គាល់ និង​លើកសរសើរ​យ៉ាង​ទូលំទូលាយ​ចំពោះ​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​សមត្ថភាព ក្នុងការ​ជំរុញ​វឌ្ឍនភាព​របស់​ជប៉ុន និង​ការចូលរួមចំណែក​យ៉ាងសកម្ម​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល ក្នុងនាម​ជា​មិត្ត​ល្អ​យូរលង់​របស់ខ្ញុំ និង​កម្ពុជា ឯកឧត្តម អាប ស៊ីន​ហ្សូ បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ខ្ញុំ ក្នុងការ​លើកកម្ពស់​ទំ​នាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​បន្ថែមទៀត នៅក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​របស់​ឯកឧត្តម ក្នុងនោះ​រួមទាំង​ការលើក​កម្រិត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យទៅជា​ដៃគូ​យុទ្ធសាស្ត្រ កាលពី​ឆ្នាំ​២០១៣​។ ឯកឧត្តម អាប ស៊ីន ហ្សូ នឹង​នៅតែ​ទទួល​បានការ​នឹករលឹក​យ៉ាងខ្លាំង ហើយ​ស្នាដៃ​របស់គាត់ ក៏​នឹង​ត្រូវបាន​ចងចាំ​ជា​រៀង ដរាប​”៕ សរន