ដោយ:មុនីរ័ត្ន/ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះឃាតកម្មដ៏ព្រៃផ្សៃលើឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅព្រលប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការសោកសៅ និងតក់ស្លុត ចំពោះការទទួលមរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅព្រលប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះឃាតកម្មដ៏ព្រៃផ្សៃនេះ។ឯកឧត្តម ស៊ីនហ្សូ អាបេ គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ជប៉ុន និងជាមិត្តភក្ដិជាទីគោរពស្រលាញ់របស់កម្ពុជា ហើយមរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ គឺជាការបាត់បង់ដ៏គួរឱ្យសោកសង្រេង មិនត្រឹមតែសំរាប់ប្រជាជនជប៉ុនប៉ុណ្ណោះទេ ប៉ុន្ដែក៏សំរាប់ប្រជាជនកម្ពុជា ផងដែរ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុត និងសំដែងនូវសមានចិត្តដ៏ស្មោះស្ម័គ្រជាទីបំផុតជូនចំពោះគ្រួសារសពរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ រដ្ឋាភិបាល និងប្រជាជនជប៉ុន។
សូមជម្រាបថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានទទួលមរណភាពនៅទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រោយរងការបាញ់ប្រហារក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថាឃោសនាបោះឆ្នោតនៅតំបន់ណារ៉ានៅជប៉ុនខាងលិច។ ការស្លាប់របស់លោកត្រូវបានបញ្ជាក់ដោយមន្ត្រីក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកទៅកាន់សារព័ត៌មានក្នុងស្រុក នៅប្រហែលប្រាំមួយម៉ោងក្រោយការវាយប្រហារនៅម៉ោង១១កន្លះព្រឹកថ្ងៃទី៨ ខែកក្កដា នេះ និងកើតឡើងក្រោយក្រុមវេជ្ជបណ្ឌិតខ្នះខ្នែងសង្គ្រោះជីវិតរបស់លោក៕សរន