ដោយៈ បូកគោ / កំពត​: រថយន្ត​ធុន​ធំ​មួយគ្រឿង បាន​ក្រឡាប់​សង្កត់​លើ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ពេល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាលឱ្យ​អ្នកបើកបរ និង​សិស្សសាលា ប្រាំ​នាក់ រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ លើ​ដង​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រៃ​ថ្នង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ​។​

​មន្ត្រីនគរបាល​ស្រុក​ទឹកឈូ បាន​ប្រាប់​ឱ្យដឹងថាៈ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ រួមមាន ១.​ឈ្មោះ ជ័យ ចូ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ​, ២. ឈ្មោះ រក្សា ភេទ​ស្រី អាយុ ១៦​ឆ្នាំ​, ៣. ឈ្មោះ ឈី​ម រស្មី ភេទ​ប្រុស អាយុ ១៤​ឆ្នាំ​, ៤. ឈ្មោះ យឿន ចាន់​ភារ​រម្យ ភេទ​ប្រុស អាយុ ១៣​ឆ្នាំ​, ៥. ឈ្មោះ សេម វិច្ឆិកា ភេទ​ប្រុស អាយុ ១៤​ឆ្នាំ​, ៦. ឈ្មោះ សាន់ គីម​ឡុង ភេទ​ប្រុស អាយុ ១៣​ឆ្នាំ​។ ទាំង​៦​នាក់ រស់នៅ​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។

​ប្រភព​ដដែល បាន​រៀបរាប់ថាៈ កាលពី​វេលា​ម៉ោង ១២ និង​១៥​នាទី​ថ្ងៃទី​៨ ខែកក្កដា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ ១៣៣-១៣៤ ដោយ​រថយន្ត​ធុន​ធំ ម៉ាក​ហុ​ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ​3A.9935 បាន​បុក​ពីក្រោយ រួច​ក្រឡាប់​សង្កត់​លើ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ដឹក​សិស្ស ពេល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា ពី​ខាងកើត ទៅខាង​លិច​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ភ្លាមៗ អ្នកបើកបរ​រថយន្ត បាន​រត់គេច​បាត់ ដោយ​បន្សល់ទុក រថយន្ត កៀប​លើ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក និង​អ្នកបើកបរ​ម៉ូតូ ព្រមទាំង​សិស្ស​ប្រុស​ស្រី ៥​នាក់ គួរឱ្យ​រន្ធត់​។ ក្នុងស្ថានភាព​បែប​នោះ សមត្ថកិច្ច បាន​ទំនាក់ទំនង​ហៅ​រថយន្ត​ស្ទួ​ច រួមជាមួយ ប្រជាពលរដ្ឋ ក៏​ជ្រោមជ្រែង​លើក​ជនរងគ្រោះ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ជាបន្ទាន់​៕/V​