ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង​។ ក្នុងនោះ មាន​ព្រឹត្តិការណ៍​លេចធ្លោ​មួយចំនួន ដូចជា គម្រោង សម្តេច​តេ​ជោ សម្រាប់​សកម្មភាព​មីន​» ដើម្បី​កម្ពុជា ឈានទៅ​គ្មាន​គ្រាប់មីន នៅ​ឆ្នាំ​២០២៥ រួមទាំង​ការអនុវត្ត​ប្រាក់​សោធន​និវត្តន៍ ដល់​វិស័យ​ឯកជន និង​ការ ចូលរួម​កាន់ទុក្ខ ចំពោះ​មរណភាព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្ស៊ូ អា​បេ ជាដើម​។

១- សម្តេច​តេ​ជោ ហ៊ុន សែន បង្កើត «​គម្រោង​សម្តេច​តេ​ជោ សម្រាប់​សកម្មភាព​មីន​» ដើម្បី​កម្ពុជា ឈានទៅ​គ្មាន​គ្រាប់មីន នៅ​ឆ្នាំ​២០២៥ កាលពី​ថ្ងៃទី​៣ កក្កដា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន​កម្ពុជា បានសម្រេច​បង្កើត «​គម្រោង​សម្តេច​តេ​ជោ សម្រាប់​សកម្មភាព​មីន Samdech Techo Project for Mine Action_STP – MA” ក្រោម​មូលបទ “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​»​។ តាមរយៈ​គម្រោង​នេះ សប្បុរសជន អាច​ចូលរួម​វិភាគទាន ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​បោសសម្អាត​មីន នៅក្នុង​ប្រទេស​កម្ពុជា​យើង ដូច​អ្វីដែល​សម្តេច​តេ​ជោ បានប្រកាស​ក្នុង​ទិវា​មច្ឆជាតិ ថ្ងៃ​១​កក្កដា នៅក្នុង​ខេត្ត បន្ទាយមានជ័យ​។

២- កម្ពុជា ចាប់​អនុវត្ត​ប្រាក់​សោធន​និវត្តន៍ ដល់​វិស័យ​ឯកជន រាជរដ្ឋាភិបាល កម្ពុជា បានប្រកាស ចាប់ផ្ដើម​អនុវត្ត​ប្រាក់​សោធន​និវត្តន៍ ឬ​ប្រាក់ខែ​រ៉ឺ​ត្រែ​ត សម្រាប់ វិស័យ​ឯកជន ដែល​អាច​ទទួលបាន​អត្ថប្រយោជន៍ ដូចនឹង​បុគ្គលិក ក្នុង​វិស័យ​រដ្ឋ ដែរ​។ ចំពោះ​ការអនុវត្ត​ប្រាក់​សោធន​និវត្តន៍ សម្រាប់​វិស័យ​ឯកជន​នេះ គឺ​ចាប់​អនុវត្ត ពីថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ តទៅ​។

៣-​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ចូលរួម​កិច្ចប្រជុំ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៧ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​៤ ខែកក្កដា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ បរទេស មេគង្គ​-​ឡាន​ឆាង លើក​ទី​៧ បានរៀបចំ​ធ្វើជា​ផ្លូវការ នៅ​ទីក្រុង​បា​ហ្កា​ន ប្រទេស​មី​យ៉ាន់​ម៉ា​។ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ បរទេស​កម្ពុជា ដែល​ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច នៅ​មី​យ៉ាន់​ម៉ា ក្នុងនាម​ជា​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន គឺជា​តំណាង​ប្រទេស​កម្ពុជា និង​បាន​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​ដ៏​សំខាន់​នេះ ជាមួយ​រដ្ឋមន្ត្រីការបរទេស ឡាវ ថៃ មី​យ៉ាន់​ម៉ា វៀតណាម និង​រដ្ឋមន្ត្រីការបរទេស​ចិន ក្រោម​ប្រធានបទ សាមគ្គីភាព ដើម្បី​សន្តិភាព និង​វិបុលភាព​។

៤-​ព្រះមហាក្សត្រ​៖ កម្ពុជា យកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះ​ទំនាក់ទំនង ជាមួយ​សហរដ្ឋអាមេរិក នៅក្នុង​សប្តាហ៍​នេះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រះរាជបន្ទូល​ថា ព្រះរាជាណាចក្រ​កម្ពុជា យកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះ​ទំនាក់ទំនង ជាមួយ​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​ព្រះរាជសារ ព្រះមហាក្សត្រ ប្រទាន​ជូន​លោក ចូ បៃ​ឌិន ប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​អាមេរិក ថ្ងៃ​៤ កក្កដា​។

៥- រដ្ឋសភា រៀបចំ​សន្និសីទ​អន្ដរជាតិ លើកទីមួយ ស្ដីពី ការកសាង​សន្តិភាព ប្រកបដោយ​ចីរភាព នៅ​អាស៊ី​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី​៥ ខែកក្កដា រដ្ឋសភា បានរៀបចំ​សន្និសីទ​អន្ដរជាតិ ស្ដីពី ការកសាង​សន្តិភាព ប្រកបដោយ​ចីរភាព នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។ សន្និសីទ នៅ​វិមាន​រដ្ឋសភា​នេះ មានការ​ចូល រួម​ពី​សមាជិក សមាជិកា​រដ្ឋសភា និង​ថ្នាក់ដឹកនាំ សហព័ន្ធ​សន្ដិភាព​សកល ដែល​រួមមាន ប្រទេស​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ផងដែរ​។

៦- សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​រថយន្ត​ចង្កូត​ស្តាំ មិនចាំបាច់​ប្តូរ​ចង្កូត តែ​ត្រូវ​បង់ពន្ធ​ជា​ចាំបាច់ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​សំណេះសំណាល ជាមួយ​ប្រតិភូ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​វិមាន​សន្តិភាព​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​អនុញ្ញាត ឱ្យ​រថយន្ត​ចង្កូត​ស្តាំ ដែលមាន​វត្តមាន នៅ​កម្ពុជា​ស្រាប់ បច្ចុប្បន្ន អាចធ្វើ​ចរាចរណ៍ បាន ដោយ​មិនចាំបាច់​ប្តូរ​ចង្កូត​ពីស្តាំ ទៅ​ឆ្វេង​ទេ តែ​តម្រូវឱ្យ​បង់ពន្ធ​ជា​ចាំបាច់​។ ក្រៅពី​បានសម្រេច​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ព្រមាន​ចាត់វិធានការ​ក្តៅ ចំពោះ​ការ​លួច​នាំចូល​រថយន្ត​ចង្កូត​ស្តាំ ដោយ​គ្មាន​ការលើកលែង​ឡើយ​។

៧-​សម្តេច ហ៊ុន សែន ណែ​នាំឱ្យ​បង្កើត​កុង​ធនាគារ សម្រាប់​ពលរដ្ឋ​ទូទៅ ចូលរួម​ថវិកា ដើម្បី​បោសសម្អាត​មីន ក្នុងឱកាស​អញ្ជើញ​សំណេះ សំ​ណា​ល ជាមួយ​ប្រតិភូ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​បង្កើត​កុង​គណនី​ធនាគារ សម្រាប់​ពលរដ្ឋ​ទូទៅ ចូលរួម​ថវិកា ដើម្បី​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ មិនទាន់​ផ្ទុះ​។ សេចក្តីណែនាំ​ផ្ទាល់មាត់​ដូច្នេះ បានធ្វើ​ឡើង ក្រោយពី​ពលរដ្ឋ​ទូទៅ ក្រៅពី​អ្នកជំនួញ និង​ឧកញ៉ា មានបំណង​ចង់​ចូលរួម​ថវិកា​ជាមួយ រាជរដ្ឋាភិបាល​ដែរ តែ​មិនដឹង​ធ្វើ​ដូចម្តេច​។ ភ្លាមៗ កុង​ធនាគារ នៅ ៣ ធនាគារ ត្រូវបាន​បង្កើតឡើង នៅ​ធនាគារ ABA ធនាគារ អេស៊ីលីដា និង​នៅ​ធនាគារ កាណាឌីយ៉ា ដោយមាន ទទួល​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​។ គិត​ត្រឹម​រសៀល​ថ្ងៃទី​៦ ខែកក្កដា សប្បុរសជន បាន​ចូលរួម​ថវិកា សម្រាប់​បំផ្លាញ​មីន នៅ​កម្ពុជា បាន​ជាង ១៥ លាន​ដុល្លារ និង​ជាង ១៩០​លាន​រៀល​។​

៨- សម្តេច​តេ​ជោ ហ៊ុន សែន អំពាវ​ឱ្យ​សន្សំសំចៃ​អគ្គិសនី ក្រោយ​អគ្គិសនី​កម្ពុជា ជួប​វិបត្តិ​ខាតបង់​ថវិកា​ជាង ១០០ លាន​ដុល្លារ នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​កីឡាករ អាស៊ាន​ប៉ា​រ៉ា​ហ្គេម នា​ព្រឹក​ថ្ងៃទី​៦ កក្កដា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា រាប់ទាំង​មន្ត្រីរាជការ​ផង រួមគ្នា​សន្សំសំចៃ អគ្គិសនី ក្រោយ​អគ្គិសនី​កម្ពុជា ជួប​វិបត្តិ ដោយ​ខាតបង់​ថវិកា ជាង ១០០ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២២​នេះ​។ ការខាតបង់​ថវិកា​របស់ EDC នេះ គឺ​មិន​ធ្លាប់មាន​ក្នុង ប្រវត្តិសាស្ត្រ ហើយ​រាជរដ្ឋាភិបាល ត្រូវ​ចេញថ្លៃ​ខាតបង់​ជំនួស​ពលរដ្ឋ ដើម្បី​បញ្ចៀស​ការឡើង​ថ្លៃ​អគ្គិសនី​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ការឡើង​ថ្លៃ អគ្គិសនី​នេះ បណ្តាលមកពី​ឥទ្ធិពល​សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ក៏ដូចជា​បញ្ហា ទណ្ឌកម្មសេដ្ឋកិច្ច​ផងដែរ​។

៩-​សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប​គម្រប់ ១៤​ឆ្នាំ នៃ​ការដាក់បញ្ចូល ប្រាសាទព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៧ ខែកក្កដា គឺជា​ខួប លើក​ទី​១៤​ឆ្នាំ នៃ​ការចុះបញ្ជី “​ប្រាសាទព្រះវិហារ​” ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨-​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២​។ ដើម្បី​អបអរសាទរ​ខួប​គម្រប់ ១៤​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ និង​បានប្រកាស​អំពាវនាវ ដល់​ជនរួមជាតិ សូម​ចូលរួម​ថែរក្សា​ការពារ​ប្រាសាទបុរាណ​ទាំងអស់ នៅ​ទូទាំងប្រទេស ឱ្យបាន​គង់វង្ស ដើម្បី​កូនចៅ​ខ្មែរ​គ្រប់ៗ​ជំនាន់​។

១០- ប្រទេស​ឡាវ បង្ហាញ​ជំហរ​គាំទ្រ​កម្ពុជា ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន និង​ការផ្តួចផ្តើម​របស់​កម្ពុ​ជា ក្នុងការ​រួមចំណែក​ដោះស្រាយ បញ្ហា​ផ្ទៃក្នុង​មី​យ៉ាន់​ម៉ា
​ប្រទេស​ឡាវ តាមរយៈ​រដ្ឋមន្ត្រីការបរទេស លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត បានបង្ហាញ​ជំហ​របស់ខ្លួន គាំទ្រ​កម្ពុជា ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន ដែល​បាន ផ្តួចផ្តើម​គំនិត​រួមចំណែក​ដោះស្រាយ បញ្ហា​ផ្ទៃក្នុង​មី​យ៉ាន់ ។ ជំហរ​របស់​ប្រទេស ឡាវ​នេះ បានធ្វើ​ឡើង ក្នុងឱកាស ដែល​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ បរទេស​ឡាវ លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ជួប សំដែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ នេះ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ មុនពេល​លោក​រដ្ឋមន្ត្រីការបរទេស​ឡាវ ចូលរួម​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មការ​ចម្រុះ សម្រាប់​កិច្ចសហប្រតិបត្តិការ ទ្វេភាគី (JCBC) កម្ពុជា​-​ឡាវ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៧ ខែកក្កដា​។

១១- សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប ៥​ឆ្នាំ នៃ​ការដាក់បញ្ចូល តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ ជា​ខួប ៥​ឆ្នាំ​ហើយ នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ថ្ងៃទី​៨ កក្កដា ២០១៧-​ថ្ងៃទី​៨ កក្កដា ២០២២​។ ដើម្បី​អបអរសាទរ​ខួប ៥​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៨ កក្កដា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុ​កថា «​ការដាក់ សម្បត្តិ​វប្បធម៌ និង​ប្រាសាទបុរាណ​ទាំងនេះ មិន​ត្រឹមតែ​ទទួល​បានការ​គាំពារ ជា​អន្តរជាតិ​នោះទេ តែ​ក៏បាន​ជួយ​ផ្សព្វផ្សាយ​សម្បត្តិ​វប្បធម៌ និង​ប្រាសាទបុរាណ របស់​ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​ផងដែរ​។ ក្រោយ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក ប្រាសាទសំបូរព្រៃគុក បាន​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏​ទាក់ទាញ​មួយ​ផងដែរ​»​។

១២- គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី ការគ្រប់គ្រង ចំណូល​មិនមែន​សារពើពន្ធ និង​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ កិច្ចប្រជុំពេញអង្គ គណៈ រដ្ឋមន្ត្រី ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រ កម្ពុជា នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២​នេះ បានសម្រេច​អនុម័ត​ទាំងស្រុង លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ និង​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​។ ក្រៅពី​អនុម័ត​ទាំងស្រុង លើ​សេចក្ដីព្រាងច្បាប់ ទាំងពីរ​ខាងលើ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រ ទី​៨ ខែកក្កដា ក៏បាន​ពិភាក្សា​ឆ្លង​របៀបវារៈ​សំខាន់ៗ មួយចំនួន​ផ្សេងទៀត ដើម្បី​ស្នើសុំ​ការ យល់ព្រម ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ផងដែរ​។

១៣-​វ៉ាក់សាំង Pfizer ជិត ២០ ម៉ឺន​ដូ​ស ដែលជា​ជំនួយ​របស់​អូស្ត្រាលី បាន​ដឹក​មកដល់​កម្ពុជា​ហើយ វ៉ាក់សាំង Pfizer ជិត ២០ ម៉ឺន​ដូ​ស ដែលជា ជំនួយ​របស់​ប្រទេស​អូស្ត្រាលី បាន​ដឹក​មកដល់​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែកក្កដា ឆ្នាំ​២០២២ នេះ​។ ពិធី​ប្រគល់ និង​ទទួល​ជំនួយ​វ៉ាក់សាំង​នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា លោក ប៉ា​ប្លូ កាំ​ង ( Pablo Kang ) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

១៤- អាជ្ញាធរ​មីន​កម្ពុជា ដាក់​ផែនការ​បោសសម្អាត​គ្រាប់មីន នៅ​ខេត្ត​ត្បូងឃ្មុំ តាកែវ និង​កំពត ឲ្យ​អស់​ត្រឹម​ដើមឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​៧ ខែកក្កដា អាជ្ញាធរ​មីន កម្ពុជា បានប្រកាស​ដាក់​ផែនការ បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ឱ្យអស់​នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តតាកែវ និង​ខេត្តកំពត យ៉ាងយូរ​នៅត្រឹម​ឆ្នាំ​២០២៣​។ ជាមួយគ្នានេះ អាជ្ញាធរ​មីន​កម្ពុជា កំណត់​ខេត្ត​ត្បូងឃ្មុំ ដែលមាន​ផ្ទៃដី​មាន គ្រាប់មីន​ជាង ៤ គីឡូម៉ែត្រ​ក្រឡា ប្រគល់ជូន​កងទ័ព​មួក​ខៀវ ជា​អ្នក​ទទួលខុស ត្រូវ​ប្រតិបត្តិការ​បោសសម្អាត រីឯ​ខេត្តតាកែវ និង​ខេត្តកំពត ប្រគល់ជូន​អង្គភាព ស៊ីម៉ាក​។

១៥-​កម្ពុជា កាន់​មរណទុក្ខ ជូន​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ​
​កាលពី​ល្ងាច​ថ្ងៃទី​៨ ខែកក្កដា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លិខិត​ជូន​លោក គី​ស៊ី​ដា ហ្វឹ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន ដើម្បី​ចូល រួម​រំលែក​ទុក្ខ ចំពោះ​មរណភាព​របស់លោក អា​បេ សិន​ហ្សូ ដោយសារ​ការបាញ់ ប្រហារ នៅថ្ងៃនេះ​។ តាម​សម្តេច​តេ​ជោ ហ៊ុន សែន លោក អា​បេ ស៊ីន​ហ្សូ ជា​រដ្ឋបុរស​ជប៉ុន លេចធ្លោ​មួយរូប ដែល​ត្រូវបានគេទទួលស្គាល់ និង​លើកសរសើរ យ៉ាង​ទូលំទូលាយ​។ លោក អា​បេ ស៊ីន​ហ្សូ ក៏​ជា​មិត្ត​ល្អ​យូរលង់​របស់​សម្តេច និង​កម្ពុជា ហើយ​លោក អា​បេ ស៊ីន​ហ្សូ នឹង​នៅតែ​ទទួល​បានការ​នឹករលឹក​យ៉ាងខ្លាំង ហើយ​ស្នាដៃ​របស់គាត់ ក៏​នឹង​ត្រូវបាន​ចងចាំ ជា​រៀងរហូត​។​

​បន្ថែម​លើ​សារលិខិត ខាងលើនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​ផ្ទាល់មាត់ នៅ​ម៉ោង ៣ និង ២០​នាទី យប់​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២២ ដោយ​សម្រេច​កាន់​មរណទុក្ខ ជូន​សព​លោក​អតីត​នាយករដ្ឋមន្ត្រី ស៊ិន​ហ្ស៊ូ អា​បេ ដោយ​បង្ហូតទង់ជាតិ ត្រឹម​ពាក់កណ្តាល​ដង នៅតាម​ស្ថាប័ន​ជាតិ និង​ស្ថាប័នឯកជន នា​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ឆ្នាំ​២០២២​។​

​ដោយឡែក ក្រសួងទេសចរណ៍ ក៏បាន​ចេញ​លិខិត​ណែនាំ ឱ្យ​ម្ចាស់ ឬ​អ្នក​គ្រប់ គ្រង​អាជីវកម្ម​ខារ៉ាអូខេ (KTV) ក្លិប​កម្សាន្ត​រង្គសាល​-​ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន នៅ​ទូទាំង រាជធានី ខេត្ត ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​រយៈពេល ១ (​មួយ​) ថ្ងៃ គឺ​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២​។ ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ក៏ត្រូវ​ផ្អាក​សកម្មភាព​លក់​គ្រឿង​ស្រវឹង រយៈពេល ១ (​មួយ​) ថ្ងៃ គឺ​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​កាន់​មរណទុក្ខ ជូន​អតីត​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ ផងដែរ​៕/V​-PC