ដោយៈ មុនីរ័ត្ន / ភ្នំពេញ: លោក ស សុខា មានសេចក្ដីតក់ស្លុត និងសម្ដែងការក្រៀមក្រំបំផុត នៅពេលទទួលដំណឹង តាមរយ:សារព័ត៌មានរបស់ប្រទេសជប៉ុនថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) វ័យ ៦៧ ឆ្នាំ បានទទួលមរណភាព ដោយខ្មាន់កាំភ្លើង បាញ់ប្រហារ បើទោះជាក្រុមគ្រូពេទ្យ ព្យាយាមជួយសង្គ្រោះ អស់ពីសមត្ថភាព នៅមន្ទីរពេទ្យ យ៉ាងណាក៏ដោយ។
ជាមួយគ្នានេះ លោក ស សុខា បានថ្កោលទោស ចំពោះអំពើបាញ់ប្រហារដ៏ឃោរឃៅនេះ។ ជាថ្មីម្ដងទៀត សូមចូលរួមសោកស្ដាយ និងរួមមរណទុក្ខជាមួយក្រុមគ្រួសារលោក ជាមួយប្រជាជនជប៉ុន និងប្រទេសជប៉ុនទាំងមូល ដែលបាត់បង់ធនធានថ្នាក់ដឹកនាំ ពោរពេញដោយថាមពល និងសក្ដានុពលទាំងក្នុងប្រទេស តំបន់ និងពិភពលោក។
សូមជម្រាបថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានទទួលមរណភាព នៅទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រោយរងការបាញ់ប្រហារ ក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថា ឃោសនាបោះឆ្នោត នៅតំបន់ណារ៉ា នៅជប៉ុនខាងលិច។ ការស្លាប់របស់លោក ត្រូវបាន បញ្ជាក់ ដោយមន្ត្រីក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកទៅកាន់សារព័ត៌ មានក្នុងស្រុក នៅប្រហែលប្រាំមួយម៉ោង ក្រោយការវាយប្រហារ នៅម៉ោង ១១ កន្លះ ព្រឹកថ្ងៃទី ៨ ខែកក្កដា នេះ និងកើតឡើង ក្រោយក្រុមវេជ្ជបណ្ឌិត ខ្នះខ្នែងសង្គ្រោះជីវិត របស់លោក៕/V