ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ ប្រជាពលរដ្ឋបានសុំអន្តរាគមន៍ពីអភិបាលខេត្តកណ្តាល និងសាលាដំបូងខេត្តកណ្តាលឲ្យជួយរកយុត្តិធម៌ បន្ទាប់ពីមានមនុស្សមួយក្រុមដឹកនាំដោយឈ្មោះ ជីវ កុកសាយ និងគូកន បានយកគ្រឿងចក្រចូលឈូសឆាយលើដីកម្មសិទ្ធិរបស់គាត់ ដោយប្រើឈ្មោះអ្នកមានអំណាច។

លោក សៀង សាណា មេធាវីតំណាងលោកស្រី ឈិន អាយវីអ៉ីងកាវ បានប្តឹងលោក ជូ កុកសាយ ឬ ជីវ កុកសាយ និងបក្ខពួកទៅកាន់តុលាការខេត្តកណ្តាល ពីរឿងបំផ្លាញទ្រព្យសម្បត្តិ និងរំលោភចូលកាន់កាប់អចលនវត្ថុស្របច្បាប់របស់លោកស្រី នូវដីទំហំ 13,836 ម៉ែត្រក្រឡា ស្ថិតនៅភូមិ ព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដែលដីនេះលោកស្រីបានទិញ និងកាន់កាប់តាំងពីឆ្នាំ២០១៨ មកម៉្លេះ ដូចភ្ជាប់មកជាមួយនូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១១០៥០៥-១០៥៩ ចុះថ្ងៃទី០៨-១១-២០១៨ និងលេខ០៨១១០៥០៥-១០២៥ចុះថ្ងៃទី១១-០៧-២០១៨ ចេញដោយប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា កាលពីដើមខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានមនុស្សមួយក្រុមដឹកនាំដោយឈ្មោះ ជីវ កុកសាយ និងគូកន បានចូលទៅឈូសឆាយ កាយអាចម៍ដី មានឡានដឹកដី និងគ្រឿងចក្រ ប្រដាប់ដោយឯកសណ្ឋាន មិនដឹងជាកងកម្លាំង ឬជាអ្វី បានមកចូលទន្រ្ទាន និងរំលោភចូលទីតាំងដីរបស់លោកស្រី (ម្ចាស់ដី) ដោយថា មេបញ្ជាឲ្យមក តែមិនបានបញ្ជាក់អត្តសញ្ញាណ ឬឈ្មោះមេនោះឈ្មោះអ្វីនោះទេ ហើយបានព្យាយាមលាក់បាំងមិនបញ្ចេញឈ្មោះមេរបស់ពួកគេស្ថិតនៅពីក្រោយសកម្មភាពរំលោភបំពាននេះ។
មេធាវីជនរងគ្រោះ (ម្ចាស់ដី) បានបញ្ជាក់ថា ផ្នែកតាមអង្គហេតុ និងអង្គច្បាប់ និងភស្តុតាងដែលរៀបរាប់ខាងលើបានរៀបរាប់ខាងលើ គឺមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ សម្រាប់ធ្វើការចោទប្រកាន់ឈ្មោះខាងលើ ហើយ ។ ហេតុនេះ លោកបានពិនិត្យនិងរៀបចំពាក្យបណ្តឹងប្តឹងទៅតុលាការ និងសូមស្នើសុំលោកព្រះរាជអាជ្ញាបើកការស៊ើបអង្កេតលើអង្គហេតុខាងលើតាមនីតិវិធីហើយធ្វើការចោទប្រកាន់ទៅឈ្មោះ ជីវ កុកសាយ និងបក្សពួក ពីបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា និងរំលោភចូលកាន់កាប់អចលនវត្ថុអ្នកដទៃដោយខុសច្បាប់ និងសុំទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់។
ជាមួយគ្នានេះ ជនរងគ្រោះ បានទទូចសុំឲ្យតុលាការខេត្តកណ្តាលផ្តល់កិច្ចអន្តរាគមន៍ជាបន្ទាន់ និងបញ្ឈប់សកម្មភាព និងនាំជនល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់ កុំឲ្យជនល្មើសទៅលួចប្លន់ ឬរំលោភដីប្រជាពលរដ្ឋ និងអ្នកដទៃបានតាមទំនើងចិត្តទៅថ្ងៃមុខទៀត ។
ទាក់ទងករណីនេះ លោកជីវ កុកសាយ មិនអាចអាចសុំការអត្ថាធិប្បាយបានទេ នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ៕