ដោយ: បូកគោ / កែប: ដើម្បីជាចំណងដៃជូនប្រជាពលរដ្ឋដែលបានជឿទុកចិត្ត និងគាំទ្រគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈសំឡេងបោះឆ្នោតនាពេលថ្មីៗនេះ រដ្ឋបាលខេត្តកែបបានសម្រេចស្ថាបនាផ្លូវបេតុងអាមេមួយខ្សែ ក្បែរទីកម្សាន្តឆ្នេរកែប។ ផ្លូវនេះនឹងក្លាយជាចំណែកសំខាន់ក្នុងកិច្ចសម្រួលការធ្វើដំណើរ ពិសេសបញ្ចៀសការកកស្ទះពេលរដូវបុណ្យទានម្តងៗ។
កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តកែបបានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេមួយខ្សែអមដោយប្រឡាយរំដោះទឹកភ្លៀងឆ្លងកាត់ភូមិថ្មី សង្កាត់ព្រៃធំ និងភូមិកែប សង្កាត់កែប ក្រុងកែប។
ថ្លែងក្នុងពិធីខាងលើ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍ថាផ្លូវបេតុងដែលនឹងលេចចេញរូបរាងនាពេលដ៏ខ្លីខាងមុខជាចំណងដៃដំបូងសម្រាប់បងប្អូនប្រជាពលរដ្ឋចំពោះការជឿទុកចិត្ត ក៏ដូចជាគាំទ្រគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយ:សំឡេងឆ្នោតកាលពីប៉ុន្មានថ្ងៃកន្លងទៅនោះ។ ពិតណាស់ គ្រប់សមិទ្ធផលដែលបានកើតឡើងមិនមែនដោយភាពចៃដន្យទេ។ និយាយរួម រដ្ឋបាលខេត្តមានចក្ខុវិស័យ និងគម្រោងច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យនានា។
លោកអភិបាលខេត្តបានបន្តថា ការស្ថាបនាផ្លូវមួយខ្សែដែលមានទទឹងរហូតដល់១០ម៉ែត្រនោះ នឹងជួយសម្រួលការធ្វើដំណើរក្នុងក្រុងកាន់តែងាយស្រួល ពិសេសអាចបញ្ចៀសបាននូវការកកស្ទះចរសចរពេលពិធីបុណ្យទានម្តងៗ។ លោកសោម ពិសិដ្ឋបានបញ្ជាក់ទៀតថាផ្លូវបេតុងនេះ ក៏ជាចំណែកសំខាន់ដើម្បីទាក់ទាញទេសចរមកកម្សាន្តខេត្តកែបកាន់តែច្រើន ដែលជាផ្នែកមួយជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋទូទាំងខេត្ត។
តាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញថា ផ្លូវបេតុងមួយខ្សែនេះ នឹងត្រូវប្រើពេលសាងសង់បួនខែ។ បន្ទាប់មកនឹងដាំដើមឈើប្រណីតអមសងខាងទៀតផង។ ក្រៅពីនោះ ក៏នឹងមានបំពាក់អំពូលភ្លើងបំភ្លឺពេលយប់ ចាប់ពីចំណុចរង្វង់មូលរូបសំណាកសេះស រហូតដល់ផ្សារក្តាម ព្រមទាំងបំពាក់នៅតាមដងផ្លូវសំខាន់ៗ មួយចំនួនទៀត ដូចជាតំបន់ឆ្នេរដើម្បីឲ្យភ្ញៀវងាយស្រួលដើរកម្សាន្តពេលរាត្រី៕