​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប៉ូលិស​បាន​ដាក់​បំរាម​គោចរ​នៅក្នុង​រដ្ឋធានី​កូឡុំបូ​របស់​ស្រីលង្កា​និង​តំបន់​ជុំវិញ​កាលពី​យប់​ថ្ងៃ​សុក្រ នៅ​មួយ​ថ្ងៃមុន​ការតវ៉ា​ប្រឆាំង​ធំ​មួយ​ដើម្បី​ទាមទារ​អោយ​ប្រធានា​​ធិបតី​និង​នាយករដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​មហា​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ខ្វះខាត​ទំនិញ​ចាំបាច់​និង​បង្ក​ការលំបាក​ខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាជន​។​

​នៅ​ប៉ុន្មាន​ម៉ោង​មុន​ប្រកាស​បំរាម​គោចរ ប៉ូលិស​បាន​បាញ់​គ្រាប់​បែកផ្សែង​និង​បាញ់​ទឹក​ដើម្បី​បំបែកហ្វូង​សិស្ស​និសិត្ស​រាប់ពាន់​នាក់​ដែល​ស្លៀកពាក់​ខ្មៅ កាន់​ទង់​ពណ៌​ខ្មៅ ស្រែក​ពាក្យស្លោក​ប្រឆាំង​​រដ្ឋាភិបាល ព្រមទាំង​កាន់​បដា​សរសេរថា​«​គ្រប់គ្រាន់​ហើយ ចុះ​ចេញ​ទៅ​ឥឡូវទៅ​»​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​និង​ពួក​អ្នក​រិះគន់​បាន​និយាយថា ប្រធានាធិបតី ហ្គោ​តាបា​យ៉ា រ៉ា​ច៉ា​ប៉ា​ក់សា (Gotabaya Rajapaksa)​ទទួលខុសត្រូវ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​គិត​ចាប់តាំងពី​​ប្រទេស​ទទួលបាន​ឯករាជ្យភាព​នៅ​ឆ្នាំ​១៩៤៨​។​ពួកគេ​ក៏​បន្ទោស នាយករដ្ឋមន្ត្រី រ៉ានី​ល វិក​ក្រេមេ​ស៊ីង​(Ranil Wickremesinghe) ដែល​ទើប​ចូលកាន់​តំណែង​កាលពី​ពីរ​ខែ​មុន ថា​ធ្វើ​មិន​បាន​តាម​​ការសន្យា​ដើម្បី​បញ្ចប់​ការខ្វះខាត​ទំនិញ​សព្វសារពើ​។​

​ពួក​សកម្មជន​បានប្រកាសថា មនុស្ស​រាប់ពាន់​នាក់​នឹង​ជួបជុំ​តវ៉ា​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ទីក្រុង​កូឡុំបូ តែ​ប៉ូលិស​បាន​ប្រកាស​អនុវត្តបំរាម​គោចរ​គិត​ចាប់តាំងពី​ម៉ោង​៩​យប់​ថ្ងៃ​សុក្រ រ​ហូតដល់​ពេល​មា​ការជូន​​ដំណឹង​ជាថ្មី​៕

​ប៉ូលិស​បាញ់​ទឹក​និង​គ្រាប់​បែកផ្សែង​បង្ក្រាប​បាតុករ​កាលពី​ថ្ងៃ​សុក្រ នៅមុន​បាតុកម្ម​ធំ​នៅ​ថ្ងៃ​សៅរ៍​