ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ (ខ.ភ.ម.) និងជាមេបញ្ជាការ បញ្ជាការដ្ឋាន អង្គរក្ស នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានរៀបចំប្រជុំដកពិសោធន៍បន្ទាន់ ជាមួយមេបញ្ជាការ មេបញ្ជាការរង នាយទាហានបង្គោលទាំងអស់ របស់បញ្ជាការដ្ឋានអង្គរក្ស ក្រោយហេតុការណ៍ធ្វើឃាតលើ ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រី ជប៉ុន ដែលត្រូវបានឃាតក បាញ់ប្រហារ ក្នុងកំឡុងពេលដែលកំពុងថ្លែងសុន្ទរកថា ក្នុងទីក្រុង ណារា (Nara) ភាគខាងលិចប្រទេសជប៉ុន សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នោះមក ។
លោកនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ ឱ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហានបង្គោលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងពង្រឹងបន្ថែមទៀត លើកិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំកំពូល របស់ជាតិ – អន្តរជាតិ ពិសេសនោះគឺ ការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ឱ្យបាន ១០០% ទោះក្នុងតម្លៃណាក៍ដោយ។
ទាក់ទងករណីឃាតកម្មនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះឃាតកម្មដ៏ព្រៃផ្សៃ លើលោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រី ជប៉ុន ក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិច ទីក្រុងណារ៉ា ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅព្រលប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ។
ទន្ទឹមគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការសោកសៅ និងតក់ស្លុត ចំពោះការទទួលមរណភាពរបស់លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ក្រោយត្រូវបានបាញ់ប្រហារ ក្នុងអំឡុងពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅព្រលប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាង ខ្លាំងបំផុតចំពោះ ឃាតកម្មដ៏ព្រៃផ្សៃនេះ។ លោក ស៊ីនហ្សូ អាបេ គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប របស់ជប៉ុន និងជាមិត្តភក្ដិ ជាទីគោរពស្រឡាញ់របស់កម្ពុជា ហើយមរណភាពរបស់លោក ស៊ីនហ្សូ អាបេ គឺជាការបាត់បង់ ដ៏គួរឱ្យសោកសង្រេងមិនត្រឹមតែសំរាប់ប្រជាជនជប៉ុន ប៉ុណ្ណោះទេ ប៉ុន្ដែក៏សំរាប់ប្រជាជនកម្ពុជា ផងដែរ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខ ដ៏ជ្រាលជ្រៅបំផុត និងសំដែងនូវ សមានចិត្ត ដ៏ស្មោះស្ម័គ្រជាទីបំផុត ជូនចំពោះគ្រួសារសពរបស់លោក ស៊ីនហ្សូ អាបេ រដ្ឋាភិបាល និងប្រជាជនជប៉ុន។
សូមជម្រាបថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានទទួលមរណភាព នៅទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រោយរងការបាញ់ប្រហារ ក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថា ឃោសនាបោះឆ្នោត នៅតំបន់ណារ៉ា នៅជប៉ុនខាងលិច។
ការស្លាប់របស់លោក ត្រូវបានបញ្ជាក់ដោយមន្ត្រី ក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក ទៅកាន់សារព័ត៌មានក្នុងស្រុក នៅប្រហែលប្រាំមួយម៉ោង ក្រោយការវាយប្រហារ នៅម៉ោង ១១ កន្លះព្រឹក ថ្ងៃទី៨ ខែកក្កដា នេះ និងកើតឡើង ក្រោយក្រុមវេជ្ជបណ្ឌិត ខ្នះខ្នែងសង្គ្រោះជីវិតរបស់លោក៕/V