ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់លេងចាញ់ ២ ប្រកួតជាប់ៗគ្នាមកនោះ ក្រុមបាល់ទាត់អាយុក្រោម១៩ឆ្នាំ របស់កម្ពុជា បានបង្កើននូវការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីប្រកួតចុងក្រោយ ជាមួយក្រុមទីម័រខាងកើត ។
ព្រឹត្តិការណ៍ AFF U19 Boys Championship 2022 ទោះបីកម្ពុជា អស់ឱកាសឡើងទៅលេងនៅវគ្គបន្ត ក៏ពិតមែន តែការប្រកួតចុងក្រោយ ក្រុមមួយនេះ នៅតែត្រូវការឈ្នះដដែល ។
លោក Koji Gyotoku ដែលជាគ្រូបង្វឹក បានពង្រឹងនូវប្រព័ន្ធការពារ រួមជាមួយ ការសហការគ្នា រវាងខ្សែបម្រើ ជាមួយខ្សែការពារ និងខ្សែបម្រើ ជាមួយខ្សែប្រយុទ្ធ ។
កម្ពុជា លេងបានយ៉ាងល្អ ក្នុងការប្រកួតដំបូងរបស់ខ្លួនដោយយកឈ្នះសឹង្ហបូរី ១ទល់០ តែការប្រកួតលើកទី២ បែរជាចាញ់ម៉ាឡេស៊ី ១ទល់២ និងលើកទី៣ ដែលកម្ពុជាប្ដេជ្ញាយក ឈ្នះឡាវនោះ បែរជាចាញ់ឡាវ ១ទល់២ដែរ ។
កម្ពុជា ត្រូវការឈ្នះឡាវ ដាច់ខាត ដើម្បីឡើងទៅវគ្គបន្ត តែបន្ទាប់ពីចាញ់ឡាវ កម្ពុជាបាត់បង់ឱកាសតែម្ដង។ តែទោះជាយ៉ាងណា ក៏ការប្រកួតចុងក្រោយ ជាមួយក្រុមទីម័រខាងកើត ថ្ងៃទី ១១ កក្កដា កម្ពុជា បានប្ដេជ្ញាថា យកឈ្នះឱ្យបានសម្រេច ៕/V