ដោយៈ សុផល / ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងមជ្ឈមណ្ឌលសាកលវិទ្យាល័យវេជ្ជសាស្ត្រ ស៊ុនជុនយ៉ាង នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញវេជ្ជបណ្ឌិត ចំនួន ១ នាក់បន្ថែមទៀត និងគិលានុបដ្ឋាកនិងគិលានុប្បដ្ឋាយិកា ចំនួន ៧ នាក់ មកពីមន្ទីរពេទ្យព្រះអង្គឌួង ទៅបន្តការសិក្សា នៅសាធារណរដ្ឋកូរ៉េ ក្នុងកម្មវិធី “ ការអញ្ជើញកម្មវិធីបណ្តុះបណ្តាល សម្រាប់គិលានុបដ្ឋាក/យិកា ”។
កម្មវិធីបណ្តុះបណ្តាលនេះ ស្ថិតនៅក្នុង “ គម្រោងការកសាងសមត្ថភាព សម្រាប់មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង ”។ ពួកគាត់ នឹងទៅបណ្តុះ បណ្តាល រយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដោយគ្រោងនឹងចាកចេញពីប្រទេសកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះគឺៈ ទី១)-ការយល់ដឹង អំពីការការពារ និងការត្រួតពិនិត្យការឆ្លង ទី២)- ការកសាងសមត្ថភាព នៃនាយកដ្ឋានផ្នែកគ្រប់គ្រង សេវាជំងឺសម្រាកពេទ្យ / ផ្នែកសេវាជំងឺពិគ្រោះជំងឺក្រៅ និងផ្នែកគ្រប់គ្រង និងបច្ចេកទេសថែទាំ គិលានុបដ្ឋាក/យិកា និង ទី៣)-ការកែលម្អចំណេះដឹងផ្នែកពិសេស (បន្ទប់វះកាត់ បន្ទប់ផ្គត់ផ្គង់សម្ភារៈ ។ល។ ) ការគ្រប់គ្រង និងបច្ចេកទេសថែទាំ គិលានុបដ្ឋាក/យិកា។
ដើម្បីជួយសម្រួលដល់កម្មវិធីបណ្ដុះបណ្ដាលនេះ ការិយាល័យកយកា ប្រចាំកម្ពុជា បានផ្តល់កម្មវិធីតម្រង់ទិស មុនពេលចេញដំណើរ ដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក/យិកា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ។
កម្មវិធីតម្រង់ទិស មុនពេលចេញដំណើរ គឺដើម្បីសម្រួលដល់ការចូលរួមរបស់សិក្ខាកាមកម្ពុជា ឲ្យពួកគាត់ស្គាល់ ពីវប្បធម៌កូរ៉េ និងធ្វើឲ្យពួកគាត់ ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ក្នុងជីវិតរបស់ពួកគាត់ នៅសាធារណរដ្ឋកូរ៉េ។ ក្នុងអំឡុងពេលកម្មវិធីតម្រង់ទិស មុនពេលចេញ ដំណើរ ការិយាល័យកយកា បានផ្តល់ប្រធានបទចាំបាច់សំខាន់ៗ ស្តីអំពីៈ ទី១)-ព័ត៌មាន អំពីប្រទេសកូរ៉េ ទី២) -ព័ត៌មានវគ្គសិក្សា និង ទី៣)-ក្រមសីលធម៌ ស្តីអំពីសុចរិតភាព និងការជៀសវាងការបៀតបៀនផ្លូវភេទ សម្រាប់សិក្ខាកាមជាដើម។
គួររំលឹកថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានអញ្ជើញ វេជ្ជបណ្ឌិតចំនួនប្រាំមួយ (៦) នាក់ មកពីមន្ទីរពេទ្យព្រះអង្គឌួង ទៅចូលរួមកម្មវិធីបណ្តុះ បណ្តាលស្តីពី “កម្មវិធីបណ្តុះបណ្តាល សម្រាប់វេជ្ជបណ្ឌិត” ស្ថិតនៅក្នុង “ គម្រោងការកសាង សមត្ថភាព សម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង ” នៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រយៈពេល ២១ ថ្ងៃ សម្រាប់វេជ្ជបណ្ឌិត ចំនួន ៣នាក់ និងកាលពីថ្ងៃទី១១ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ រយៈពេល ៣០ ថ្ងៃ សម្រាប់វេជ្ជបណ្ឌិត ចំនួន ៣ នាក់ផ្សេងទៀត។
លោក គីម ខ្វាងវុក (Kim Kwang Wook) អនុប្រធានតំណាង ទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា បានចូលរួម និងអបអរសាទរ ចំពោះវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក/យិកា កម្ពុជា។
លោកក៏បានស្នើឲ្យអ្នកចូលរួម ដែលបានទទួលបាន ឱកាសដ៏ល្អនេះ សិក្សាស្វែងយល់ អំពីការអភិវឌ្ឍរបស់ប្រទេសកូរ៉េ ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគាត់ នៅសាធារណរដ្ឋកូរ៉េ និងពេលត្រឡប់មកប្រទេសកម្ពុជាវិញ សូមចែករំលែកបទពិសោធន៍ របស់ពួកគាត់ ទៅគិលានុបដ្ឋាក/យិកា កម្ពុជា នៅក្នុងប្រទេសកម្ពុជា សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព។
បន្ទាប់មក លោក ហ៊ត ស្រ៊ឺ អ្នកឯកទេសកម្មវិធីជាន់ខ្ពស់ និងលោក ហា ជុនស៊ឹង អ្នកជំនាញ វ័យក្មេង នៃការិយាល័យកយកា ប្រចាំកម្ពុជា បានធ្វើបទបង្ហាញ ដោយសង្ខេបអំពីប្រធានបទ ទាក់ទងទៅនឹងកម្មវិធីតម្រង់ទិស មុនពេលចេញដំណើរ ដែលបានលើកឡើងខាងលើ។
សិក្ខាកាមទាំងអស់ ដែលបានចូលរួម ក្នុងកម្មវិធីតម្រង់ទិស មុនពេលចេញដំណើរ បានបង្ហាញពីការដឹងគុណ របស់ពួកគេ ចំពោះ កយកា-KOICA និង មជ្ឈមណ្ឌលសាកល វិទ្យាល័យវេជ្ជសាស្ត្រ ស៊ុនជុនយ៉ាង ចំពោះការគាំទ្រ ហើយពួកគេ បានបង្ហាញពីការចូលរួម និងការប្តេជ្ញាចិត្តខ្ពស់ នឹងខិតខំសិក្សា ដើម្បីលើកកម្ពស់ការកសាងសមត្ថភាព សម្រាប់ការ យល់ដឹងទូលំទូលាយ អំពីកម្មវិធីបណ្តុះបណ្តាល សម្រាប់គិលានុបដ្ឋាក/យិកា៕/V