ដោយៈ សុផល/ភ្នំពេញ: ស្ថានភាពភ្ញៀវទេសចរអន្តរជាតិ កំពុងមានកំណើនត្រលប់មកវិញជាបណ្តើរៗ ដោយក្នុងនោះគិតត្រឹមប្រាំមួយខែឆ្នាំ២០២២នេះស្ថានភាពទេសចរក្នុងតំបន់អ៊ឺរ៉ុបនិងអាម៉េរិកមានការកើនឡើងពី ២០ភាគរយ-២៥ភាគរយ និងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បានកើនឡើង១ភាគរយដោយសារមិនទាន់ មានដំណើរការទេសចរជនជាតិចិន។
នេះបើតាមប្រសាសន៍របស់លោកថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្ដិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានស្ដីទីនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយ វិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឹកូវីដ១៩នៅក្នុងកិច្ចប្រជុំ“បូកសរុបលទ្ធផលការងារស្របតាមផែនទីចង្អុលផ្លូវគិតត្រឹមឆមាសទី១ ឆ្នាំ២០២២”នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍។
លោកថោង រដ្ឋសក្ដិ បានឱ្យដឹងទៀតថា៖នៅខែកក្កដា ឆ្នាំ២០២២ នេះកម្ពុជាទទួលបានការហោះហើរចូលមកបន្ថែមគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ននេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជារួមកើនឡើងជិត ១៥០ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
លោកបានបន្ថែមថា៖បច្ចុប្បន្ននេះប្រទេសជាសមាជិកអាស៊ានទាំងអស់កំពុងដាក់អទិភាពអនុវត្តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ លើស្ថានភាពទេសចរណ៍ ដោយផ្តោតសំខាន់ចំនួន ០៣ចំនុចគឺ៖
១. ជំរុញញបន្ថែមនូវការស្តារសេដ្ឋកិច្ចឡើងវិញ រួមជាមួយនឹងការគិតគូរពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ
២. ការធ្វើឌីជីថលូបណីយកម្ម និង
៣. ការគិតគូរពីការរៀបចំសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ជាផលិតផលទាក់ទាញទេសចរណ៍
បន្ថែមពីនេះទៀត លោកថោង រដ្ឋសក្ដិ បានពិនិត្យលើលទ្ធផលការងារដែលសម្រេចបានជារួមកន្លងមក និងបានវាយតម្លៃថា អង្គភាពពាក់ព័ន្ធទាំងអស់ បានបំពេញការងារស្របតាមផែនទីចង្អូលផ្លូវដោយសម្រេចបាន ៨០% បើគិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ។ យ៉ាងណាមិញលេខាធិការដ្ឋានរង់ចាំរបាយការណ៍បន្ថែមពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដើម្បីដាក់បញ្ចូលនិងបំពេញបន្ថែមក្នុងរបាយការណ៍សមិទ្ធផលរបស់ក្រុមការងារ៕សរន