​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ពិធីបុណ្យ​ព្រលែង​គោ​ជល់​អោយ​ដេញ​វ័ធ​មនុស្ស​ដ៏​ព្រឺព្រួច​ហៅ​ថា​«ប៉ម​ផ្លូណា សាន់ ហ្វែរ​មីន ហ្វី​សធី​វ៉ាល»​( Pamplona´s San Fermín Festival)វគ្គទីបី​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​​បានបញ្ចប់​កាលពី​ថ្ងៃសៅរ៍​ទី​៩​កក្កដា តែ​បុរស​ពីរ​នាក់​រងរបួស​ភ្លៅ​ដោយ​គោ​វ័ធ នេះ​បើ​តាម​អ្នកនាំពាក្យ​នៃ​ពិធី​។​

​សរុប​មនុស្ស​ប្រាំពីរ​នាក់ ត្រូវ​បញ្ជូន​ចូល​ពេទ្យ​ក្រោយ​ការ​រត់​ដេញ​គោនិងគោ​ដេញ​មនុស្ស​កាលពី​ថ្ងៃ​សៅរ៍​។​

​អ្នករត់​រាប់ពាន់នាក់ ភាគច្រើន​ស្លៀលពាក់​ខោអាវស ខ្សែ​ឈៀង​និង​កន្សែង​ក្រវាត់ក​ពណ៌ក្រហម​តាម​ប្រពៃណី បាន​ប្រញាយ​គ្នា​ដើម្បី​គេច​ពី​សត្វ​ដេញ​វ័ធ​។​អ្នកចូលរួម​សប្បាយ​មួយចំនួន​បាន​ដួល​លើ​គ្នា​នៅក្នុង​​ផ្លូវ​តូច​ចង្អៀត​ក្នុង​ទីក្រុង​ប៉ម​ផ្លូណា​។​

​ពិធីបុណ្យ​ព្រលែង​គោ​ជល់​អោយ​ដេញ​វ័ធ​មនុស្ស​ដ៏​ពេញនិយម​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទៅ​ទស្សនា​រាប់​ម៉ឺន​នាក់​ទៅ​ពី​ជុំវិញ​ពិភពលោក​។​

​ក្នុង​ពិធី​កាលពី​ឆ្នាំ​២០១៩ មនុស្ស​ប្រាំ​បីនាក់​ត្រូវ​គោ​វ័ធ​អោយ​របួស មុន​វា​ត្រូវ​ផ្អាក​អស់​ពីរ​ឆ្នាំ​ដោយសារ​ជំងឺ​ឆ្លងកូវី​ដ​១៩​។​សរុប​មនុស្ស​១៦​នាក់​បាន​ស្លាប់​ដោយ​គោ​វ័ធ​ក្នុង​ពិធី​ប៉ម​ផ្លូណា សាន់ ហ្វែរ​មីន ហ្វី​សធី​វ៉ាល ចាប់តាំងពី​ឆ្នាំ​១៩១០ ហើយ​ជនរងគ្រោះ​​ចុងក្រោយ​គេ​ស្លាប់​នៅ​ឆ្នាំ​២០០៩​។​

​សូមបញ្ជាក់​ថា ការរត់​កាលពី​ថ្ងៃ​សៅរ៍​ជា​ព្រឹត្តិការណ៍​ទី​បី ក្នុងចំណោម​ព្រឹត្តិការ​ព្រលែង​គោ​ជល់​អោយ​ដេញ​វ័ធ​មនុស្ស​ចំនួន​ប្រាំបី​វគ្គដែល​គេ​មាន​ផែនការ​ធ្វើ​នៅ​ឆ្នាំនេះ​៕

​អ្នករត់​ពពាក់ពពូន​និង​ប្រញាយ​គ្នា​រត់​គេច​ពី​គោ​ស្នែង​ស្រួចៗ នៅ​ទីក្រុង​ប៉ម​ផ្លូណា​នៅអេ​ស្ប៉ាញ​ខាងជើង​កាលពី​ថ្ងៃ​សៅរ៍​ទី​៩​កក្កដា​