​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ល្អាង​ស្ពាន ជា​ឈ្មោះ​រូងភ្នំ​ថ្មកំបោរ​មួយ ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុង​ភ្នំ​ទាក់​ទ្រាំង ភូមិ​គីឡូម៉ែត្រ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង នៅ​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ទី​រូ​ម​ខេត្ត បាត់ដំបង តាម​បណ្តោយ​ផ្លូវ​លេខ​៥៧ ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន ។

​តាម​ឯកសារ​បុរាណវត្ថុវិទ្យា​បាន​ឲ្យ​ដឹងថា ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​នេះ ត្រូវបាន រកឃើញ និង​ត្រូវបានធ្វើ​កំណាយ​លើកដំបូង ដោយ​លោកស្រី សេ​ស៊ី ម៉ូ​រ៉េ និង លោក រ៉ូ​ឡង់ ម៉ូ​រ៉េ នៅ​ទសវត្ស ១៩៦០​។


​បន្ទាប់មក​ការស្រាវជ្រាវ​បាន​អាក់ខាន​ជាង ៤០ ឆ្នាំ លុះដល់​ឆ្នាំ​២០០៩ ទើប​មានការ​ស្រាវជ្រាវ​បន្ត ដែល ធ្វើឡើង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ណ៍ រវាង​ក្រសួង​វប្ប​ធ​ម៏ និង​វិចិត្រសិល្បៈ ជាមួយ​សារមន្ទីរ​ជាតិ​ប្រវត្តិ សាស្ត្រ​ធម្មជាតិ​នៃ​ប្រទេស​បារាំង​។​

​មកដល់ពេលនេះ ការធ្វើ​កំណាយ​នៅ​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​នេះ​គឺមាន ជា​ហូរហែរ​ដោយបាន​រកឃើញ​តឹក​តាំង​ជាច្រើន​ដូចជា​៖ ឧបករណ៍​ថ្ម​បំបែក​, ថ្ម​រំលីង​, ភាជន៍​, គ្រឿង​លម្អ​កាយ អង្កាំ និង​កងដៃ​ធ្វើ​ពី ថ្ម និង​បន្តោង​ខ្សែក ធ្វើ​ពី​ចង្កូម​សត្វ បំណែក​ឆ្អឹង​សត្វ ព្រមទាំង​ផ្នូរ​សព ដែល​បញ្ជាក់ថា បុព្វបុរស​ជនជាតិខ្មែ​រ​បានមក​តាំងទី​លំនៅ​នៅទីនេះ​តាំងតែ​ពី​សម័យមុន​ប្រវត្តិសាស្ត្រ ។

​លទ្ធផល​វិភាគ​លើ​វត្ថុ​បាន​ពី​កំណាយ បង្ហាញថា ស្ថានីយ​ល្អាង​ស្ពាន មាន​មនុ​ស្សមក​តាំងទី ពោលគឺ​តាំងតែ​ពី សម័យ​ថ្ម​បំបែក​ដែលមាន​អាយុកាល​ប្រហែល ៧១.០០០ ឆ្នាំ​។

​រហូតមកទល់​ពេលនេះ ល្អាង​ស្ពាន​ជា​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ប្រទះឃើញ​ឧបករណ៍​ថ្ម នៃ វប្ប​ធ​ម៏​ហាវ​ប៊ី​ន​ញៀន​ច្រើន​ប្រភេទ ហើយ​ស្ថិតក្នុង​ស្រទាប់ដី​ជាក់លាក់​។

​ផ្អែកលើ​កាលប្រវត្តិ បរិមាណ និង​លក្ខណៈ​នៃ​ឧបករណ៍​ថ្ម​ទាំងនោះ ជួយ​ឲ្យ​យើង​យល់បាន​កាន់តែ​ប្រសើរ​ពី​បច្ចេកទេស​នៃ​ការផលិត​ឧបករណ៍ ថ្ម វប្ប​ធ​ម៏ បរិស្ថាន និង​បរិបទ​ទូទៅ​នៃ​អរិយធម៌​បុព្វបុរស ខ្មែ​យើង​៕​