ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ព្រះបន្ទូល​អំពាវនាវ​ទៅដល់​ប្រជារាស្ត្រ​ទាំងអស់ បន្ត​ជួយ​ទប់ស្កាត់ និង​បញ្ឈប់​រាល់​ការកាប់​ផល អនុផល​ព្រៃឈើ និង​ការ​ប្រមាញ់​សត្វព្រៃ​គ្រប់​រូបភាព​ទុក ដើម្បី​កូនចៅ​អ្នកជំនាន់ក្រោយ​។​

​ក្នុង​ព្រះ​រាជពិធី (​រុក្ខទិវា ៩ កក្កដា​) នៅលើ​ទឹកដី​ខេត្តបាត់ដំបង ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​មាន​ព្រះរាជបន្ទូល​ថា​÷ ដើម្បី​បានជា​ម្លប់ និង​ជម្រក​មនុស្ស សត្វ បានជា​ឈើ​សំណង់ អុស ធ្យូង រួមទាំង​ការបង្កើន​នូវ​ជីវជាតិ​ដល់​ដី​កសិកម្ម និង​បាន​ជួយ​ទប់​កម្លាំង​ខ្យល់​កន្ត្រាក់ ពិសេស​ការ​បម្រែបម្រួល​ធាតុអាកាស​ផង​នោះ សូម​ព្រះសង្ឃ អាជ្ញាធរ​ដែនដី វិស័យ​ឯកជន និង​បងប្អូន​កូនក្មួយ ជនរួមជាតិ​នៅ​ទូទាំងប្រទេស​ទាំងអស់​សូម​ព្រះមេត្តា និង​មេត្តា​ដាំ​ដើមឈើ​គ្រប់​ប្រភេទ​បន្តទៀត​តាម​ដែល​អាចធ្វើ​ទៅបាន ពិសេស​នៅតាម​ទី​វត្ត​អារាម ទីសាធារណៈ​ផ្សេងៗ រមណីយដ្ឋាន តាម​ដង​ផ្លូវលំ ផ្លូវជាតិ ឬ​តា​មដង​ប្រឡាយ តាម​ភូមិដ្ឋាន ភ្លឺស្រែ​ចម្ការ​ឲ្យ​បាន​ច្រើន​ឡើងវិញ​។​

​ព្រះអង្គ​បាន​មាន​ព្រះបន្ទូល​បន្តថា​÷ ជាមួយគ្នា​បងប្អូន​ជនរួមជាតិ​ក៏​ចាំបាច់​ត្រូវ​ចូលរួម​ជួយ​ទប់ស្កាត់​បញ្ចប់​ការកាប់បំផ្លាញ​ព្រៃឈើ ការកាប់​រាន ដុត ឈូស ឆាយដី​ព្រៃ ការ​បរបាញ់ ការដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ដោយ​ខុសច្បាប់ ហើយ​ងាក​មក​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ ការពារ​ភ្លើង​ឆេះ​ព្រៃ​នៅតាម​ទី​តំបន់​ជនបទ​ដែល​បងប្អូន​រស់នៅ ក្រៅពីនេះ​គ​ម្បី​រក្សា​ការពារ​ឱ្យបាន​នូវ​ធនធាន​ព្រៃឈើ​ទាំងនោះ​ទុក​សម្រាប់​កូនចៅ​របស់​យើង​ជំនាន់​នេះ ក៏ដូចជា​ជំនាន់​ក្រោយៗ​ទៀត​។ ទន្ទឹមនេះ​ក៏ត្រូវ​ចូលរួម​យកចិត្តទុកដាក់​ធ្វើ​កសិកម្ម​ទំនើប​ចម្រុះ​នៅតាម​សហគមន៍​បន្ថែមទៀត​ជា​សក្ដានុពល​ប្រកបដោយ​ភាព​វៃឆ្លាត​។​

​ការដាំ​ដើមឈើ គឺជា​ការវិនិយោគ​ប៉ៃ​តង​លើ​ធម្មជាតិ​ដែល​ផ្តល់​ពហុ​ប្រយោជន៍​សម្រាប់​មនុស្សជាតិ​យើងទាំងអស់គ្នា សត្វ និង​ភពផែនដី​ផងដែរ​៕​