ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អ្នកការទូតកំពូលរបស់រុស្ស៊ីបានដើរចេញពីកិច្ចប្រជុំជាមួយក្រុមរដ្ឋមន្ត្រីការបរទេស G20 នៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រទី៨កក្កដាខណៈមហាអំណាចលោកខាងលិចបាននាំគ្នារិះគន់ចាស់ដៃលើទីក្រុងមូស្គូជុំវិញការលុកលុយអ៊ុយក្រែន។
ទីក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្តបានថ្កោលទោសការវាយលុករបស់រុស្ស៊ីនៅមុនកិច្ចប្រជុំ មុនពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ប្រឈមមុខនឹងអ្វីដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីងកិន ហៅថាជំនន់នៃការរិះគន់របស់លោកខាងលិចនៅឯកិច្ចពិភាក្សាបិទទ្វារ។
លោកប្លីងកិនបាននិយាយពីកិច្ចប្រជុំនៅកោះបាលីថា “អ្វីដែលយើងបានឮនៅថ្ងៃនេះគឺជាការបន្ទរដ៏ខ្លាំងពីជុំវិញពិភពលោក…អំពីតម្រូវការឱ្យបញ្ឈប់ការឈ្លានពាននេះ”។
លោកប្លីងកិននិងលោកឡាវរ៉ូវបានចូលរួមជាមួយសហសេវិកដទៃសម្រាប់កិច្ចពិភាក្សារយៈពេលមួយថ្ងៃនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ពួកគេចាប់តាំងពីការផ្ទុះសង្គ្រាមដោយម្ចាស់ផ្ទះឥណ្ឌូនេស៊ីបានប្រាប់ពួកគេភ្លាមៗថាជម្លោះនេះត្រូវតែបញ្ចប់ដោយការចរចា។
ប៉ុន្តែក្រុមអ្នកការទូតបាននិយាយថា លោកឡាវរ៉ូវបានដើរចេញពីវគ្គប្រជុំទីមួយនៅពេលព្រឹក ខណៈសមភាគីអាល្លឺម៉ង់លោកស្រី អានណាឡេណា ប៊ែរបុក (Annalena Baerbock)បានរិះគន់ទីក្រុងមូស្គូជុំវិញការឈ្លានពានរបស់ខ្លួន។
លោកស្រីប៊ែរបុកបានរិះគន់ទីក្រុងមូស្គូចំពោះការរារាំងការសន្ទនាជាមួយដៃគូអន្តរជាតិ បន្ទាប់ពីលោកឡាវរ៉ូវដើរចេញពីសុន្ទរកថារបស់លោកស្រី។
ថ្លែងទៅកាន់ទូរទស្សន៍អាល្លឺម៉ង់ពីកិច្ចប្រជុំ G20 នៅកោះបាលី លោកស្រីប៊ែរបុកបាននិយាយថា លោកឡាវរ៉ូវ “បានចាកចេញពីវគ្គប្រជុំទីមួយពាក់កណ្តាលទីទៅហើយ” ហើយបានរំលងវគ្គប្រជុំទីពីរ”ដែលនេះបង្ហាញកាន់តែច្បាស់ថាគាត់មិនចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការអន្តរជាតិឬកិច្ចសន្ទនាជាមួយដៃគូ G19 ផ្សេងទៀតនោះទេ”។
ក្រុមអ្នកការទូតបាននិយាយថា ក្រោយមកលោកឡាវរ៉ូវក៏បានលុបចោលការប្រជុំពេលរសៀលផងដែរ មុនពេលការបង្ហាញខ្លួនតាមអនឡាញដោយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) ហើយមិនមានវត្តមានទេនៅពេលរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកប្លីងកិន ថ្កោលទោសរុស្ស៊ីនៅក្នុងកិច្ចប្រជុំបិទទ្វារនៅកោះបាលី។
លោកស្រីប៊ែរបុកបាននិយាយថា “វាគូសបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីមិនបង្ហាញឆន្ទៈក្នុងការនិយាយសូម្បីមួយម៉ាត់ជាពិសេសលើសំណួរសំខាន់អំពីរបៀបដែលយើងនឹងដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក”។
លោកស្រីប៊ែរបុកបាននិយាយថា ទោះបីជាប្រទេសចំនួន ១៩ សេសសល់ផ្សេងទៀតមានទស្សនៈខុសគ្នាអំពី “សង្គ្រាមឈ្លានពានរបស់រុស្ស៊ី” ក៏ដោយ ក៏ប៉ុន្តែពួកគេ”ច្បាស់ណាស់គឺអំពាវនាវដល់រុស្ស៊ីឱ្យបញ្ចប់សង្គ្រាមនេះ”។
លោកស្រីបាននិយាយថា “ប្រទេសភាគច្រើនបានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីមានទំនួលខុសត្រូវក្នុងការបញ្ឈប់ការបាញ់ផ្លោងជាបន្ទាន់”។
លោកឡាវរ៉ូវបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសណ្ឋាគារ Mulia ថា “ដៃគូលោកខាងលិចរបស់យើងកំពុងព្យាយាមចៀសវាងការនិយាយអំពីបញ្ហាសេដ្ឋកិច្ចពិភពលោក។ចាប់ពីពេលដំបូងដែលពួកគេនិយាយភ្លាម ពួកគេចាប់ផ្តើមរិះគន់យ៉ាងចាស់ដៃមកលើរុស្ស៊ីភ្លែត”។
លោកប្លីងកិនបានគេចវេសពីកិច្ចប្រជុំជាមួយលោកឡាវរ៉ូវ ហើយជំនួសមកវិញបានចោទប្រកាន់រុស្ស៊ីថាបានបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោកដោយទាមទារឱ្យទីក្រុងមូស្គូអនុញ្ញាតឱ្យការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែនដែលរងគ្រោះដោយសង្គ្រាម៕
លោកឡាវរ៉ូវដើរចេញពីកិច្ចប្រជុំ G20 នៅកោះបាលី ក្រោយមានការរិះគន់ខ្លាំងពេកពីលោកខាងលិច