​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក​អេ​ឡុន ម៉ាស​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​៨​កក្កដា​ថា គាត់​នឹង​បោះបង់​ចោល​ការផ្តល់ជូន​ដ៏​ច្របូកច្របល់​របស់គាត់​ចំនួន ៤៤​ពាន់​លាន​ដុល្លារ​ដើម្បី​​ទិញ​ក្រុមហ៊ុន Twitter បន្ទាប់​ពី​ក្រុមហ៊ុន​ខកខាន​មិន​បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ចំនួន​គណនី​ក្លែងក្លាយ​។ Twitter បាន​តប​វិញ​ភ្លាមៗ ដោយ​និយាយថា​ខ្លួន​នឹង​ប្តឹង​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Tesla រូប​នេះ​ដើម្បី​រក្សា​ទុក​កិច្ចព្រមព្រៀង​នេះ​។​

​ការទិញ​គ្មាន​គូ​ប្រៀប​មួយ​នេះ​គឺ​គ្រាន់តែ​ជា​រឿង​ក្រឡាប់​ចាក់​ចុងក្រោយ​បំផុត​នៅក្នុង​រឿង​ក្រឡាប់​ចាក់​រវាង​បុរស​មាន​បំផុត​របស់​ពិភពលោក និង​វេទិកា​បណ្តាញ​សង្គម​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ ហើយ​វា​អាច​បង្ហាញ​ពី​ការតស៊ូ​ផ្លូវច្បាប់​ដ៏​ធំ​នៅពេល​ខាងមុខ​។​

Twitter អាច​នឹង​ទារ​ថ្លៃ​លុប​កិច្ចព្រមព្រៀង​ចំនួន​១​ពាន់​លាន​ដុល្លារ ដែល​លោក​ម៉ាស​យល់ព្រម​បង់​ក្នុង​កាលៈទេសៈ​ទាំងនេះ​។ ផ្ទុយ​ទៅ​វិញ​ក្រុមហ៊ុន​ហាក់​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការតស៊ូ​ដើម្បី​ឱ្យ​សម្រេច​​កិច្ចព្រមព្រៀង​ទិញ​នេះ​តែម្តង ដែល​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​បាន​យល់ព្រម ហើយ​នាយក​ប្រតិបត្តិ​លោក ផា​រ៉ា​ក អា​ហ្គ្រា​វ៉ា​ល់ (Parag Agrawal) បាន​ទទូចថា​គាត់​ចង់​សម្រេច​កិច្ចព្រមព្រៀង​​លក់​នេះ​ឱ្យបាន​។​

​នៅក្នុង​លិខិត​មួយ​ទៅ​កាន់​ក្រុមប្រឹក្សាភិបាល​របស់ Twitter មេធាវី​របស់​លោក​ម៉ាស លោក ម៉ៃ រីង​ក្លឺ (Mike Ringler) បាន​ត្អូញត្អែរថា​កូនក្តី​របស់​គាត់​បានស្នើ​សុំ​ទិន្នន័យ​ជិត​ពីរ​ខែ​ដើម្បី​​វិនិច្ឆ័យ​អំពី​ប្រេ​វ៉ាឡង់​នៃ​គណនី “​ក្លែងក្លាយ ឬ Spam” នៅ​លើ​វេទិកា​បណ្តាញ​សង្គម​នេះ​។​

​លិខិត​សរសេរ​ថា “Twitter បាន​ខកខាន​ឬ​បដិសេធ​ក្នុង​ការផ្តល់​ព័ត៌មាន​នេះ​។ ពេលខ្លះ Twitter បាន​ព្រងើយកន្តើយ​នឹង​សំណើ​របស់​លោក​ម៉ាស ពេលខ្លះ​ក្រុមហ៊ុន​បាន​ច្រានចោល​សំណើ​ទាំងនោះ ដោយ​មិន​មាន​ហេតុផល​សមរម្យ ហើយ​ពេល​ខ្លះ ក្រុមហ៊ុន​អះអាងថា​នឹង​ធ្វើ​តាម​ខណៈ​ផ្តល់ឱ្យ​លោក​ម៉ាស​នូវ​ព័ត៌មាន​មិន​ពេញលេញ​ឬ​មិន​អាច​ប្រើប្រាស់​បាន​”​។​

​លោក​ម៉ាស​ក៏​បាន​និយាយ​ផងដែរ​ថា ព័ត៌មាន​នេះ​គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អាជីវកម្ម​និង​កិច្ចដំណើរការ​ហិរញ្ញវត្ថុ​របស់ Twitter ហើយ​ត្រូវការ​ចាំបាច់​ដើម្បី​បញ្ចប់​ការទិញ​នេះ​។​

​ជា​ការឆ្លើយតប ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ Twitter លោក ប្រេត ថា​យល័​រ (Bret Taylor)​បាន​សរសេ​រលើ Twitter ថា ក្រុមប្រឹក្សាភិបាល​”​ប្តេជ្ញា​បិទ​បញ្ចប់​ប្រតិបត្តិ​ការលក់​ផ្អែក​​លើ​តម្លៃ​និង​លក្ខខណ្ឌ​ដែល​បាន​ព្រមព្រៀងគ្នា​” ជាមួយ​លោក​ម៉ាស ហើយ “​គ្រោង​នឹង​បន្តសកម្មភាព​ផ្លូវច្បាប់ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​រួមបញ្ចូល​គ្នា​នេះ​។ យើង​មាន​ទំនុកចិត្ត​ថា​យើង​នឹង​ឈ្នះ​នៅ​តុលាការ​ក្រុង​ដេ​ឡាវែ (Delaware”​។​

​តុលាការ​នៅ​ក្រុង​ដេ​ឡាវែ​ជារឿយៗ​ដោះស្រាយ​វិវាទ​អាជីវកម្ម​ក្នុងចំណោម​សាជីវកម្ម​ជាច្រើន រួមទាំង Twitter ដែល​ត្រូវបាន​ដាក់បញ្ចូល​នៅ​ទីនោះ​៕

​លោក​ម៉ាស​ប្រឈម​ការប្តឹង​ពី Twitter ចំពោះ​ការលុបចោល​កិច្ចព្រមព្រៀង​ទិញ​