​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អង្គការ​ណា​សាបាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី ៨ កក្កដា​ថា រូបភាព​ចក្រវាល​ដំបូងបង្អស់​ពី​កែវ​យឺត​អវកាស James Webb​នឹង​រួមបញ្ចូល​ទិដ្ឋភាព​មិន​ធ្លាប់​​មាន​ពីមុនមក​នៃ​កាឡាក់ស៊ី​ឆ្ងាយៗ ពពក​ឧស្ម័ន​ភ្លឺៗ និង​ភព​ឧស្ម័ន​យក្ស​នៅ​ឆ្ងាយ​បំផុត​មួយ​។​

​ទីភ្នាក់ងារ​អវកាស​អាម៉េរិក អឺរ៉ុប និង​កាណាដា កំពុង​រៀបចំ​សម្រាប់​ការ​លាតត្រដាង​ដ៏​ធំ​មួយ​នៅ​ថ្ងៃទី ១២ ខែកក្កដា​អំពី​ការសង្កេត​ដំបូង​ដោយ​កែវយឹត​តម្លៃ ១០ ពាន់​លាន​ដុល្លារ ដែលជា​អ្នក​ស្នង​កែវ​យឹត Hubble ដែល​ត្រៀម​លាតត្រដាង​ការយល់ដឹង​ថ្មី​អំពី​ប្រភពដើម​នៃ​ចក្រ​វាល​។​

​លោក ក្លោស ផុន​ថប់​ភី​ដាន់ (Klaus Pontoppidan) តារាវិទូ​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​កែវ​យឺត​អវកាស (STSI) ដែល​គ្រប់គ្រង​កែវ​យឹត Webb បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​កាលពី​​សប្តាហ៍​មុន​ថា “​ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ​ដើម្បី​បញ្ចេញ​អាថ៌កំបាំង​ទាំងនេះ​។ វា​នឹង​ធ្វើឱ្យ​ធូរទ្រូង​យ៉ាងខ្លាំង​”​។​

​គណៈកម្មាធិការ​អន្តរជាតិ​មួយ​បាន​សម្រេចចិត្តថា រលក​ដំបូង​នៃ​រូបភាព​វិទ្យាសាស្ត្រ​ពណ៌​ធម្មជាតិ​ពេញលេញ​នឹង​រួមបញ្ចូល ផ្កាយ Carina Nebula​ដែល​ជា​ពពក​ធូលី​និង​ឧស្ម័ន​ដ៏​ធំ​សម្បើម​ស្ថិតនៅ​​ចម្ងាយ ៧.៦០០ ឆ្នាំ​ពន្លឺ ក៏ដូចជា​ផ្កាយ Southern Ring Nebula ដែល​ព័ទ្ធ​ជុំវិញ​ផ្កាយ​ងាប់​មួយ​នៅ​ចម្ងាយ ២.០០០ ឆ្នាំ​ពន្លឺ​។​

​ផ្កាយ Carina Nebula​មាន​ភាពល្បីល្បាញ​ដោយសារតែ​សសរ​ខ្ពស់ៗ​របស់​វា ដែល​រួមមាន “​ភ្នំ​មី​ស្ទីក​” (Mystic) ដែល​ជា​កំពូលភ្នំ​លោហធាតុ​កម្ពស់​បី​ឆ្នាំ​ពន្លឺ ដែល​ថត​បាន​ដោយ​កែវ​យឹត Hubble ។​

​កែវ​យឹត Webb ក៏​បាន​អនុវត្ត​ការ​ថតចម្លង​ទស្សនីយភាព​អវកាស​ផងដែរ ពោលគឺ​ការវិភាគ​ពន្លឺ​ដែល​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ឧស្ម័ន​យក្ស​នៅ​ចម្ងាយ​ឆ្ងាយ​ហៅថា ភព WASP-96 b ដែល​ត្រូវបាន​រកឃើញ​ក្នុង​ឆ្នាំ ២០១៤​។​

​មាន​ចម្ងាយ​ជិត ១.១៥០ ឆ្នាំ​ពន្លឺ​ពី​ផែនដី ភព​ឧស្ម័ន WASP-96 b គឺ​មាន​ម៉ាស់​ប្រហែល​ពាក់កណ្តាល​នៃ​ម៉ាស់​របស់​ភព​ព្រហស្បតិ៍ ហើយ​វិល​ជុំវិញ​ផ្កាយ​របស់​វា​ក្នុង​រយៈពេល​ត្រឹមតែ ៣,៤ ថ្ងៃ​ប៉ុណ្ណោះ​។​

​បន្ទាប់មក​ទៀត​គឺ Stephan’s Quintet ដែល​ជា​កាឡាក់ស៊ី​តូច​មួយ​ស្ថិតនៅ​ចម្ងាយ ២៩០ លាន​ឆ្នាំ​ពន្លឺ​។ ណា​សាបាន​និយាយថា កាឡាក់ស៊ី​ចំនួន​បួន​ក្នុងចំណោម​កាឡាក់ស៊ី​ទាំង​ប្រាំ​នៅក្នុង Quintet ត្រូវបាន “​ជាប់គាំង​នៅ​ក្នុង​របាំ​លោហធាតុ​ដែល​ពួក​វា​ជួបគ្នា​ម្តង​ហើយ​ម្តងទៀត​យ៉ាង​កៀក​បំផុត​”៕

​រូបភាព​ផ្កាយ Southern Ring Nebula

​រូបភាព​ផ្កាយ Carina Nebula​