ដោយ​៖ ដេប៉ូ / កោះកុង​៖ ទីកន្លែង​ដ៏​អាថ៌កំបាំង ឬ​ហៅថា តំបន់​ពាង និង​មឈូស​បុរាណ ដែល​ស្ថិតក្នុង​ទឹកដី នៃ​ភូមិសាស្ត្រ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង ជាទី​កន្លែង ដ៏​អាថ​កំបាំង​បំផុត ហើយ​គ្មាន​អ្នកណាម្នាក់ អាច​ដឹង​ពី​ការពិត​របស់​វា​នោះ នឹងត្រូវ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ មួយចំនួន ដើម្បីឱ្យ​អ្នកទេសចរ​បាន​ចូល​កម្សាន្ត នៅ​ទីនោះ​។

​តំបន់​ពាង និង​មឈូស​បុរាណ ដែល​បង្កប់​នូវ​ជំនឿ និង​ទំនៀមទម្លាប់​មួយ​នេះ ត្រូវបាន​បញ្ចុះសព​មនុ​ស្ស​សម័យបុរាណ កាលពី ៥០០ ឆ្នាំមុន​។ បច្ចុប្បន្ន ទីកន្លែង​មួយ​នេះ ក្រៅពី​អ្នកទេសចរ តែង​ប្រាថ្នា​ចង់ឃើញ​ហើយ នៅ​ជា​កន្លែង​គោរពបូជា និង​បន់ស្រន់​មួយកន្លែង​របស់​អ្នកស្រុក​ទៀតផង​។

​ទាក់ទិន​ក្នុង​រឿងនេះ លោក អន សុវណ្ណ ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បានឱ្យដឹងថា​: នៅ​ថ្ងៃ​ខាងមុខ​សហគមន៍ នឹងធ្វើ​ផ្លូវ​ទៅកាន់​តំបន់​កន្លែង​មួយ​នេះ ដោយ​អាចឱ្យ​មធ្យោបាយ ទាំង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ កង់ និង​ធ្វើដំណើរ​ដោយ​ថ្មើរជើង អាច​ទៅកាន់​ទីនោះ​បាន​ទាំងអស់គ្នា ពីព្រោះថា ទីកន្លែង​នេះ ជា​តំបន់​អាថ៌កំបាំង​មួយ ដែល​មនុស្ស​ចង់ដឹង ចង់ឃើញ​ដោយផ្ទាល់​។

​ពាក់ព័ន្ធ​ក្នុង​រឿងនេះ លោក​បានឱ្យដឹងថា​: ”​យើង​ចង់​អភិវឌ្ឍន៍​ផ្លូវ​ទៅកាន់​កន្លែង​នេះ ឱ្យ​អាចធ្វើ​ដំណើរ​បាន​ស្រួល ទាំង​ម៉ូតូ​និង​កង់ ហើយ​អ្នកទេសចរ មកដល់​សហគមន៍​ជី​ផាត អាច​មើល​របស់​អាថ៌កំបាំង រាប់រយឆ្នាំ​មកហើយ​នេះ បានឃើញ​ដោយផ្ទាល់​ភ្នែក​គ្រប់គ្នា​”​។

​ដោយឡែក ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​នៃ​តំបន់​ពាង និង​មឈូស​បុរាណ​នេះដែរ លោក អន សុវណ្ណ បាន​រៀបរាប់​ឱ្យដឹងថា​: វា​បាន​ទាក់ទិន​នឹង​ជនជាតិដើម​ភាគតិច​ជង​ដែលមាន​អាយុកាល មិន​ទាប​ជាង ៥០០ ឆ្នាំ​ទេ​។ ក្នុងសម័យ​កាលនោះ កុលសម្ព័ន្ធ​ជនជាតិភាគតិច​ជង ដែល​រស់នៅ​ដាច់​ពី​មនុស្ស​ពិភព​ខាងក្រៅ បាន​ទុកដាក់​របស់​ជាទី​សក្ការៈ​របស់​ពួកគាត់​។ របស់​ទាំងអស់នេះ​ប្រហែលជា​របស់​មេ​កុលសម្ព័ន្ធ ដែល​ពួកគាត់​ទុកដាក់​សម្រាប់​ជាទី​សក្ការៈ គោរពបូជា និង​វា​ក៏​ជាទី​តាំង​មួយ​សក្តិ​សិទ្ធ​សម្រាប់​ពួកគាត់ បន់ស្រន់​ផងដែរ​។

​លោក អន សុវណ្ណ បានឱ្យដឹង​បន្ថែ​ថា​: ”​រហូតមកដល់​ពេលនេះ​ទាំង​ប្រជា​សហគមន៍ ក៏ដូចជា​អ្នកទេសចរ ដែល​ទៅដល់​ទីកន្លែង​នេះ តែង​នាំគ្នា​បន់ស្រន់​សុំ​សេចក្តីសុខ សេចក្តីចម្រើន​របស់​ពួកគាត់​ដែរ​”​។

​បើតាម​លោក​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បានឱ្យដឹង​ដែរ​ថា​: សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត មា​នទី​កម្សាន្ត​បែប​ធម្មជាតិ​ជាច្រើន ដូចជា តំបន់​ពាង ៧០ ឬ​ភ្នំ​ពើង , មឈូស​បុរាណ​, តំបន់​ពាង​បុរាណ និង​មឈូស​បុរាណ​ភ្នំ​ពេល​, តំបន់​ពាង​បុរាណ​អូរ​កី​, តំបន់​ពាម​តា​ខាត់​, អូរ​ស្ពាត​, ភ្នំ​ត្រ​ង៉ោ​ល​, ឆាយ​អូស​គូទ​, វាល​ប្រាក់​, ឆាយ​ទឹក​វេទ​, ស្ទឹង​ព្រ័ត​, ថ្មអណ្តែត​, ដំណាក់​ខូ​ស​, អូរ​ពាម​ក្រវ៉ា​ញ ជាដើម​។

​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បានឱ្យដឹង​បន្ថែមថា​: បច្ចុប្បន្ន សហគមន៍​របស់លោក បាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ដោយ​ក្នុងនេះ ជីវភាព​ប្រជាពលរដ្ឋ បាន​លើកស្ទួយ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ទឹក​ភ្លើង ត្រូវបាន​រៀបចំ​យ៉ាងណា​ល្អប្រសើរ​។ ចំណែក​ចំនួន​ភ្ញៀវទេសចរ​បាន​ចូល​កម្សាន្ត កើនឡើង​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​ជីវភាព​ពលរដ្ឋ កាន់តែ​ធូរធា​ជាង​មុន​៕/V​