ដោយៈ សុខុម / រតនគិរី៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តរតនគិរី នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានកសាងសំណុំរឿង បញ្ជូនបុរសពីរនាក់ ទៅតុលាការខេត្ត ពាក់ព័ន្ធករណី ប្រើប័ណ្ណសម្គាល់យានយន្ត ក្លែងក្លាយ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី បានឱ្យដឹងថាៈ កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សាខាគយ និងរដ្ឋាករខេត្ត សហការជាមួយកងរាជអាវុធហត្ថខេត្តទទួលបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល នីតិវិធី ពីលោក កែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី បានឃាត់រថយន្ត មួយគ្រឿង ម៉ាក នីសាន់ ណាវ៉ារ៉ា (NISSAN NAVARA) ពាក់ស្លាកលេខ ភ្នំពេញ 2AA 7387 ពេលឈប់នៅផ្សារទំនើបស៊ីត្រា បើកបរដោយអ្នកកាសែតម្នាក់ ។
ប្រភពដដែល បានបញ្ជាក់ថាៈ បន្ទាប់ពីឃាត់ខ្លួន អ្នកកាសែតនោះ បានត្រូវបញ្ជូនទៅសាកសួរ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ហើយក៏បានឈានដល់ការឃាត់ខ្លួន មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ម្នាក់ទៀត ពាក់ព័ន្ធករណី ប្រើប្រាស់ឯកសារ សាធារណៈក្លែង។
ប្រភពដដែល បានឲ្យដឹងទៀតថាៈ ជនសង្ស័យ ពីរនាក់នោះ មានៈ ១.ឈ្មោះ ឡុង សារ៉េត ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន BNN រស់នៅភូមិព្រៃក្រឡា ខាងលិច ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ ២.ឈ្មោះ លី លីន ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគីរី រស់នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ចំពោះវត្ថុតាងដកហូត រួមមាន ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយ ចំនួន ១សន្លឹក ប័ណ្ណសម្គាល់ការបង់ពន្ធ ចំនួន ១សន្លឹក វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ ចំនួន ១សន្លឹក៕/V