​ដោយៈ សម្បត្តិ / ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ​ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ បាន​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ទៅ​សំណេះសំណាល សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជា​ប្រពល​រដ្ឋ ចាស់ជរា​ទុរគត ៩ គ្រួសារ ជាមួយនឹង​ការនាំយក​អំណោយ ប្រគល់ជូន​ផ្ទាល់ដៃ នៅតាម​ខ្នង​ផ្ទះ នៅក្នុង​សង្កាត់​បឹងទំពន់​ទី​១ និង​សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុងការ​បង្ហាញ​នូវ​ទឹកចិត្ត ប្រកបដោយ​មនោសញ្ចេតនា អាណិត​ស្រឡាញ់​គិតគូរ​សុខទុក្ខ និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈម​បញ្ហាលំបាក​ក្នុង​ជីវភាព​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំង ៩ គ្រួសារ ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​តស៊ូ​ក្នុង​ជីវិត ដោយ​កុំ​អស់សង្ឃឹម ជាពិសេស​ប្រឹងប្រែង ប្រកប​មុខ​ចិញ្ចឹមជីវិត ដើម្បីឱ្យ​ជីវភាព​ប្រសើរឡើង ជាមួយគ្នា​នោះ ក៏ត្រូវ​ជឿជាក់​លើ​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ គឺ​តែងតែ​ណែនាំ​ដល់ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ក៏ដូចជា​ក្រុមការងារ​ចុះជួយ តាម​មូលដ្ឋាន ពិនិត្យ​ដោះស្រាយ​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​មិនឱ្យ​ដាច់បាយ​ស្លាប់​នោះទេ​។ ជាក់ស្តែង នៅថ្ងៃនេះ ក្រោយពី​លោក​ទទួល​ព័ត៌មាន ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ ដឹងថា​មាន​ប្រជាពលរដ្ឋ មាន​បញ្ហាលំបាក ក៏បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ និង​ថវិកា​មួយចំនួន ប្រគល់ជូន​បងប្អូន ដើម្បី​រួមចំណែក​ជួយ ដោះស្រាយ​ជីវភាព បាន​មួយកម្រិត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​លើកឡើង​ទៀតថាៈ កិច្ចការងារ​សប្បុរស​នេះ គឺ​ក្រុមការងារ និង​អាជ្ញាធរ បាន​ធ្វើជា​បន្តបន្ទាប់ រួចមកហើយ ជាពិសេស នៅតែ​បន្ត​ជួយ​បងប្អូន​ថែមទៀត ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្រខ្សត់​។ ជាង​នេះ លោក​ក៏​តែងតែ​ណែនាំ​ជាប្រចាំ ដល់​អាជ្ញាធរ​មូល​ដ្ឋា សង្កាត់​បឹងទំពន់​ទី​១ និង​បឹងទំពន់​ទី​២ ក៏ដូចជា​ក្រុមការងារ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់បំផុត ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ត្រូវ​ចុះ​ត្រួតពិនិត្យ តាម​ខ្នង​ផ្ទះ រកមើល​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជួប​ការលំបាក និង​នាំយក​អំណោយ ជា​ស្បៀងអាហារ ដើម្បី​ឧបត្ថម្ភ​ជូន​ពួកគាត់​។ ទន្ទឹម​នោះ ក៏បាន​ណែនាំ បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​នាំគ្នា​ចូលរួម ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ឱ្យបាន​ម៉ឺងម៉ាត់ តាមរយៈ​នាំគ្នា​អនុវត្ត តាម​វិធាន​ក្រសួងសុខាភិបាល​កម្ពុជា និង​អនុវត្តតាម​វិធាន ៣​កុំ ៣​ការពារ​។ ទោះបី​ជំងឺ​នេះ​នៅ​កម្ពុជា មាន​សភាព​ធូរស្បើយ​ក៏ដោយ ប៉ុន្តែ​វា​នៅតែ​បន្ត គំរាមកំហែង នៅឡើយ​នោះទេ​។​

​នៅក្នុង​កាស​នោះ ប្រជាពលរដ្ឋ ក៏បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត និង​ក្រុមការងារ ដែល​បាន​យកចិត្តទុកដាក់​គិតគូរ ពី​សុខទុក្ខ និង​បាន​អញ្ជើញ​មក​សាកសួរ​សុខទុក្ខ ពួកគាត់​ដល់​ខ្នង​ផ្ទះ នេះ​ជា​កាយវិកា​ដ៏​សប្បុរស ប្រកបដោយ​មេត្តា​ករ​ណា ចំពោះ​ប្រជាពលរដ្ឋ​ក្រខ្សត់ ដូច​ពួកគាត់​។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ចាស់ជរា​ទុរគត​ទាំង ៩​គ្រួសារ​ខាងលើ គឺ​៣​គ្រួសារ នៅ​សង្កាត់​បឹងទំពន់​១ និង ៦​គ្រួសារ នៅ​សង្កាត់​បឹងទំពន់​២ ដោយ​ក្នុង​១​គ្រួសារ ទទួលបាន​អំណោយ​ឧបត្ថម្ភ នូវ​ថវិកា​ចំនួន ១០ ម៉ឺន​រៀល អង្ករ ២ កា​រ៉ុង ទឹក​សុទ្ធ​២​កេស ទឹកក្រូច​២​កេស ត្រីខ ទឹកត្រី និង​ទឹកស៊ីអ៊ីវ ជាមួយគ្នា​នោះ ក៏បាន​ឧបត្ថម្ភ​ប្រជាពលរដ្ឋ ចំនួន ២៥ នាក់​ទៀត ក្នុង​ម្នាក់ៗ ទទួល​ថវិកា ៥ ម៉ឺន​រៀល​។ ដោយឡែក ចំពោះ​បងស្រី​ម្នាក់ ដែលមាន​ជំងឺ​រ៉ាំរ៉ៃ ក៏បាន​ជួយឧបត្ថម្ភ​ថវិកា ចំនួន ២០០ ដុល្លារ សម្រាប់​ទុក​ដោះស្រាយ ព្យាបាល​ជំងឺ​៕/V​