​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ (CAMSOC) បានកំណត់​ឲ្យ​កីឡា​ប្រដាល់សកល​កម្ពុជា ត្រូវ​រក​មេដាយមាស​ឲ្យ​បាន​មួយគ្រឿង យ៉ាងតិច នា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​និយាយថា​: ក្នុងនាម​សហព័ន្ធ ដែលមាន​សក្ដានុពល លោក​និង​ក្រុម​ងារ​ការ​ទាំងអស់ បាន​កំណត់ថា នឹង​ពុះពារ​ធ្វើយ៉ាងណា​ឲ្យ​លើស​គោលដៅ​នេះ​។ បន្ថែម​លើសពីនេះ សហព័ន្ធ​ក៏បាន​ដាក់​គោលដៅ ក្នុងនាម​សហព័ន្ធ ដោយ​ធ្វើយ៉ាងណា ពុះពារ​ឲ្យ​បាន​លើស​ហ្នឹង ដោយ​អាច​យក​មេដាយមាស​ឲ្យ​បាន ២ គ្រឿង​។

​ក្នុងទិសដៅ​ពង្រឹងសមត្ថភាព​កីឡាករ ត្រៀម​ស៊ី​ហ្គេម​លោក​បាន​បន្ថែមទៀតថា​: ពាក់ព័ន្ធ​ការប្រកួត​ក្រៅប្រទេស យើង​ក៏​កំពុង​រៀបចំ​ធ្វើយ៉ាងណា ស្វែងរក​ថវិកា​ឲ្យ​កីឡាករ​យើង បាន​ចេញទៅ​ប្រកួត​ក្រៅប្រទេស​ឲ្យ​បាន​ច្រើន​។ ដោយសារ​ការប្រកួត គឺជា​ចលករ​ដ៏​សំខាន់​ឲ្យ​កីឡាករ​យើង ទទួលបាន​បទពិសោធ​ន៍ និង​អាច​វាស់​ស្ទង់​សមត្ថភាព​របស់​ពួកគាត់​។

​សូមបញ្ជាក់ថា នា​ពាក់កណ្ដាល​ខែកក្កដា​នេះ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា នឹង​បញ្ជូន​កីឡាករ ចំនួន ៩​រូប ទៅ​ហាត់​នៅ​ថៃ ចំនួន ២​សប្ដាហ៍ ដោយ​ការហ្វឹកហាត់​នេះ គឺ​ហាត់​ជាមួយ​កីឡាករ​ជម្រើសជាតិ​ថៃ និង​កីឡាករ​ជម្រើសជាតិ ប្រទេស​ផ្សេង​ផងដែរ​៕/V​