សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឲ្យ​ចាត់វិធានការ តាមផ្លូវ​ច្បាប់ ចំពោះ​អ្នក​ដែល​បង្ក​ភាព អនាធិបតេយ្យ លើ​ដងផ្លូវ ឬ​ធ្វើបាតុកម្ម​បិទ និង​មិន​អនុញ្ញាតឱ្យ​បន្ត​នាំចូល រថយន្ត​ចង្កូត​ស្ដាំ​ទៀត ជាដាច់ខាត​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ដល់ រដ្ឋបាល​រាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ចំពោះ​គ្រប់​បុគ្គល ឬ​នីតិបុគ្គល ទាំងឡាយណា ដែល​បង្ក​ភាពអនាធិបតេយ្យ លើ​ដងផ្លូវ ឬ​ប្រមូលផ្តុំ​តវ៉ា ធ្វើបាតុកម្ម​បិទផ្លូវ សាធារណៈ ដោយ​ខុសច្បាប់​។ ការណែនាំ​នេះ បានធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថាៈ រាជរដ្ឋាភិបាល បាន​ឯកភាព​ឱ្យ​រថយន្ត ចង្កូត​ស្ដាំ ដែលមាន​ស្រាប់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចរាចរ​ជា​ប្រក្រតី ដោយ​ពុំ​ចាំបាច់ ធ្វើ​ការកែ ពី​ចង្កូត​ស្ដាំ ទៅ​ចង្កូត​ឆ្វេង ប៉ុន្តែ​តម្រូវឱ្យ​ម្ចាស់​រថយន្ត​ទាំងនោះ ត្រូវ​ទៅ​បង់ពន្ធ ជាដាច់ខាត ចំពោះ​អ្នក​ដែល​មិនទាន់បាន​បង់ពន្ធ ហើយ​អ្នក​ដែល​កក់​ប្រាក់​ពន្ធ ត្រូវ​ទៅ បង់​បង្គ្រប់​ប្រាក់​ពន្ធ ដើម្បី​ទទួលបាន​ស្លាក​លេខ​ប្រើប្រាស់ ដោយ​ទុក​ឱសានវាទ រយៈពេល ៣ ខែ​ទៀត គិត​ចាប់ពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថាៈ រាជរដ្ឋាភិបាល បានសម្រេច​មិន​អនុញ្ញាត ឱ្យ​បន្ត​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ទៀត ជាដាច់ខាត ចាប់ពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ តទៅ និង​បាន​ណែនាំ​ដល់​រដ្ឋបាល​រាជធានី ខេត្ត សមត្ថកិច្ច​គយ និង​កងកម្លាំង​ឈរជើង​តាម​ព្រំដែន កម្ពុជា​-​ថៃ ត្រូវ​សហការ​ជាមួយ​ភាគី​ថៃ ដោយ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​វិធាន​ការចាប់​ឃាត់ រថយន្ត​ចង្កូត​ស្ដាំ ដែល​នាំ​ចូលមក​តាម​ច្រកព្រំដែន​នានា និង​ត្រូវ​ធានាថា មិន​ឱ្យមាន​រថយន្ត ចង្កូត​ស្ដាំ​បន្ត​នាំចូល មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទៀត​នោះទេ​។ ក្នុងករណី​បំពាន ត្រូវ​ចាប់​រឹបអូស​រថយន្ត ដោយ​មិន​អនុញ្ញាតឱ្យ​បង់ពន្ធ​ឡើយ និង​ត្រូវ​កម្ទេចចោល​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ក្រើនរំលឹក ដល់​មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការឆ្លង​រាល ដាល នៃ​ជំងឺ​កូ​វីដ​-១៩ ឡើងវិញ នាពេល​កន្លងមក​ថ្មីៗ​នេះ និង​បន្ត​អំពាវនាវ ឱ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ដួស​ជំរុញ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស ជំងឺ​កូ​វីដ​-១៩ អូ​មី​ក្រុង បំប្លែង​ថ្មី ប្រភេទ BA.4 និង BA.5 ព្រមទាំង​ដើម្បី​បង្ក​ភាពស៊ាំ នៅក្នុង​សហគមន៍​៕/V​