​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានដាក់​នូវ​ផែនការ​យុទ្ធសាស្ត្រ សកម្មភាព ដើម្បី​ស្តារ​ប្រជាប្រិយភាព និង​រក​សំឡេងគាំទ្រ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០២៣ ខាងមុខនេះ ឲ្យ​បាន​យ៉ាងតិច ១៥ អាសនៈ​។ ការដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ នេះ បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា ស្តីពី​ការពង្រឹង​សក្តានុពល គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២២​នេះ​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​មានប្រសាសន៍ថាៈ សិក្ខាសាលា ស្តីពី​ការពង្រឹង​សក្តានុពល គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺមាន​ប្រធានបទ​ចំនួន ៥ រួមមានៈ
១.​គោលនយោបាយ និង​គោលជំហរ​របស់ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​
២. កំណែទម្រង់​រចនាសម្ព័ន្ធ ការពង្រឹង​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។
៣.​ចំណុចខ្លាំង និង​ចំណុចខ្សោយ និង​ការធ្លាក់ចុះ​ប្រជាប្រិយភាព និង​សំឡេងគាំទ្រ​។​
៤.​ផែនការ​សកម្មភាព ដើម្បី​រក​សំឡេងគាំទ្រ ស្តារ​កិត្តិយស កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព ឱ្យ​ល្អ​ឡើងវិញ​។
៥.​ផែនការ​គៀងគរ រក​ភស្តុភារ ហិរញ្ញវត្ថុ សម្រាប់​ទ្រទ្រង់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

​លោក ញឹក ប៊ុនឆៃ បានបញ្ជាក់​ថាៈ ” សិក្ខាសាលា​នេះ ដើម្បី​ពង្រឹង​សក្តានុពល​គណបក្ស ក្នុងការ​ដណ្តើមយក​អាសនៈ​រដ្ឋសភា យ៉ាងតិច ចំនួន ១៥ អាសនៈ ក្នុងការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ” ។​

​លោក ញឹក ប៊ុនឆៃ មានសង្ឃឹម​យ៉ាង​មុតមាំ​ថាៈ សិ​ល្ខា​សាលា រយៈពេល ២ ថ្ងៃនេះ នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជា​ពិ​សស​ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព ស្តារ​ប្រជា ប្រិយភាព និង​ការធ្វើសកម្មភាព​រក​សំឡេងគាំទ្រ ដណ្តើមយក​អាសនៈ​យ៉ាងតិច ១៥ អាសនៈ​។ គោលនយោបាយ​របស់ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺ​ការលើកស្ទួយ​សុខសន្តិភាព ការផ្សះផ្សា បង្រួបបង្រួម​ជាតិ ឲ្យ​មានការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ​មួយ​នៅ​កម្ពុជា ពង្រឹង​នីតិរដ្ឋ ការគោរព​សិទ្ធិមនុស្ស លុបបំបាត់​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ សេដ្ឋកិច្ច​ទីផ្សារ​។ អ្វីៗ​ដែល​កម្ពុ​ជាមាន ត្រូវតែ​នាំគ្នា​ថែរក្សា​ការពារ កុំ​ឲ្យ​បាត់បង់​ទៅវិញ និង​លើកស្ទួយ បន្ត​ការពារ ឲ្យ​បាន​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យ​មានការ​រីកចំរើន ជា​បន្ត​ប​បន្ទាប់​តទៅទៀត​។

​លោក​បាន​បន្តថាៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ស្ថិតនៅ​ជិត​ប្រជាពលរដ្ឋ​ជានិច្ច ក្នុង​ស្មារតី​ជា អ្នកស្នេហាជាតិ អ្នក​ស្នេហា​សុខសន្តិភាព ស្នេហា​យុត្តិធម៌ រាជានិយម សីហនុ​និយម ដើម្បី​រួបរួមគ្នា​ប្រឆាំង​សត្រូវ​រួម​របស់​យើង គឺ​ភាពក្រីក្រ ភាពអវិជ្ជា អំពើហិង្សា អំពើពុករលួយ​៕/V​