ដោយៈ ភ្នំស្វាយ / ព្រះវិហារៈ សាលា រួមចិត្តនៅមុំបី (ចំណុចប្រសព្វព្រំដែនគោក លើខ្នងភ្នំដងរែក) នាឃុំតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកទល់បច្ចុប្បន្ន ចាស់ទ្រុឌទ្រោម បែកបាក់ ធ្លុះធ្លាយ ខូចខាត ភាគច្រើន ដោយសារធម្មជាតិ និងអាយុកាល ចំណាស់ ហើយពលរដ្ឋ និងកងកម្លាំង នៅទីនោះ ពិសេសភ្ញៀវទេសចរ បែបផ្សងព្រេង (Adventure Tour ) បានសំណូមពរដល់មន្ត្រីកងកម្លាំង ឬសប្បុរសជន ជួយជួសជុល ឱ្យល្អស្អាតឡើងវិញ។
ពលរដ្ឋ និងកងកម្លាំង នៅទីនោះ ពិសេសភ្ញៀវទេសចរ បែបផ្សងព្រេង ដែលបានទៅទស្សនា នៅតំបន់នោះ កាលពីថ្មីៗនេះ បានប្រាប់អ្នកយកព័ត៌មាន កាសែតរស្មីកម្ពុជាថាៈសាលារួមចិត្ត ជាស្ថាបត្យកម្ម និងសំណង់រចនាបថខ្មែរ ដែលសំណង់ឈើ ប្រក់ហ្វីប្រូស៊ីម៉ងតិ៍ បាតក្រោមចាក់ សាប រៀបការ៉ូរាង ៣ ជ្រុង ឬត្រីកោណ តម្កល់ពុទ្ធរូបនោះ បានសាងសង់តាំងពីចុងទសវត្សរ៍ ទី៩០ ។ សំណង់នោះ ស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា តែកៀកនឹងព្រំដែនគោក បីប្រទេស (ខេត្តព្រះវិហារ ប្រទេសកម្ពុជា ខេត្តឧប៊ុនរាជធានី ប្រទេសថៃ និងខេត្តចម្ប៉ាសាក់ ប្រទេសឡាវ) ។
នៅមិនឆ្ងាយពីចំណុចនោះ មានបន្ទាយកងទ័ព នគរបាលការពារព្រំដែន នៃប្រទេសទាំងបី ទីទៃពីគ្នា។ ប៉ុន្តែប្រទេសឡាវ និងថៃ គេមិនបានសាងសង់ សាលារួមចិត្តដូចកម្ពុជាទេ គឺគេតែងមកចូលរួមជួបប្រាស្រ័យ ទំនាក់ទំនង និងពិភាក្សាគ្នា នៅសាលារួមចិត្តរបស់កម្ពុជា។
ហើនាមុននេះ នៅទីនោះ ទុកដូចជាផ្សារណាត់មួយ ដែលពលរដ្ឋខ្មែរ ថៃ និង ឡាវ តែងយកទំនិញ ជាគ្រឿងឧបភោគ បរិភោគ របស់ប្រើប្រាស់ក្នុងគ្រួសារ មកលក់ដូរ នៅរៀងរាល់ចុងសប្តាហ៍ ឬ ខែ។
ប៉ុន្តែរូបភាពបែបនោះ លែងមានទៀតហើយ គឺចាប់ពីព្រឹត្តិការណ៍ប៉ះទង្គិចគ្នា នៅបណ្តោយ ព្រំដែន កម្ពុជា ថៃ ដែលផ្តើមពីការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភ័ណ្ឌ ពិភពលោក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ និងការយល់ច្រឡំគ្នា នៃករណីចំណុចព្រំដែន អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង របស់កងកម្លាំងកម្ពុជា និងឡាវ ។
ប្រភពដដែល បានបន្តថាៈ នៅសាលារួមចិត្ត ក៏ធ្លាប់មានមហាកិត្តិយស និងមោទនភាព ដែលបានការអញ្ជើញទៅទស្សនា និងបំពេញការងាររបស់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំនគរបាល និងក្រសួង ស្ថាប័នស៊ីវិល សប្បុរសជន ភ្ញៀវទេសចរ ពិសេសការអញ្ជើញទៅត្រួតពិនិត្យ និងសួរសុខទុក្ខ កងកម្លាំងការពារព្រំដែនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
ក្នុងនោះ ក្រុមវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ដឹកនាំដោយនាយឧត្តមសេនីយ៍ ខេង សុមេធ បានស្ថាបនាផ្លូវខេត្តលេខ២៩២ ជាដីក្រួស នៅឆ្នាំ២០០៩ ហើយបានកសាង ជាបេតុង នៅឆ្នាំ២០១៧ ពីវាលរាបឡើងចង្កេះ និងកំពូលភ្នំ នៅមុំបី តែនៅសល់ជិត ១ គីឡូម៉ែត្រទៀត ឬមានន័យថា មិនទាន់រួចរាល់ ដល់ចំណុចសាលារួមចិត្តនៅឡើយ។
រីឯក្រសួងធនធានទឹក និងឧតុនិយម បានកសាងទំនប់បង្ហៀរ នៅលើភ្នំ ទៅដល់មុំបី។
ចំណែកបណ្តាញប្រព័ន្ធទឹក ត្រូវបានពង្រាយ ។ សាលារៀន មណ្ឌលសុខភាព សាលាឃុំ បណ្តាញអង់តែន ប្រព័ន្ធទូរស័ព្ទ និងបានកសាង ឃុំតេជោមរកត ស្រុកជាំក្សាន្ត ។ ឥឡូវនេះ បណ្តាញអគ្គិសនីតង់ស្យុងមធ្យម ក៏បានភ្ជាប់ទៅលើភ្នំ គ្រាន់តែមិនទាន់ភ្ជាប់ ឱ្យប្រើប្រាស់ ប៉ុណ្ណោះ ។
ហេតុនេះ ប្រភពខាងលើ បានសំណូមពរៈ ទី១-ជួសជុល និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សាលារួមចិត្តឡើងវិញ ព្រោះវាមានអត្ថរូប អត្ថន័យ និងអត្ថរសសំខាន់ណាស់ សម្រាប់បូរណភាពទឹកដី មោទនភាពជាតិខ្មែរ ។ ទី២-កសាងផ្លូវបេតុង ឡើងទៅដល់ចំណុចសាលារួមចិត្ត តែម្តង។ ទី៣-ទម្លាក់បណ្តាញអគ្គិសនី និងទឹក ឱ្យបានប្រើប្រាស់ នៅគ្រប់ផ្ទះពលរដ្ឋ (គ្រួសារកងកម្លាំង) និងគ្រប់បន្ទាយ គោលដៅ។ ទី៤-សម្របសម្រួល ឱ្យមានផ្សារណាត់ ដោះដូរផលិតផលពលរដ្ឋ កម្ពុជា ថៃ ឡាវ នៅចំណុចសាលារួមចិត្ត ឡើងវិញ ។ល។
នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានក្រុមវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប បានប្រាប់ផ្ទាល់ដល់អ្នកយកព័ត៌មាន កាសែតរស្មីកម្ពុជា កាលពីថ្មីៗនេះថាៈ ករណីសំណើ ទាក់ទិនតំបន់មុំបីនោះ ចាំពិនិត្យមើលសិន ។ ព្រោះថា ក្រុមការងារ នៃក្រុមវិស្វកម្មនេះ បាននឹងកំពុងមមាញឹកខ្លាំងណាស់ លើការងារបន្ទាន់ចំពោះមុខ ដែលជាបទបញ្ជា និងអនុសាសន៍សម្តេចតេជោ ៕/V