ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី គឺជាមេដឹកនាំ ប្រកបដោយទសពិធរាជធម៌ និងសច្ចធម៌ ដោយមិនដែលសន្យាភូតភរ ឬធ្វើប្រជាភិថុតិ ជាមួយប្រជាជនឡើយ ហើយសម្តេចតេជោ ក៏តែងនៅជាប់ក្បែរប្រជាជន ក្នុងគ្រប់កាលៈទេសៈ ដោយមិនបោះបង់ ទោះបីមានវិបត្តិ គ្រោះភ័យធំ យ៉ាងណាក៏ដោយ។ ដូច្នេះ ដរាបណា ប្រជាជនកម្ពុជា នៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើ គណបក្សប្រជាជនកម្ពុជា នោះសម្តេចតេជោ និងមន្ត្រីគណបក្ស គ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍ រីកចម្រើនលូតលាស់ ជឿនលឿនបន្ថែមទៀត។
នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
លោក ហ៊ុន ម៉ាណែត បានបន្តថាៈ អំណោយផល នៃសុខសន្តិភាព និងលំនឹងស្ថិរភាព ផ្នែកសង្គម-សេដ្ឋកិច្ច តាមរយៈជ័យជម្នះលើសមរភូមិ ក្នុងវិបត្តិជំងឺកូវីដ-១៩ កន្លងមកនេះ បានផ្តល់ឱកាសដល់ ប្រជាពលរដ្ឋទាំងអស់គ្នា អាចរស់នៅក្នុងជីវភាព ប្រក្រតីឡើងវិញ លើគ្រប់ផ្នែកគ្រប់វិស័យ និងគ្រប់ទីកន្លែង ដែលជាក់ស្តែងនោះ គឺការជួបជុំចូលរួមសម្ពោធ សមិទ្ធផលនានាជាច្រើន ប្រកបដោយក្តីរីករាយ ជុំញាតិជុំមិត្ត និងសទ្ធាជ្រះថ្លា ក្នុងការបំពេញ បុណ្យកុសល ដូចក្នុងថ្ងៃនេះផ្ទាល់។ វិបត្តិកូវីដ-១៩ ដែលបានអូសបន្លាយ រយៈពេលជាង ២ឆ្នាំ បានជះឥទ្ធិពលអវិជ្ជមាន ដល់ស្ថានភាពសុខភាពសាធារណៈ និងដំណើរការអភិវឌ្ឍជាតិ ព្រមទាំងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ប៉ុន្តែក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី យុទ្ធសាស្ត្រ និងវិធានការម៉ឺងម៉ាត់ ជាច្រើន ត្រូវបានដាក់ចេញយ៉ាងលឿនរហ័ស ប្រកបដោយការទទួលខុសត្រូវច្បាស់លាស់ ប្រាកដប្រជា និងចំគោលដៅ រហូតបានធ្វើឱ្យសភាពការណ៍ មានភាពធូរស្រាលស្ងប់ស្ងាត់ និងអាចគ្រប់គ្រងបាន ដោយបានធ្វើឱ្យអត្រាឆ្លងប្រចាំថ្ងៃ មានការធ្លាក់ចុះយ៉ាងគំហុក ហើយអត្រាស្លាប់ ក៏បានធ្លាក់មកដល់ចំនួនសូន្យ ដែលជាស្ថានការណ៍មួយ មានលក្ខណៈល្អ ប្រសើរបំផុត បើធៀបទៅនឹងចំនួនប្រជាជន សរុបរបស់ប្រទេសកម្ពុជា ហើយទន្ទឹមនឹងនេះ យើងក៏បានឈានដល់ ការបើកដំណើរការ ប្រទេសឡើងវិញ លើគ្រប់វិស័យ ដែលជាកត្តាកំណត់មួយ ដើម្បីស្តារ និងរក្សាស្ថិរភាព លំនឹងផ្នែកសង្គម-សេដ្ឋកិច្ច ក្រោយទទួលរងផលប៉ះពាល់ នៅក្នុងវិបត្តិសាកល ដ៏ធ្ងន់ធ្ងរមួយនេះ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ ដោយបញ្ហាកូវីដ-១៩ នៅតែជាបញ្ហាប្រឈមធំ សម្រាប់ជាតិ ក៏ដូចជាពិភពលោកទាំងមូល សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានត្រៀម រួចរាល់ជាស្រេច ក្នុងការបន្តផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩បន្ថែមទៀត ជាពិសេស វ៉ាក់សាំងដែលផលិត នៅក្នុងស្រុកតែម្តង សម្រាប់ចាក់ ជូនប្រជាពលរដ្ឋយើង ដើម្បីបន្តបង្កើនភាពស៊ាំ ក្នុងសហគមន៍ នៅទូទាំងប្រទេស ដែលគាំទ្រដល់និរន្តរភាព នៃការការពារសុខភាព របស់ប្រជាពលរដ្ឋ និងដំណើរការបើកប្រទេស លើគ្រប់វិស័យ ដែលបានដំណើរការ យ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល មកដល់ពេលនេះ។ សូមអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានជំនឿទុកចិត្ត មកលើរាជរដ្ឋាភិបាល និងបានចូលរួមគាំទ្រ អនុវត្តគ្រប់វិធានការ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ហើយក៏សូម យកឱកាសនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តទទួលយកការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ដើម្បីថែរក្សាសុខភាពឱ្យរឹងមាំ ពីព្រោះពុំមានអ្វីសំខាន់ និងមានតម្លៃជាងសុខភាពនោះទេ។
លោកបានលើកឡើងថាៈ យុវជនជំនាន់ក្រោយ មានភ័ព្វសំណាងណាស់ ដែលបានរស់នៅ ក្នុងសង្គមមួយ ដែលប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រីកចម្រើន ដូច្នេះសូមខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ សិក្សារៀនសូត្រ កសាងលត់ដំខ្លួន ឱ្យក្លាយជាធនធាន មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ ដើម្បី ឆ្លើយតបនឹងការខិតខំ ប្រឹងប្រែងរបស់ឪពុកម្តាយ-អាណាព្យាបាល ក៏ដូចជាការខិតខំប្រឹងប្រែង របស់សម្តេចតេជោ និងឥស្សរជន ថ្នាក់ដឹកនាំជាតិជាច្រើន ដែលបានតស៊ូលះបង់ ប្រកបដោយពលិកម្ម គ្រប់បែបយ៉ាង ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព និងសេចក្តីសុខសាន្តជូនជាតិ និងប្រជាជន៕/V