ដោយ: មុនីរ័ត្ន / ភ្នំពេញ: លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា គោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាលើកតម្កើងមោទនភាពជាតិខ្មែរ តាមរយៈការជួយកសាងពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋ ដើម្បីមានលទ្ធភាពអាចចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាក៏នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្ត នៅទូទាំងសាកលលោក ដើម្បីស្វែងរកឱកាសបន្ថែមទៀតក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងការទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ។

ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តដុងឧត្តម ស្ថិតនៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យការប្រតិបត្តិសាសនានានៅកម្ពុជា មានដំណើរការទៅប្រកបដោយភាពសុខដុមរមនា ពុំមានការឈ្លោះទាស់ទែង ការរើសអើង និងភាពជ្រុលនិយមណាមួយឡើង ដែលនេះគឺជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកដល់ការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ធានាបាននូវ សន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះលោក ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអបអរសាទរសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ចំណុះ ជើងវត្តដុង្គឧត្តមទទួលបាន សម្រាប់ជាទីសក្ការៈតម្កល់ទុកក្នុង និងជាប្រយោជន៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ។ ទីអារាមដែលមានអាយុកាលជាង ២០០ ឆ្នាំនេះ បានឆ្លងកាត់នូវដំណាក់កាលនៃសង្គ្រាមបំផ្លិចបំផ្លាញជាច្រើន ហើយទើបតែជាង ៤០ ឆ្នាំចុងក្រោយនេះ ដែលមានឱកាសកសាងនូវសមិទ្ធផលនានា ដែលពុំធ្លាប់មានពីមុនមក ដោយសារកត្តាស្ថិរភាពសង្គម និងម្លប់នៃសន្តិភាព ដែល គ្រប់ដណ្តប់ពាសពេញផ្ទៃប្រទេស៕