ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អ្នកការទូតកំពូលចិននិងអាម៉េរិកកាលពីថ្ងៃសៅរ៍ទី៩កក្កដាបានសម្តែងក្តីសង្ឃឹមបែបប្រយ័ត្នប្រយែង ក្នុងការរារាំងភាពតានតឹងកុំអោយរាលដាលឡើងហួសពីភាពអាចគ្រប់គ្រងបាន នៅពេលពួកលោកជួបពិភាក្សាគ្នាដ៏កម្រនៅកោះរមណីយដ្ឋានបាលី ក្នុងប្រទេសឥណ្ឌូនេស៊ី។
គ្មានភាគីណាមួយរំពឹងថានឹងទម្លុះទម្លាយភាពទាល់ច្រកធំដុំទេក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាម៉េរិក អ៊ែនថូនី ប្លីងកិន និងសមភាគីចិន វ៉ាង យី តែមហាអំណាចទាំងពីរបានសម្រួលសម្លេងរបស់គេនិងបង្កើនការទាក់ទងចំពេលដែលលោកខាងលិចជាប់ដៃផ្តោតលើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោកប្លីងកិន បាននិយាយថា «ក្នុងទំនាក់ទំនងស្មុគស្មាញធំមួយ ដូចជារវាងអាម៉េរិកនិងចិន វាត្រូវមានការពិភាក្សាគ្នាច្រើន។យើងទន្ទឹងរង់ចាំការសន្ទនាបែបស្ថាបនានិងផ្តល់ផលល្អ»។
ចំណែកលោកវ៉ាងបាននិយាយថា ប្រធានាធិបតីស៊ី ជីនភីង ជឿលើកិច្ចសហប្រតិបត្តិការ ព្រមទាំង«ការគោរពគ្នាទៅវិញទៅមក»រវាងមហាអំណាចសេដ្ឋកិច្ចផុតលេខទាំងពីរ និងថាចាំបាច់ត្រូវមាន«ការផ្លាស់ប្តូរទស្សនៈធម្មតា»រវាងគ្នា។
លោកបានបន្តថា «យើងត្រូវធ្វើការជាមួយគ្នាដើម្បីធានាថា ទំនាក់ទំនងនេះនឹងបន្តទៅមុខតាមផ្លូវត្រឹមត្រូវ»។
ដាញែល គ្រីថិនប្រ៊ីង(Daniel Kritenbrink)មន្ត្រីការទូតជាន់ខ្ពស់អាម៉េរិកប្រចាំអាស៊ីខាងកើត មុននេះបាននិយាយថា លោកប្លីងកិន នឹងស្វះស្វែងរក«ភាពជាអ្នកត្រួតត្រាមើល»ក្នុងការប្រកួតប្រជែងរបស់អាម៉េរិកជាមួយចិន និង«ធ្វើអ្វីគ្រប់យ៉ាងដែលអាចដើម្បីធានាថា យើងរារាំងការគិតគូរខុសណាមួយដែលនឹងនាំដល់ជម្លោះដែលអាចបញ្ចៀសបាន»។
រដ្ឋមន្ត្រីការបរទេសអាម៉េរិក អ៊ែនថូនី ប្លីងកិន និងសមភាគីចិន វ៉ាង យី ជួបគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសោរ៍។វាជាជំនួនទល់មុខផ្ទាល់លើកដំបូង រវាងប្រមុខការទូតមហាអំណាចទាំងពីរ ចាប់តាំងពីខែតុលាឆ្នាំមុន
វាជាជំនួនទល់មុខផ្ទាល់លើកដំបូង រវាងប្លីងកិននិងលោកវ៉ាង យី ចាប់តាំងពីខែតុលាឆ្នាំមុន។ពួកលោកត្រូវគេរំពឹងថានឹងត្រៀមការងារសំរាប់កិច្ចពិភាក្សាផ្ទាល់នៅប៉ុន្មានសប្តាហ៍ខាងមុខរវាង លោកប្រធានាធិបតី ស៊ី ជីនភីង និងលោក ចូ បៃដិន៕