ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មេដឹកនាំនៅជុំវិញពិភពលោកបានថ្កោលទោសការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃសុក្រទី៨កក្កដាថា “គួរឱ្យស្អប់ខ្ពើម” “កំសាក” និង “អំពើភេរវកម្ម” ខណៈរំលឹកថាគាត់ថាជាបុរសដែលលះបង់ដើម្បីសន្តិភាព សន្តិសុខ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ។
មេដឹកនាំនិងអតីតមេដឹកនាំពិភពលោកបានសម្តែងការរន្ធត់ចិត្តនិងភាពសោកសៅចំពោះឃាតកម្មកាលពីថ្ងៃសុក្រលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ដោយពួកលោកចាត់ទុកអាបេជារដ្ឋបុរសមួយរូបនិងជានាយករដ្ឋមន្ត្រីប្រព្រឹត្តដោយសមហេតុផលបំផុតមួយរូបរបស់ជប៉ុនក្រោយសង្គ្រាម
ការចូលរួមរំលែកទុក្ខគឺមានជុំវិញពិភពលោក ខណៈរដ្ឋាភិបាលនានាបានសម្តែងការសោកស្ដាយនិងសាមគ្គីភាពជាមួយប្រទេសជប៉ុនចំពោះការបាត់បង់លោក អាបេដែលជាមេដឹកនាំកាន់អំណាចយូរបំផុតរបស់ជប៉ុន មុនពេលចុះចេញពីតំណែងនៅឆ្នាំ ២០២០ ដោយសារហេតុផលសុខភាព។
លោកអាបេអាយុ ៦៧ ឆ្នាំត្រូវបានបាញ់ពីក្រោយខ្នងនៅទីក្រុងណារ៉ា (Nara) ភាគខាងលិចប្រទេសជប៉ុនខណៈកំពុងថ្លែងសុន្ទរកថាក្នុងយុទ្ធនាការបោះឆ្នោត។ គាត់ត្រូវបានដឹតាមឧទ្ទម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ហើយក្រោយមកត្រូវបានប្រកាសស្លាប់។ ការវាយប្រហារនេះពិតជាបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រទេសដែលមានសុវត្ថិភាពបំផុតមួយរបស់ពិភពលោកដែលកាំភ្លើងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បាននិយាយថា លោក “ស្រឡាំងកាំង ខឹង និងសោកស្ដាយយ៉ាងខ្លាំង”។ លោកបានទៅគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅសហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្រដើម្បីចូលរួមរំលែកទុក្ខ។ គាត់បានដាក់បាច់ផ្កានៅលើតុមួយដែលដាក់នៅជិតស្រះខយ (koi) ហើយបានសរសេរក្នុងសៀវភៅរំលែកទុក្ខថា លោកអាបេគឺជា “មនុស្សសន្តិភាពនិងមានការវិនិច្ឆ័យ”។
លោកបៃដិនបាននិយាយថា “នេះគឺជាសោកនាដកម្មសម្រាប់ជប៉ុននិងសម្រាប់អ្នកទាំងអស់ដែលបានស្គាល់គាត់។ ចក្ខុវិស័យរបស់គាត់អំពីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហនឹងបន្តនៅស្ថិតស្ថិរ។សំខាន់ជាងនេះទៅទៀត គាត់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាជនជប៉ុន និងបានលះបង់ជីវិតរបស់គាត់ដើម្បីបម្រើពួកគេ”។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ុយមីអូ គីស៊ីដា ដែលប្រញាប់វិលត្រឡប់មកទីក្រុងតូក្យូវិញពីព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោតទូទាំងប្រទេស បានថ្កោលទោសចំពោះ”ទង្វើដែលមិនអាចលើកលែងបាននេះ” ។ លោកបាននិយាយថា ការធ្វើយុទ្ធនាការក៏ដូចជាការបោះឆ្នោតនៅថ្ងៃអាទិត្យសម្រាប់សភាជាន់ខ្ពស់នឹងបន្តដំណើរការ។
លោកគីស៊ីដានិយាយថា “ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ដែលជាឫសគល់នៃលទ្ធិប្រជាធិបតេយ្យ ត្រូវតែការពារជាចាំបាច់ មិនថាមានរឿងអ្វីកើតឡើងនោះឡើយ។យើងនឹងមិនឱ្យអំពើហិង្សាបំបាក់ពួកយើងបាននោះឡើយ”។
សូមបញ្ជាក់ថា មេដឹកនាំជុំវិញពិភពលោករួមទាំងថ្នាក់ដឹកនាំអង្គការធំៗទាំងអស់បានចូលរួមថ្កោលទោសការវាយប្រហារនេះ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ៕
រូបភាពលោកអាបេត្រូវបានបង្ហាញនៅលើអេក្រង់ខាងក្រោយខ្នងប្រធានាធិបតីម៉ិកស៊ិក លោក អង់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ កាលពីថ្ងៃសុក្រទី៨កក្កដា ឆ្នាំ២០២២