ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាការិនីវាយសីជម្រើសជាតិកម្ពុជា ភាន់ ចិន្ដា បានបង្ហាញពីមហិច្ឆតាថា គោលបំណងរបស់នាង គឺខ្ញុំចង់បន្យល់ស្នាដៃយកមេដាយកម្រិតអន្ដរជាតិណាមួយជូនជាតិ ពិសេសក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ទុកជាកេរ្តិ៍ នៃការខិតខំប្រឹងប្រែងរបស់នាងតាំងពីដើមរហូតមក ព្រោះមកទល់ពេលនេះ រាល់ពេលចេញប្រកួតក្រៅប្រទេស នាងមិនទាន់ទទួលបានផ្លែផ្កានោះទេ។
កីឡាការិនីរូបនេះ បានទទួលតែជោគជ័យ តែការប្រកួតក្នុងស្រុកប៉ុណ្ណោះ។
ភាន់ ចិន្ដា បានសន្យានឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងពិសេស ដើម្បីសម្រេចក្ដីស្រមៃចង់បន្សល់ស្នាដៃ ក្នុងការប្រកួតលក្ខណៈអន្ដរជាតិពិសេសស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា មុនខ្លួនចូលនិវត្តន៍ពីជម្រើសជាតិ។
កីឡាការិនីរូបនេះ លេងកីឡាវាយសីតាំងពីឆ្នាំ២០១៣ ដែលកាលនោះនាងនៅរៀនថ្នាក់ទី៦។ កាលនោះនាងលេង ដើម្បីសុខភាពប៉ុណ្ណោះ។ ប៉ុន្ដែដោយសារការស្រលាញ់ ព្រមទាំងមានការជំរុញពីក្រុមគ្រួសារ គ្រូ និងមិត្តភ័ក្ដ្រនាងបានព្យាយាមហ្វឹកហាត់កីឡានេះ រហូតមានឱកាសចូលរួមប្រកួតជើងឯកថ្នាក់ជាតិ តំណាងខេត្តខ្លួន នៅឆ្នាំ២០១៧ ហើយក៏ជាឆ្នាំត្រូវបានគ្រូជម្រើសជាតិបានកោះហៅខ្លួនចូលរួមក្រុមកីឡាវាយសីជម្រើសជាតិកម្ពុជាដែរ។
កីឡាការិនីរូបនេះមានដើមកំណើតនៅខេត្តកំពង់ចាមនាងបន្ដថាចំពោះការលេងកីឡាវាយសីរហូតខ្ញុំសម្រេចចិត្តចាប់អាជីពកីឡានេះពេលខ្ញុំបានចូលរួមប្រកួតជើងឯកថ្នាក់ជាតិដំ
បូង កាលពីឆ្នាំ២០១៧។ កាលនោះ នាងប្រកួតវិញ្ញាសាវាយគូ តែមិនបានទទួលជ័យជំនះឡើយ។ បន្ទាប់មក ខ្ញុំក៏បានព្យាយាមខំប្រឹងហើយឆ្នាំបន្ដបន្ទាប់ខ្ញុំក៏ដណ្ដើមបានមេដាយជាហូរហែទាំងមេដាយ
មាស ប្រាក់ និងសំរឹទ្ធ គឺមានតែឆ្នាំ២០២៧មួយឆ្នាំគត់ដែលមិនបានទទួលមេដាយ ព្រោះនោះជាឆ្នាំដែលនាងចូលរួមប្រកួតថ្នាក់ជាតិលើកដំបូង។
ចំពោះការប្រកួតអន្ដរជាតិវិញ កញ្ញាធ្លាប់បានចូលរួមប្រកួតក្រៅប្រទេស ៣ដង នៅម៉ាឡេស៊ី អូស្ដ្រាលី និងចុងក្រោយ គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម។ តែគួរឲ្យស្ដាយ រាល់ការប្រកួតអន្ដរជាតិនេះ នាងពុំទទួលបានលទ្ធផលល្អនោះទេ ដោយនាងទទួលស្គាល់សមត្ថភាពខ្លួននៅមានកម្រិត។ ប៉ុន្ដែចំពោះមុខកីឡាការិនី រូបនេះ បានប្ដេជ្ញាចិត្ដនឹងខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ម្ចាស់មេដាយមាសកីឡាវាយសីជើងឯកថ្នាក់ជាតិរូបនេះប្រកួតលើវិញ្ញាសាវាយគូនារីរូបនេះ លើកឡើងថា «ទិសដៅបន្ទាប់គឺនាងសន្យាថា នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ហើយជាក្ដីរំពឹងរបស់នាងហើយនាងសង្ឃឹមថា នឹងស្វែងរកមេដាយប្រាក់ឲ្យបាន»។ ចិន្ដា ពន្យល់ថា «ខ្ញុំមិនដាក់គោដៅមេដាយមាស ព្រោះយើងដឹងពីកម្រិតសមត្ថភាពរបស់យើងនៅឆ្ងាយពីគេពិសេសបេក្ខភាពមេដាយមាសក្នុងតំបន់។ តែខ្ញុំនឹងព្យាយាមហ្វឹកហាត់ ទាំងក្នុង និងក្រៅម៉ោង ពេលទំនេរពីការសិក្សា ដើម្បីសម្រេចគោលដៅនេះ»។
ពាក់ព័ន្ធនឹងអាជីពកីឡាវាយសីនេះដែរសមាជិកសម្ព័ន្ធកីឡាវាយសីខេត្តកំពង់ចាមខាងលើ បានបង្ហើបថា ខ្លួនមិនប្រាកដ នឹងលេងរហូតនោះទេ ពិសេសជម្រើសជាតិ។ បន្ទាប់ពីកញ្ញាបញ្ចប់ការសិក្សា មានការងារធ្វើ ខ្លួនអាចនឹងចូលនិវត្តន៍ពីជម្រើសជាតិ ប៉ុន្ដែមុនលះបង់ឯកសណ្ឋានជម្រើសជាតិខ្លួនចង់បន្សល់នូវស្នាដៃណាមួយក្នុងការប្រកួតអន្ដរជាតិ៕